អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​រួបរួម​ជា​កត្តា​កំណត់​ជ័យ​ជំនះ​របស់​បក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ថ្នាក់​ដឹកនាំគ​ណបក្ស​សង្រ្គោះជាតិ​ និង​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​ បាន​ផ្លោង​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ជុំវិញ​ព័ត៌មាន​លេច​ឮ​ថា​ នឹង​មាន​ជំនួប​នៅ​ចុង​ខែ​តុលា​នេះ ​ដើម្បី​ធ្វើ​ការ​រួប​រួម​គ្នា។ ក៏​ប៉ុន្តែ​ភ្លាម​ៗ​នេះ​ លោក សម រង្ស៊ី និង​លោក​ កឹម សុខា ​បាន​ច្រាន​ចោល​ព័ត៌មាន​ចចាម​អារាម​នេះ​ និង​បាន​ចាត់​ទុក​ថា​ ជា​រឿង​ឥត​ប្រយោជន៍ ​ខណៈ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឬទ្ធិ ​បាន​បង្ហាញ​ជំហរ​ស្វាគមន៍​ បើ​មាន​ការ​សរសេរ​លិខិត​ជា​ផ្លូវ​ការ។​ យ៉ាង​ណា​ក៏​ដោយ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់​ប្តូរ​ដូច​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​អំពាវនាវ​ នោះ​គណបក្ស​ប្រឆាំង​ មិន​គួរ​បដិសេធ​លឿន​ពេក​ ពី​លទ្ធភាព​នៃ​ការ​រួបរួម​ណា​មួយ​នោះ​ទេ។​

គណបក្សសង្រ្គោះជាតិ
គណបក្សសង្រ្គោះជាតិ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣ ​គណបក្ស​ប្រឆាំង​ បាន​ទទួល​អាសនៈនៅ​ក្នុង​រដ្ឋសភា​ដល់​ទៅ​៥៥​អាសនៈ។ ​លទ្ធផល​នេះ​មិន​អាច​និយាយ​ថា ​មិនមែន មិនមក​ពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សមរង្ស៊ី​កាល​ពីឆ្នាំ​២០១២​នោះ​ទេ។​

គេ​នៅ​ចាំ​បាន​ថា ​មុនឈា​ន​ដល់​ការ​ច្របាច់​បញ្ចូល​គ្នា​ រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ និង ​គណបក្ស​​សមរង្ស៊ី ​កាល​ពី​ឆ្នាំ​២០១២​នោះ គ​ណបក្ស​ទាំងពីរ​ បាន​ត្មិះតិះ​ដៀល​គ្នា​ទៅ​វិញ​ទៅ​មក​ រាប់ចាប់​តាំង​ពី​មេដឹកនាំ​កំពូល ​រហូត​ដល់​អ្នក​គាំទ្រ​នៅ​ថ្នាក់​មូលដ្ឋាន​ផង។ ​ក៏​ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ​ គណបក្ស​ទាំង​ពីរ​ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ ដើម្បី​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១២ ​តាម​រយៈ​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​ដែល​ធ្វើ​ឡើង​ នៅ​ឯ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

​តែ​យ៉ាងណា​ក៏​ដោយ​ ការ​រួបរួម​គ្នា​កាល​ពី​ឆ្នាំ​២០១២ ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ លើក​ទង់​ជ័យ​យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​៣៥​នៅ​កម្ពុ​ជានោះទេ។​

ដូច្នេះ​ តើ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​ពី​ពេល​នេះ​ រហូត​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ?

​កាល​ពី​ថ្ងៃ​ទី​២​ ដើមខែ​តុលា​ ឆ្នាំ​២០១៥​នេះ ​គណបក្ស​សង្រ្គោះជាតិ​បាន​រៀបចំ​រួច​មក​ហើយ​ នូវ​សិក្ខាសាលា​មួយ​ ស្តីពី ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត» ដើម្បី​នាំ​មក​​នូវ​ការ​ផ្លាស់​ប្តូរ​ ដែល​គណបក្ស​ប្រឆាំង​ចង់​បាន​ តែ​គណបក្ស​កាន់​អំណាច​មិន​ចង់​បាន។​

សិក្ខាសាលា​នេះ​ បាន​លើក​យក​ចំណុច​សំខាន់ៗ​ចំនួន​៦​មក​ពិភាក្សា​ ក៏​ប៉ុន្តែ​កត្តា​កំណត់​មួយ ​ដែល​គណបក្ស​សង្រ្គោះជា​តិមិន​អាច​មើល​រំលង​បាន​ នោះ​គឺ​ការ​បង្រួប​បង្រួម​គណបក្ស​តូច​ៗ ​ដែល​កំពុង​តែមាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ថា​ ចង់​មិន​ចង់ ​គណបក្ស​តូច​ៗ​ទាំង​នោះ ​នឹង​ក្លាយ​ជា​ឧបសគ្គ​របស់​គណបក្ស​ប្រឆាំង​ ហើយក្នុង​ចំណោម​គណបក្ស​តូច​ៗ​ទាំង​នោះ ​គណបក្ស​បី​ ដែល​សង្រ្គោះ​ជាតិ​រឹត​តែ​មិន​អាច​មើល​រំលង​បាន​ នោះ​គឺ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច ​(FUN) របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឬទ្ធិ​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ​ម៉ម សូណង់ដូ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)​ របស់​លោក​ យ៉េង វីរៈ ដែល​អនាគត​នឹង​មាន​លោក យ៉ង សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​មក​អ្នក​ដឹកនាំ ​ដែល​គណបក្ស​នេះ​ត្រូ​វបាន​គេ​ចាត់​ទុក​ថា ​ជា​គណបក្ស​ដ៏​មាន​សក្កានុពល​ថ្មី​ ហើយ​អាច​អូស​ទាញ​សំលេង​គាំទ្រ​បាន​ច្រើន​ ពី​គណបក្ស​ប្រឆាំង។​

បើគេផ្អែក​ទៅ​លើ​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៥​ឆ្នាំ​២០១៣​ ហើយ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប)​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានសំ​លេង​គាំទ្រ ​៣,២៣៥,៩៦៩ សំលេង ​ខណៈ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​ ២,៩៤៦,១៧៦ សំលេង​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ ៦,៧៣៥,២៤៤ នាក់។ តួលេខ​នេះ​បាន​បង្ហាញ​ថា ​នៅ​សល់​តែ​បន្តិច​បន្តួច​ទៀត​​តែ​ប៉ុណ្ណោះ ​ដែល​សំលេង​គាំទ្រ​គណបក្ស​ប្រឆាំង​ នឹង​តាម​ស្មើ​សំលេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​មិន​គិត​ទៅ​ដល់​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត​ចំនួន​ជិត ​៣លាន​សំលេង ​រួម​ទាំង​សម្លេង​ឆ្នោត​ដែលធ្លាក់​ទៅ​លើ​គណបក្ស​តូច​ៗ​ចំនួន​៦​ទៀត ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។​

ដូច្នេះ​ គណបក្ស​សង្រ្គោះជាតិ​ មិនគួរ​ប្រញ៉ាប់​ប្រញ៉ាល់​ពេក​ ក្នុង​ការ​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ណាមួយ​នោះទេ ​ខណៈ​ដែល​កាល​ពី​ថ្ងៃ​ទី​១៥​តុលា​ ម្សិលមិញ​​នេះ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ចង់​ជួប​ចរចា​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ។ ​ហើយ​បើ​ផ្អែក​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ថ្ងៃ​ទី​១៤​តុលា ​បើ​ទោះ​បី​ជា​សេចក្តី​ប្រកាសនេះ​ បាន​ច្រាន​ចោល​ថា​ មិន​ទាន់​មាន​គម្រោង​ជំនួប​ជាមួយ​ថ្នា​ក់ដឹកនាំ ឬ​ប្រធាន​គណបក្ស​ណាមួយ​នោះ​ក្តី​ ក៏​ប៉ុន្តែ​នៅ​ចុង​ក្រោយ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ គណបក្ស​សង្រ្គោះជាតិ​នៅ​តែ​មាន​គោល​បំណង​ក្នុង​ការ​បង្រួប​បង្រួម​កម្លាំង​អ្នក​ជាតិ​និយម ​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ​ យុត្តិធម៌​ និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ សន្តិវិធី​ និង​អហិង្សា។​

តើនេះ​គ្រាន់​តែ​ជា​ការ​ផ្លោង​សំដី​ដាក់​គ្នា​ឬ​យ៉ាង​ណា?

​បើ​គេ​និយាយ​ពី​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ បើ​ទោះបី​ជា​កន្លង​ទៅ​ ព្រះអង្គ​បាត់បង់​ការ​គាំទ្រ​បន្តិច​ខ្លះ​ក្តី​ ក៏​ប៉ុន្តែ​តួអង្គ​និង​ប្រជាប្រិយ​ភាព​របស់​ទ្រង់​ នៅ​តែ​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ ពិសេស​នៅ​ពេល​ដែល​ព្រះអង្គ​បាន​វិល​មក​ដឹកនាំ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​ឡើង​វិញ ​កាល​ពី​ខែ​មករា ឆ្នាំ២០១៥។ ចំណែក​ឯតួ​អង្គ​របស់​លោក ម៉ម សូណង់ដូ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​វិញ ​ក៏​នៅ​តែ​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ ខ្មែរ បើទោះបី ​ជា​គណបក្ស​សំបុក​ឃ្មុំ​នេះ ​បាន​ជួប​នូវ​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​ ក្រោយ​ពី​ការ​បង្កើត​ឡើង​បាន​ប៉ុន្មាន​ខែ​នេះ​ក្តី។ ដូចគ្នា​អញ្ចឹង​ដែរ​ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) របស់​លោក ​យ៉េង វីរៈ​ ក៏​ជា​តួអង្គ​សំខាន់​ថ្មី​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ផង​ដែរ។

​យ៉ាង​ណា​ក៏​ដោយ ​គណបក្ស​សង្រ្គោះ​ជាតិ​ ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ​ថា ​តើ​ការ​រួបរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយនោះ​ អាច​ជា​លាប​ ឬ​អាច​ជា​គ្រោះ​ទៅ​វិញ​ក៏​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ