អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការសន្ទនារវាងអ្នកនយោបាយខ្មែរ មិនទាន់អាចកែទម្លាប់ចាស់ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចាប់​សមាជិក​គណ​បក្សប្រឆាំង​បញ្ចូល​ពន្ធនាគារ​ជាថ្មី នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ចង្អុល​ថា វប្បធម៌​សន្ទនា​មិនអាច​បញ្ចប់ទំនាស់រ​វា​ង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង​ទេ។ វប្បធម៌​នេះ​បាន​ត្រឹម​បង្ខិត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រមុខ​បក្សប្រឆាំង សម រង្ស៊ី ឱ្យ​ស្និត​ជាង​មុន ប៉ុន្តែ​មិនបាន​កែ​ទម្លាប់​ចាក់​គ្នា​ពីក្រោយ​ឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

 

«វប្បធម៌​សន្ទនា»រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ម​គ្គុ​ទ្ទេស​ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ខិត​ទំនាក់ទំនង​របស់លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ឱ្យ​ស្និទ​ស្នាល​នឹង​គ្នា​មិន​ធ្លាប់មាន​ពីមុនមក។ តាមរយៈ​ការចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូត​សម្រេចបាន​កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ចំណង​មេត្រីភាព ហ៊ុន សែន-សម រង្ស៊ី រឹតតែ​ជ្រាលជ្រៅ ពេល​អ្នកនយោបាយ​ទាំងពីរ​រូប​បាន«ប្តេជ្ញា​អនុវត្ត​វប្បធម៌​សន្ទនា​ឱ្យមាន​ប្រសិទ្ធភាព»។

ប្រធាន​បក្ស​កាន់អំណាច និង​មេបក្ស​ប្រឆាំង ល្អូក​ល្អឺ​ន​នឹង​គ្នា ដល់​កម្រិត​មួយ​ដែល​អាចឱ្យ​គ្រួសារ​ទាំងពីរ​ត្រកូល ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំគ្នា បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ក្នុង​ពិធី​ជួបជុំ​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី ជាមួយគ្នា​រួច។ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បានប្រែក្លាយ​ទំនាក់ទំនង​ទៅវិញទៅមក ពី​ភាពជា​ទឹក និង​ប្រេង ឱ្យទៅជា​ទឹក និង​ត្រី។ ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​អបអរសាទរ​អ្នកនយោបាយ​ខ្មែរ​ទាំង​ពីររូប។

ប៉ុន្តែ ការ​ត្រូវរ៉ូវ​គ្នា​ពេលបច្ចុប្បន្ន​នៃ​អតីត​គូប្រកួត​នយោបាយ​ដ៏​ភ្លូកទឹកភ្លូកដី​នេះ ជា​ល្បែង​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ។ ជាក់ស្តែង គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងដណ្តើម​អំណាច មិនមាន​ផលប្រយោជន៍​រួមគ្នា​ទេ។

ក្នុងនាម​ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ដឹកនាំ​គណបក្ស​របស់លោក ឆ្ពោះទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោត​សភា​នៅ​ឆ្នាំ២០១។ ដូច្នេះ ទោះ​តម្លៃ​ណាក៏ដោយ ឬ​ដោយ​មធ្យោបាយ​ណាក៏ដោយ «បុរស​ខ្លាំង​របស់​កម្ពុជា»នឹងមិន​បណ្តោយឱ្យ​គណបក្សកាន់អំណាច៤អាណត្តិ ជាប់ៗគ្នា​ចាប់តាំងពី​ឆ្នាំ១៩៩៨មក ចាញ់​ក្នុង​ដៃ​ខ្លួន​ជាដាច់ខាត។

ការអនុវត្ត​ជាក់ស្តែង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មិន​បោះបង់ចោល​យុទ្ធសាស្ត្រ​បំបែកបំបាក់​ដើម្បី​គ្រប់គ្រង​ឡើយ។ លោក ហ៊ុន សែន បង្ហាញ​ភាពជា​ដៃគូ​សន្ទនា​តែ​ជាមួយ​លោក សម រង្ស៊ី ហើយ​រិះគន់ និង​គំរាម​ទម្លាក់​លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ប៉ប៉ាច់ប៉ប៉ោច ចេញពី​តំណែង​អនុប្រធាន​ទី១រដ្ឋសភា។

លើសពីនេះ​ទៀត នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​​ចាប់​មន្ត្រី និង​អ្នកគាំទ្រ​គណបក្សប្រឆាំង១១នាក់ ដាក់ពន្ធនាគារ​ជាថ្មី បន្ទាប់ពី​បាន​លែង​ពួកគេ ឱ្យនៅ​ក្រៅ​ឃុំ ក្រោម​ការឃ្លាំមើល​របស់​តុលាការ​បាន​បី​ខែ ក្នុង​សំណុំរឿង​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ការចាប់ខ្លួន​ជាថ្មី​នេះ​បាន​កើតឡើង​មិនយូរប៉ុន្មាន ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខំ​កកាយ​រឿង​ពុករលួយ រឿង​ព្រំដែន​កម្ពុជា​វៀតណាម ហើយ​បាន​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​យ៉ាង​កងរំពង។

ពិត​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សម្លឹង​ទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខ ដូច​គណបក្សកាន់អំណាច​ដែរ ចាំបាច់​ត្រូវ​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន ដោយ​បន្តធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា តាម​ដែល​អាច​ធ្វើបាន។ ពេលដែល​ម្ចាស់ឆ្នោត​បច្ចុប្បន្ន​កាន់តែ​ចេះដឹង​ឡើង មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​យល់ថា ការ​ផ្តេកផ្តួល​លើ​វប្បធម៌​សន្ទនា និង​ការ​អង្គុយចាំតែ​អនុម័ត​ច្បាប់​ក្នុង​រដ្ឋសភា ជា​អត្តឃាត​នយោបាយ។ គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច​នៃ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​ឧទាហរណ៍​ស្រាប់។

ជា​អកុសល ការបង្ហាញ​ជំហរ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​កៀរគរ​ប្រជាជន​រាប់រយ រាប់ពាន់នាក់ ឱ្យទៅ​ពិនិត្យ​ព្រំដែន ដោយពេល​ខ្លះ​ខ្វះ​កិច្ចសហការ​ពី​អាជ្ញាធរ​ផង ធ្វើឱ្យ​រដ្ឋាភិបាល​ខ្មែរ​សម្រេច​សុំ​ខ្ចី​ផែនទី​កម្ពុជា តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ យកមក​ផ្ទៀងផ្ទាត់។ នេះ​ជា​អ្វីដែល​លោក ហ៊ុន សែន ចង់«បញ្ជៀ​ស និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល (...) ដើម្បី​កេងចំណេញ​ខាង​នយោបាយ (...) ដែលជា​ប្រការ​អាចបង្កើត​គ្រោះមហន្តរាយ​ដ៏​ធំធេង​ដល់​ជាតិ​កម្ពុជា​ទាំងមូល»។

មុន​ព្រឹត្តិការណ៍ថ្មីៗខាងលើ​បានកើត​ឡើង មនុស្ស​ជាច្រើន​បាន​ជឿថា វប្បធម៌​ស​ន្ទា​រវាង​ប្រធាន​គណបក្ស​ប្រជា​ជនក​ម្ព​ជា និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣ទាំងស្រុង ស្រប​ពេលដែល​អ្នកតំណាង​រាស្ត្រ និង​សមាជិក​គណបក្សប្រឆាំង​ទាំងឡាយ​បាន​នៅក្រៅ​ឃុំ ស្ថាប័ន​ជាតិសំខាន់ៗ ដូចជា​រដ្ឋ​សភា ព្រឹទ្ធសភា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​កែទម្រង់។ ទន្ទឹមនឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ទ​ទូល​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​តាម​ការទាមទា​រដែរ។

ប៉ុន្តែ​មកដល់​ពេលដែល​មានកា​រ​ចាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​ដល់២០ឆ្នាំ ឬ​តិច​បំផុត​ត្រឹម៧ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សន្ធឹកសន្ធាប់​ផង វារឹតតែ​ច្បាស់​ណាស់​ថា ការដោះស្រាយ​ទំនាស់​ផលប្រយោជន៍​រវាង​គណ​បក្សនយោបាយ​នៅ​កម្ពុជា មិនអាច​ចប់​បាន​ដោយ​វប្បធម៌​សន្ទនា​ទេ។ បើ​គិតដល់​ជម្លោះ​ប្រដាប់អាវុធ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខែកក្កដា ឆ្នាំ១៩៩៧ផង វប្បធម៌​នេះ​ជួយ​បាន​ត្រឹម​សម្រួល​ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​អតីត​គូប្រជែង​នយោបាយ​ដ៏​ជូរចត់ តាមរយៈ​ការ​តថ្លៃ​ត្រូវ​គ្នា ដើម្បី​ផលប្រយោជន៍​គណបក្ស​ប៉ុណ្ណោះ។ វា​មិនបាន​ជួយ​ប្តូរ​ទម្លាប់​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​ចូលចិត្ត​លាក់​កាំបិត​ស្នៀត ទុក​ចាក់​គ្នា​ពីក្រោយ​ខ្នង​ទេ។ 

ការសន្ទនា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ក៏​មិនទាន់បាន​ដោះស្រាយ​វិវាទ​ដីធ្លី កង្វះ​នីតិរដ្ឋ អំពើពុករលួយ ឬ​បូរណភាព​ទឹកដី ដែលជា​បញ្ហា​មួយចំនួន​ក្នុងចំណោម​បញ្ហាចម្បងៗរបស់​កម្ពុជា​នៅឡើយ​ដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ