អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទី​បំផុត វប្បធម៌​សន្ទនា ដាច់​ខ្យល់​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

វប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង ទំនង​ជា​ដាច់​ខ្យល់​ហើយ​នៅ​ពេល​នេះ​។ ដាច់​ខ្យល់ ព្រោះ​ជា​ជាង​ប្រើ​វប្បធម៌​សន្ទនា​ដោះ​ស្រាយ​បញ្ហា ថ្មី​ៗ​នេះ គេ​ឃើញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង លោក អ៊ុំ សំអាន​​។ ចំណែក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ទៀត​សោត ក៏​ត្រូវ​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការជុំ​ទិស ដោយ​គ្មាន​ការ​អើ​ពើ​ពី​សំណាក់​ដៃ​គូ​សន្ទនា​របស់​ខ្លួន​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​សោះ​តែ​ម្ដង​​។

ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​
ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ​នៅ​កម្ពុជា មាន​ភាព​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​ណាស់​ នៅ​អាណត្តិ​ទី​៥​នេះ​។ កម្ដៅ​នយោបាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ និង​បន្ត​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​។ សីតុណ្ហភាព​នយោបាយ​ចុះ​ត្រជាក់​បាន​ជិត​មួយ​ឆ្នាំ​។ គឺ​រហូត​ទាល់​តែ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ទើប​​ចាប់​ឡើង​កម្ដៅ​បន្ត​ទៀត ​រហូត​មក​ទល់​​ឆ្នាំ​២០១៦​នេះ​។

រំលឹក​ឡើង​វិញ វិបត្តិ​នយោបាយ​បាន​កើន​កម្ដៅ​ដល់​កម្រិត​កំពូល នៅ​ពេល​បក្ស​កាន់​អំណាច​ប្រើ​កម្លាំង បង្ខំ​ឲ្យ​បក្ស​ប្រឆាំង​បញ្ចប់​ការ​តវ៉ា​តាម​ដង​ផ្លូវ​។ ប៉ុន្តែ​ការ​តវ៉ា​តាម​ដង​ផ្លូវ​របស់​បក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ចប់​ទាំង​ស្រុង​ទេ គឺ​រហូត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១៥កក្កដា ឆ្នាំ​២០១៤ ក្នុង​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​។ យុទ្ធនាការ​កាល​ណោះ បាន​ផ្ដល់​ឱកាស​ឲ្យរដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន ចាប់​ខ្លួន​តំណាង​រាស្ត្រ​និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​​​។

​ដោយ​សារ​ព្រឹត្តិការណ៍​នេះ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា ហើយ​សម្រេច​ព្រម​ព្រៀង​គ្នា​បង្កើត​វប្បធម៌​សន្ទនា ដើម្បី​​​បញ្ចប់​ភាព​ជាប់​គាំង​ខាង​នយោបាយ នៅ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤​។ តាម​រយៈ​វប្បធម៌​សន្ទនា​នោះ ​កម្ដៅ​នយោបាយ​​​ធ្លាក់​ចុះ​វិញ​បន្តិច ហើយ​​តំណាង​រាស្ត្រ​និង​សកម្មជន​បក្ស​ប្រឆាំង ត្រូវ​បាន​ដោះ​លែង​។

ប៉ុន្តែ ចុង​ក្រោយ​នេះ បញ្ហា​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​រប៉ុយ ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ពុះ​កញ្ជ្រោល​ជា​ថ្មី​។ បញ្ហា​ទាំង​នោះ​រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួនសមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ ​ការ​វាយ​ប្រហារ​លើអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដឹង​តាម​ផ្លូវ​តុលាការ​លើ​លោក សម រង្ស៊ី រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា និង​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ជា​ដើម​។

​គ្មាន​ការ​ជួប​ចរចា​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ទេ​។ វប្បធម៌​សន្ទនា រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែល​ធ្លាប់​តែ​ដោះ​ស្រាយ​បញ្ហា​បាន ត្រូវ​គេ​ទុក​នៅ​កៀន​ជញ្ជាំង​។

​ថ្មី​ៗ​នេះ គេ​ឃើញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង លោក អ៊ុំ សំអាន​​។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថែម​ទាំង​បាន​ទូល​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ទៀត​ថា តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច រំលោភ​លើ​រដ្ឋធម្មនុញ្ញ តាម​រយៈ​ការ​បោះ​ឆ្នោត​សម្រេ​ចឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន​។ ប្រហែល​ជា​ដោយ​សារ​វប្បធម៌​សន្ទនា ដាច់​ខ្យល់ ឬ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​អ្វី​បាន ទើប​គណបក្ស​ប្រឆាំង​ងាក​មក​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​​វិញ​។

តើ​មាន​អ្វី​នៅ​ពី​ក្រោយ​មរណភាព​នៃ​វប្បធម៌​ស​ន្ទនា​? ចម្លើយ​សម្រាប់​សំណួរ​នេះ មាន​តែ​​​មួយ​គត់ គឺ​ភាព​មិន​ស្មោះ​ត្រង់​​រវាង​ដៃ​គូ​សន្ទនា​។ កន្លង​មក គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​ប្រកាន់​យក​វប្បធម៌​សន្ទនាតែ​នៅ​លើ​បបូរ​មាត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត ទាំង​សង​ខាង តិច​ឬ​ច្រើន​​ គឺ​សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​​ចាប់​ដៃ​ជាន់​ជើង​។  

ដំបូង​និយាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​ពី​ការ​សង្ស័យ​របស់​ខ្លួន​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​សង្ស័យ​នេះ កើត​ឡើង​តាម​រយៈ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ចំពោះ​ការ​ពិសារ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​លោក សម រង្ស៊ី​ ក៏​ដូច​ជា​​ការ​អុក​ឡុក​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង នៅ​​ក្នុង​រឿង​ព្រំដែន​​។

និយាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ សង្គ្រោះ​ជាតិ រង​គ្រោះ​ដោយ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង ឬ​នយោបាយ​លាក់​កាំបិត​ស្នៀត​ពី​ក្រោយ​ខ្នង​របស់​បក្ស​កាន់​អំណាច​​​ម្ដងហើយ​ម្ដង​​ទៀត នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​​​​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សម​រង្ស៊ី​ ការ​វាយ​ប្រហារ​និង​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ទៅ​លើ​ប្រមុខ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​​។

ថ្វី​ត្បិត​តែ​បក្ស​កាន់​អំណាច​អះអាង​ថា ចំណាត់ការទាំង​​នេះធ្វើ​ឡើង​តាម​នីតិវិធី​តុលាការ​ក៏​ដោយ ប៉ុន្តែ​បើ​ផ្អែក​តាម​បទ​ពិសោធ​កន្លង​មក បញ្ហា​ដូច្នេះ អាច​នឹង​​បញ្ចប់​ដោយវប្បធម៌​សន្ទនា ព្រម​ទាំង​​​កិច្ច​ព្រម​ព្រៀង​នយោបាយ។ ឥឡូវ​នេះ បើ​ទោះ​បី​ជា​បក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ពី​ភាព​រស់​រាន​មាន​ជីវិត​របស់​វប្បធម៌​សន្ទនា​ក៏​ដោយ ក៏​ប៉ុន្តែ​គេ​មិន​បាន​ឃើញ​ឡើយ ការ​ជួប​ប្រជុំជជែក​គ្នា​ដូច​ពី​មុន​​។ អវត្តមាន​នៃ​ជំនួប​នេះ សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​មរណភាព​នៃ​វប្បធម៌​សន្ទនា ដែល​កើត​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​នយោបាយ​។

ការ​ប្រស់​​ឲ្យ​​វប្បធម៌​សន្ទនា​ត្រឡប់​មក​មាន​ដង្ហើម​ឡើង​វិញ មិន​មែន​ថា​មិន​អាច​ធ្វើ​បាន​នោះ​​ទេ ប៉ុន្តែ​វា​ត្រូវ​ការ​ការ​ស្ម័គ្រ​ចិត្ត​ពី​ភាគី​សន្ទនា​ខ្លួន​ឯង​​។ ភាគី​សន្ទនា​ដែល​ជា​អ្នក​នយោបាយ​ ត្រូវ​តែ​ពង្រឹង​ទំនុក​ចិត្តរវាង​គ្នា តាម​រយៈ​កា​រជជែក​គ្នា​ដោយ​ស្មោះ​ត្រង់ និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ព្រោះបើគ្មានភាព​ស្មោះ​ត្រង់ និង​ការទុកចិត្តទេ វិបត្តិ​នយោបាយ​នៅ​តែ​កើត​ឡើង​ជា​ដរាប​ គ្មាន​ឡើយ​ដំណោះ​ស្រាយ​នយោបាយ​ដាច់​ស្រេច​និង​យូរ​អង្វែង​។ ជាការពិត​ហើយ​ថា ការងារ​នេះជារឿងពិបាក ប៉ុន្តែមិនមែនមិនអាចទៅរួចសោះនោះទេ។ វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ច្រើន​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ