អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ស្រុក​អនុវត្ត​«៣​មិន» តែ​មេដឹកនាំ​បក្ស​ក្រៅ​ស្រុក​បន្ត​រិះគន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​ស្ងប់​ស្ងាត់​របស់​គណបក្ស​ប្រឆាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ រហូត​មេដឹកនាំ​បក្ស​បង្ហាញ​ទ្រឹស្តី​ថា​«មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ» នោះ ត្រូវ​គេ​មើល​ឃើញ​ថា​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាន់​យក បន្ទាប់​ពី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ខាង​នយោបាយ​ហើយ​គណៈ​បក្ស​កាន់​អំណាច​តែង​មាន​ប្រៀប​ជាង។ បន្ថែម​ពី​លើ​នេះ​គណបក្ស​ប្រឆាំង​កាន់​តែ​ប្រកាន់​ជំហរ​នេះ​ខ្លាំង​ឡើង​ ខណៈ​ដែល​មាន​ការ​លេច​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​កឹមសុខា ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ តែ​ជំហរ​មិន​ឆ្លើយ​ឆ្លង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មិន​អាច​ធ្វើ​បាន​រហូត​នោះ​ទេ។

លោក​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​​ពី​​ពេល​កន្លង​មក។​
លោក​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​​ពី​​ពេល​កន្លង​មក។​ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ​នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រឆាំង​ពី​ដើម​មក​បាន​ពាក្យ បាន​សម្តី ពិសេស​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​និង​សារ​នយោបាយ​ផ្សេង​ៗ​ត្រូវ​បាន​ធ្វើ​តែមួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ខណៈ​ដែល​បច្ចេក​វិទ្យា​សម័យ​ទំនើប​មាន​ភាព​ជឿន​លឿន​ដល់​កម្រិត​មួយ ដែល​អាច​ជួយ​ឲ្យ​បក្ស​ប្រឆាំង​មាន​ភាព​ចំណេញ​យ៉ាង​ច្រើន។

កន្លង​មក​ភាព​ខ្លាំង​របស់​បក្ស​ប្រឆាំង​គឺ​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​នោះ​មាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផង​ដែរ ដែល​ជួយ​ផ្សាយ​បន្ត​ពី​ការ​ធ្វើ​អត្ថាធិប្បាយ និង​លើក​យក​ចំណុច​ផ្សេងៗ ដែល​ជា​ការ​រិះគន់​ទៅ​លើ​ភាព​អវិជ្ជមាន​និង​ចំណុច​ខ្វះ​ចន្លោះ​របស់​គណបក្ស​កាន់​អំណាច។

ការ​និយាយ​ច្រើន​ពី​ចំណុច​អវិជ្ជមាន​របស់​បក្ស​កាន់​អំណាច គឺ​ជា​ជីពចរ​ដ៏​សំខាន់​របស់​បក្ស​ប្រឆាំង​ដែល​នាំ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយភាព ប្រៀប​ដូច​ជា​មនុស្ស​ត្រូវ​ការ​បរិភោគ​បាយ​ឬ​អាហារ​ចាំ​បាច់​ដូច្នេះ​ដែរ។ ចុះ​ពេល​នេះ​គណបក្ស​ប្រឆាំង​ប្រកាន់​យក​ជំហរ មិន​តបត«៣​មិន»ដូច្នេះ​តើ​វា​មាន​ការ​ខាត​បង់​ឬ​ក៏​មាន​ផល​ចំណេញ​សម្រាប់​ដំណើរ​វិវត្ត​នយោបាយ​ខ្មែរ​ពេល​នេះ?

ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អ្នក​តាមដាន​សភាពការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន សុទ្ធ​តែ​បាន​យល់​ឃើញ​ស្រប​គ្នា​ថា​ការ​ដែល​មិន​ឆ្លើយ​ឆ្លង​អាច​ជា​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​គណបក្ស​ប្រឆាំង ជា​ពិសេស​សម្រាប់​លោក​កឹម សុខា ដែល​កំពុង​ទទួល​រង​នូវ​ការ​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​ៗ​ទាក់​ទង​ទៅ​នឹង​ខ្សែ​អាត់​សម្លេង សាសង​ស្នេហា​នឹង​ស្ត្រី​វ័យ​ក្មេង​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា។

តាម​បរិបទ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន គណបក្ស​ប្រឆាំង​បាន​ជ្រើស​រើស​យក​ជំហរ​មិន​ឆ្លើយ​ មិន​ឆ្លង មិន​ឈ្លោះ មាន​ន័យ​ថា​មិន​តបត គឺ​ជា​ជម្រើស​ល្អ។ ទោះ​យ៉ាង​នេះ​ក្តី​«មិន​៣»របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច ចាប់​អារម្មណ៍​ខ្លាំង ហើយ​វាយ​តម្លៃ​ថា​ទំនង​ជា​មិន​អាច​ប្រើ​ការ​បាន​នៅ​ក្នុង​ដំណាក់​កាល​នេះ​ទេ។

កាល​ពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចំអក​ដល់​គោលការណ៍​«៣​មិន» របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជា​យុទ្ធសាស្ត្រ គ្មាន​ប្រសិទ្ធភាព។ លោក​ថា​យុទ្ធសាស្ត្រ​«៣​មិន»នេះ ត្រូវ​បាន​ប្រើប្រាស់​កាល​ពី​អតីត​រដ្ឋ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​តែ​ប៉ុណ្ណោះ គឺ​មិន​អាច​ប្រើប្រាស់​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ​បាន​ទេ។

ដោយ​ឡែក​ទាក់​ទង​ទៅ​នឹង​ភាព​ស្ងាត់​ស្ងៀម​របស់​គណបក្ស​ប្រឆាំង តាម​គោល​ជំហរ​«៣​មិន​»គេ​អាច​កត់​សម្គាល់​ថា ប្រហែល​ជា​មិន​អាច​ស្ថិត​ក្នុង​ស្ថានភាព​បែប​ហ្នឹង​បាន​យូរ​ទេ។ មិន​បាន​យូរ​ដោយសារ ករណី​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ប្រឈម​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​នោះ អាច​នឹង​ឈាន​ទៅ​ដល់​ចំណុច​មួយ​ ​ត្រូវ​មាន​ការ​បក​ស្រាយ​នូវ​អ្វី​ដែល​ជា​ការ​មន្ទិល។

បញ្ហា​ផ្លូវ​ភេទ​រវាង​លោក​កឹម សុខា និង​ស្ត្រី​វ័យ​ក្មេង បាន​រងការ​ចោទ​ប្រកាន់​ពី​ក្រុម​មួយ​ អះអាង​ថា​ជា​និស្សិត ថា​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ទម្លាប់​ទៀត​ផង។ រឿង​នេះ​ត្រូវ​បាន​រុញ​ទៅ​កាន់​៣​មុខ​ព្រួញ ក្នុង​នោះ​មាន​តុលាការ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រដ្ឋសភាជាតិ។ ចង់​មិន​ចង់​ក្រុម​អ្នក​ទាមទារ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​មួយ​ពី​លោក​កឹម សុខា ដែល​អស់​ចិត្ត។

ជា​ការ​ពិត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូចជា​លោក​កឹម សុខា ប្រាកដ​ណាស់ មិន​អាច​ស្ថិត​នៅ​ក្នុង​ការ​មិន​ឆ្លើយ​តប​បែប​នេះ​រហូត​បាន​ទេ។ ក៏​ប៉ុន្តែ​គ្រាន់​តែ​រូប​ភាព​ឆ្លង​ឆ្លើយ អាច​នឹង​ត្រូវ​បាន​ធ្វើ​ដោយ​តំណាង ឬ​តាម​រយៈ​មេធាវី។ រីឯ​ការ​ឆ្លង​ឆ្លើយ​មែន​ទែន​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​ដល់​ទៅ​កៀកការ​បោះឆ្នោត​ធំ​ៗ​ទាំង​ពីរ​ខាង​មុខ គឺ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ទោះ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ស្រុក​ប្រើប្រាស់​យុទ្ធសាស្រ្ត​ត្រជាក់​យ៉ាង​ណា​ក៏​ដោយ ម្តងម្កាល​គេ​ឃើញ​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ ដែល​និរទ្ទេ​សខ្លួន នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​ការ​វាយ​ប្រហារ រិះគន់ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ចាស់​ដៃ​ផង​ដែរ តាម​រយៈ​សន្និសីទ​វីដេអូ នៅ​ពេល​ដែល​មាន​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​ និង​អ្នក​គាំទ្រ​តាម​បណ្តា​ខេត្ត​ជា​ហូរហែ។ លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​មេបក្ស​ប្រឆាំង​រូប​នេះ ក៏​នៅ​តែ​បង្ហោះ​ជាប់​ជានិច្ច​ដែរ ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ