អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

អុំទូក៖ ស្រោម​អនាម័យ​ជាង​៣ម៉ឺន​ស្រោម​​ចែកជូន​ដោយ​មិន​គិត​ថ្លៃនិង​២០​ម៉ឺន​ស្រោម​ទៀត​ត្រៀម​បំរុង​ទុក

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង នឹង​ជំងឺ​អេដស៍​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​នានា​បាន​រៀប​ចំ​យុទ្ធនាការ អប់រំ  ត្រៀម​ចែក​ស្រោម​អនាម័យ​ជាង​៣ម៉ឺន​ស្រោម​និង​ត្រៀម​បំរុង​ទុក​២០​ម៉ឺន​ស្រោមក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យអុំទូក​រយៈ​ពេល​បី​ថ្ងៃ​នេះ។ ជា​យុទ្ធការ​ដើម្បី​ពារ​សុវត្ថិ​ភាពពល​រដ្ឋ​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

អង្គការ​និង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​អេដស៍​គ្រោង​នឹង​ចែកចាយ​ស្រោមអនាម័យ​ច្រើន​សែន​ស្រោម​ជូន​ដល់​អ្នក​ចូលរួម​ពិធី​បុណ្យ​អុំទូក​នាពេលកន្លងមក
អង្គការ​និង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​អេដស៍​គ្រោង​នឹង​ចែកចាយ​ស្រោមអនាម័យ​ច្រើន​សែន​ស្រោម​ជូន​ដល់​អ្នក​ចូលរួម​ពិធី​បុណ្យ​អុំទូក​នាពេលកន្លងមក © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ស្រោម​អនាម័យ​ជាង​៣ម៉ឺន​ស្រោម​នេះ ត្រៀម​ចែក​ជូន​ពលរដ្ឋ​ភាគ​ច្រើន​ជា​បុរស​ដោយមិន​គិត​ថ្លៃ។ ចំណែក២០ម៉ឺនស្រោមទៀតត្រៀមទុកបំរុងពេលខ្វះខាត។ ពលរដ្ឋ​អាច​ទៅ​ទទួល​ស្រោម​​​​អនាម័យ​ដោយ​មិន​គិត​ថ្លៃ​នេះ​បាន​នៅ​ត្រើយខាង​កើត​ស្ពាន​ជ្រោយ​ចង្វារ​ដែល​ជាទី​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​អុំ​ទូក។ ទៅ​ដល់​ទីនោះ​យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​ធ្វើ​ឡើង​តាមរយៈការ​ប្រគុំ​តន្ត្រី​ផ្សព្វ​ផ្សាយ​ជុំវិញ​សារ​អប់​រំ​សុខ​ភាព។

ក្រៅ​ពី​ផ្ដល់​ជូន​ស្រោម​អនាម័យ​ដោយ​មិន​គិត​ថ្លៃ​ហើយ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង នឹងជំងឺ​អេដស៍​សហការ​ជាមួយ​អង្គការ​ពាក់​ព័ន្ធ​នានា​បាន​រៀបចំ​កម្មវិធី​មួយ​ចំនួន​ទៀត​ដូចជា៖ ការ​ឆ្លើយ​សំណួរ​ដើម្បី​បាន​កាដូ​លើក​ទឹក​ចិត្ត ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត និង ការ​ប្រឹក្សា​យោបល់​ជា​ដើម។ បន្ថែម​ពី​លើ​នេះ​ទៀត​ទាំង​អាជ្ញាធរ​ក្រុង​និង​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​អេដស៍​បាន​សហការ​គ្នា​ក្នុង​ការ​ចង់​បដា​នៃ​សារ​អប់រំ​ចំនួន៦០​ផ្ទាំង​នៅ​បណ្ដោយ​ផ្លូវ​ដែល​ចូល​មក​កាន់​រាជធានី​ភ្នំពេញ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ លោក តែង គន្ធី អគ្គ​លេខា​ធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​អេដស៍​អះ​អាង​ថា ស្រោម​អនាម័យ​បាន​ត្រៀម​បំរុង​ទុក​លើស​ពី​ចំនួន​ជាង​៣ម៉ឺន​ស្រោម​នេះ​ទៅ​ទៀត​ពោល​គឺ​មិន​ខ្វះ​ទេ​នៅ​ក្នុង​ការ​ចែក​ជូន ឲ្យ​តែ​ពលរដ្ឋ​គាត់​យល់ដឹង​ពី​វិធាន​ការ​បង្ការ​និង​ការពារ​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍។

លោក តែង គន្ធី បន្ថែមថា ប្រភព​នៃ​ស្រោម​អនាម័យ​គឺ​ទទួល​បាន​មក​ពី​អង្គការ​ខ្មែរ​បម្រើ​សុខ​ភាព​​ប្រជាជន​ហៅ​កាត់ PSK។ អង្គការ​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ទោះ​មិន​បានចុះ​ធ្វើ​សកម្ម​ភាព​​ដោយ​ផ្ទាល់​តែ​ខ្លួន​បាន​ផ្ដល់​ស្រោម​អនាម័យ​១ម៉ឺន​ស្រោម​ទៅ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​អេដស៍។ ហើយ​មួយ​ផ្នែក​ធំ​នៃ​ស្រោម​អនាម័យ​គឺ​យក​ថវិការដ្ឋ​ទៅ​ទិញ​ដើម្បី​ត្រៀម​ទុក​បំរុង៕

 

  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ