អានតួអត្ថបទ
កម្ពុជា

តុលាការ​​មិន​​ឲ្យ​​គ្រូពេទ្យ​​ចូល​​ពិនិត្យ​​សុខភាព​​លោក​​ហុង សុខ​ហួរ​​នៅ​​ព្រៃ​ស​

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ បានសម្រេច​មិន​អនុ​ញ្ញា​ឲ្យ​វេជ្ជបណ្ឌិត​ឯកទេស​ចូលទៅ​ពិនិត្យ និង​ព្យាបាល​បញ្ហា​សុខភាព​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះទេ។ ការបដិសេដ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​មេធាវី​ការពារ​ក្តី​ដែល​បានដាក់​កាលពី​ថ្ងៃទី២១ កញ្ញា កន្លងទៅ។

លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​
លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​លិខិត​ជូនដំណឹង​របស់ខ្លួន​ទៅកាន់​មេធាវី​ការពារ​ក្តី​លោក​ហុង សុខ​ហុង លោក​កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានលើកឡើង​ពី​មូលហេតុ​នៃ​ការបដិសេដ​នេះ​ថា ដោយសារតែ​ពុំមាន​របាយការណ៍​ពី​មន្ត្រី​ពន្ធនាគារ​បញ្ជាក់​ពី​ជំងឺ​លោក​ហុង សុខ​ហួរ និង ម្យ៉ាងទៀត នៅ​ពន្ធនាគារ​ព្រៃ​ស មាន​សេវា​ព្យាបាល​ថែទាំ​សុខភាព​ចំពោះ​ជន​ត្រូវ​ចោទ​គ្រប់រូប​ហើយ។

ការបដិសេធ​នេះ ជាការ​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ឯកទេស​របស់​អង្គការ​លីកាដូ​ចូល​ពិនិត្យ និង​ព្យាបាល​លោក​ហុង សុខ​ហួរ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ពី​សំណាក់​មេធាវី​ការពារ​ក្តី​លោក​ជួង ជូ​ងី កាលពី​ថ្ងៃទី២១ កញ្ញា​កន្លងទៅ។ មែនទែនទៅ នេះ​មិនមែនជា​ការស្នើសុំ និង​ត្រូវបាន​ទាត់ចោល​ជា​លើកទីមួយ​នោះទេ។ កាលពី​ថ្ងៃទី២១ ខែសីហា លោក​ជូ​ង ជូ​ងី ធ្លាប់បាន​ដាក់ពាក្យ​ស្នើសុំ​ម្តង​រួចមកហើយ និង​ត្រូវបាន​បដិសេដ​ក្រោម​ហេតុផល​ដូចគ្នានេះ​ផងដែរ។

ក្នុងនាម​មេធាវី​ការពារ​ក្តី​លោក​ហុង សុខ​ហួរនោះ លោក​ជូ​ង ជូ​ងី បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបដិសេដ​ដល់​ទៅ​ពីរលើក​បែបនេះ។ លោក​បានចាត់ទុក​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ជាការ​រើសអើង​ខាង​នយោបាយ ។ រើសអើង​ខាង​នយោបាយ ក៏​ព្រោះថា កន្លងមក​លោក​បានក​ត់​សម្គាល់​ឃើញថា តុលាការ​បានអនុញ្ញាត​ឲ្យ​គ្រូពេទ្យ​របស់​អង្គការសិទ្ធិមនុស្ស​ចូលទៅ​ពិនិត្យ និង ព្យាបាល​អ្នក​ជាប់ឃុំ​ដែល​ជន​សាមញ្ញ​បាន តែ​ដោយឡែក​លោក​សុខ សុខ​ហួរ​ដែល​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង បែរជា​មិន​អនុញ្ញាត​ទៅវិញ។ យ៉ាងណាក៏ដោយ នៅពេលនេះ លោក​ជួង ជូ​ងី មិនទាន់បាន​សម្រេច​ថា នឹងត្រូវ​ធ្វើយ៉ាងណា​តទៅ​ទៀត​នៅឡើយ​ទេ។

សូមបញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃទី១៦ សីហា​កន្លងទៅ។ សមាជិក​ព្រឹទ្ធសភា​រូបនេះ រង​បទចោទប្រកាន់​ចំនួន​បី​គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើបាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​បទ​ញុះញង់​ឲ្យ​មាន​បទល្មើស​ម​ជ្ឈឹ​ម ឬ​ឧក្រិដ្ឋ​មិន​សម្រេច។ ការចោទប្រកាន់​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​ថ្លែង​ទាក់ទង​ផែនទី និង សន្ធិសញ្ញា​នានា​នៃ​ព្រំដែន​កម្ពុជា និង វៀតណាម។

តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី២៦ សីហា ក៏​ធ្លាប់បាន​ទាត់​ទោល​សំណើសុំ​ចូលទៅ​សួរសុខទុក្ខ​លោក​ហុង សុខ​ហួរ នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ផងដែរ ក្រោម​ហេតុផល​ថា កំពុងបើក​ការ​ស៊ើបសួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ