អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំរឿង​ឃាត​កម្ម ដែល​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​លាង​ជម្រះ​រាល់​ការ​សង្ស័យ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​ បាន​រំលង​ផុតទៅ ​៥ ឆ្នាំហើយ។​ មាន​ការ​មិន​អស់​ចិត្ត​ចំពោះ​សំណុំ​រឿង​ឃាតកម្មនេះ​ ហើយ​ក៏​មាន​ការ​សម្តែង​មតិ​យ៉ាង​ផុសផុល​ដែរ​ពីសំណាក់​យុវជន ​នៅមុខ​ព្រះ​បរមរាជវាំង កាល​ពីម្សិលមិញ។​ ជាក់​ស្តែង​ទៅ​ ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី គឺ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ការ​បាញ់​ប្រហារ​លើ​បុគ្គលល្បី។ ឆ្លៀត​ឱកាស​នេះ ហេង ឧត្តម សូម​រម្លឹកឡើង​វិញ​ពី​ឃាតកម្ម​លើ​ជន​ល្បី​ៗ​នៅ​ស្រុក​ខ្មែរ​ ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ដែល​ប្រព័ន្ធ​យុត្តិធម៌​​ គួរតែ​ត្រូវ​លាង​ជម្រះ​រាល់​ការ​សង្ស័យ​។

លោកឈុត វុទ្ធី ​ក្នុង​រឿង ​I am​ Chhut Wutty
លោកឈុត វុទ្ធី ​ក្នុង​រឿង ​I am​ Chhut Wutty សហការី
ផ្សាយពាណិជ្ជកម្ម

ទោះ​ចង់​មិន​ចង់​!​ ការ​គាស់​កកាយ​សំណុំរឿង​ឃាតកម្ម​ចាស់ៗ ក្នុងឱកាស​​ខួប​មរណភាព​៥ឆ្នាំ របស់​លោក ឈុត វុទ្ធី គឺជា​រឿង​ជៀស​មិន​ផុត ពី​បណ្តាមតិ​សារធារណៈ​ជន​។​ ទន្ទឹម​នេះ ​ពិធី​រម្លឹក​ខួប​ ៥ឆ្នាំនេះ​ ក៏​​នាំ​ឲ្យ​គេ​​នឹក​ឃើញ​ពី​ករណី​ឃាតកម្ម​ទាំង​អម្បាល​ម៉ាន​ ដែល​​បាន​កើត​មាន​ឡើង ចាប់​តាំង​ពីពេល​បោះឆ្នោត​ ​ឆ្នាំ​ ១៩៩៣​មក​។​ ក្នុង​នោះ​ គឺ​មាន​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ធំ​ៗ​​ សម្លាប់​ជន​ល្បីៗ​មួយ​ចំនួន រាប់​ទាំង​អ្នក​វិភាគ​នយោបាយ មេសហជីព ជន​ល្បី​ខាង​បរិស្ថាន អ្នក​កាសែត​ដែល​ល្បី​ខាង​រិះគន់ ព្រមទាំង​តារា​ចម្រៀង​ ហើយ​ក៏​មាន​ដែរ អ្នក​ជំនួញ​លុយ​ហូរហៀរ​។

ឆ្នាំ​ទៅមិញ ឆ្នាំ​២០១៦​ គឺ​ជាការ​បាញ់​ប្រហារ​សម្លាប់ បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ។ ឃាតកម្ម​នេះ​នាំឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​បញ្ចេញ​មតិ​ និង​ជាការ​ប្រឈម​មុខ​ខ្លាំង​លើវិស័យ​សិទ្ធិមនុស្ស។ ករណី​នេះ ក៏ត្រូវ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ទម្លាក់​ចំណាត់​ថ្នាក់​ នៃសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ក្នុង​របាយការណ៍​របស់​ខ្លួន ចុះផ្សាយ​កាលពី​ពេល​ម្សិលមិញ​ ផង​ដែរ។​

ចំណែក ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៤ ការ​បាញ់​ប្រហារ​លោក​ឧកញ៉ា​អ៊ឹងម៉េងជឺ នៅ​ក្បែរ​ស្តាត​អូឡាំពិក​ បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​ភ្នំពេញ។ ហើយ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ ​២០១២នៅ​ក្នុង​ព្រៃ​ខេត្ត​កោះកុង​ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ល្បី​កក្រើក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ទេ គឺ​ថែម​ទាំង​ល្បី​ឮ​រន្ទឺ ​​សុសសាយ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។​ ហើយ​ដែល​ពេល​នេះ គឺ​ក្រុម​គ្រួសារ​សព នៅ​កំពុងតែ​សម្លឹក​រក​យុត្តិធម៌​នៅឡើយ។​

គេ​ក៏​នៅ​ចាំ​មិន​ភ្លេច​ដែរ ពី​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្ម​ករ កាល​ពី​ដើម​ឆ្នាំ​២០០៤ នៅ​ក្បែរ​វត្ត​លង្ការ ក្រុង​ភ្នំពេញ​។ លោកជាវិជ្ជាដែល​បាន​ចេញ​មុខ​ ដឹកនាំ​ហ្វូង​កម្មករ​ធ្វើ​បាតុកម្ម​យ៉ាង​ផុសផុល ​ក្នុង​អំឡុង​ឆ្នាំ​២០០០-២០០៤។ ជាង​១៣​ឆ្នាំ​ទៅ​ហើយ​ តែ​គេ​នៅ​វែក​មុខ​ឃាតករ​ពិត​ប្រាកដ​ មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ។

ក្រៅ​ពី​បុគ្គល​សំខាន់​ៗ​ខាង​បរិស្ថាន​និង​ខាង​សហជីព​កម្មករ​ទាំង​នេះ នៅ​ក្នុង​ផ្នែក​សិល្បៈ​វិញ តារា​ចម្រៀង ពិសិដ្ឋ ពិលិការ ក៏​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ដែរ​ កាលពី​ពាក់​កណ្តាល​ឆ្នាំ​១៩៩៩។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ចម្រៀង​ ទូច ស៊ុននិច គឺ​នៅ​ខែ​តុលា ឆ្នាំ​២០០៣ ហើយ​នៅ​ឆ្នាំ​២០០៧ មាន​ការ​បាញ់​ប្រហារ​ជា​ថ្មី​ទៀត លើ​តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ។

បន្ថែម​ពី​នេះ ក្នុង​វិស័យ​សារព័ត៌មាន​វិញ អ្នក​កាសែត​មួយ​ចំនួន រួម​ទាំង​លោក ឃឹម​ សំបូរ អ្នក​កាសែត​ជើង​ចាស់ ដែល​ច្រើន​តែ​សរសេរ​រិះគន់​នោះ ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត​ដែរ។ គាត់​ស្លាប់​ជាមួយ​នឹង​កូន​ប្រុស​ ក្នុង​ឆ្នាំ​២០០៨ នៅ​កណ្តាល​ក្រុង​ភ្នំពេញ​។ ក៏​មាន​ដែរ ការ​បាញ់​សម្លាប់​​ព្រះ​សង្ឃ និង​មន្ត្រី​របស់​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​។

រហូត​មកទល់​នឹង​សព្វ​ថ្ងៃ​ សំណុំ​រឿង​បាញ់​ប្រហារ​ឃាតកម្ម​ធំៗ​ទាំងអស់​នេះ គឺ​នៅ​តែ​បង្ក​ភាព​មន្ទិល​សង្ស័យ​ មិន​ទាន់​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ។ ព្រោះ​ថា ឃាតកម្ម​ខ្លះ​ រក​មិន​ឃើញ​មុខ​ឃាតករ។​ រីឯ​ការ​ប្រហារ​មួយ​ចំនួន​ទៀត គេ​ចាប់​មិន​បាន​ជន​ល្មើស​ ហើយ​ពេល​ខ្លះ បើ​ចាប់​មនុស្ស​បាន​ហើយ​ បែរ​ជា​ចាប់​ច្រឡំ​ទៅ​ទៀត។ តួយ៉ាង​ ករណី​ស្លាប់​របស់​លោក​ ជាវិជ្ជា ដែល​លោកប៊នសំណាងនិង​សុខសំអឿន​ ត្រូវ​ជាប់​ឃុំ​អស់​ប្រហែល​ជា​៦ឆ្នាំ ហើយ​ទី​បំផុត​ទៅ​តុលាការ​កំពូល ​បាន​សម្រេច​ឲ្យ​ដោះលែង ព្រោះ​រក​មិន​ឃើញ​កំហុស​។

ជាទូទៅ អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ បាន​វាយ​តម្លៃ​លើ​ឃាតកម្ម​បាញ់​សម្លាប់​ទាំង​អស់​នេះ ថា​ជា​រឿង​នយោបាយ​ តែ​ការ​បាញ់​ប្រហារ​ខ្លះ​ក៏​មាន​ដែរ​ជា​រឿង​បុគ្គល​ឯកជន ដូច​ជា​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​ដើម។ ​

ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ រៀង​រាល់​លើក​ គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​មួយ​ចំនួន តែង​តែ​ចោទ​ប្រកាន់ ​និង​ដាក់​កំហុស ​ទៅ​លើ​មន្ត្រី​បក្ស​កាន់​អំណាច​ ឬ​រដ្ឋាភិបាល​តែម្តង​ ដែល​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​ស្លាប់​បុគ្គល​ល្បីៗ​ទាំង​នោះ។ ហើយ​ការ​ស្លាប់​របស់​បណ្ឌិត ​កែម ឡី, ក៏​អតីត​ប្រមុខ​បក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​តែ​ម្តង​ថា​ជា​ការ​រៀបចំ​របស់​រដ្ឋ​អំណាច​។ ក៏ប៉ុន្តែ​ រៀង​រាល់​ដង គណ​បក្ស​កាន់​អំណាច​ តែងតែ​ប្រកាស​ការពារ​ខ្លួន​ និង​ទាត់​ចោល​ការ​ទម្លាក់​កំហុស​ និង​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​។

ជារួម ការ​បំបែក​សំណុំ​រឿង​ឃាតកម្ម​ទាំង​អស់​នេះ ឲ្យ​មាន​តម្លាភាព ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​អាច​ជឿ​ទុក​ចិត្ត​ គឺ​ឱកាសដែល​រដ្ឋាភិបាលនិង​ប្រព័ន្ធ​យុត្តិធម៌ ​ត្រូវ​លាង​ជម្រះ​ស្នាម​ប្រឡាក់​ទាំង​ឡាយ។ មិន​ដូច្នោះ ស្លាកស្នាម​ប្រឡាក់ ទំនង​ជា​លំបាក​នឹង​លុបបំបាត់​​ណាស់ ខណៈដែល​រាល់ពេល​​បុណ្យ​រម្លឹកខួប​មរណភាព​នៃ​អ្ន​កស្លាប់​ទាំង​នោះ គឺត្រូវ​មហាជន​តែងតែង​ស្រែក​ដង្ហើយរក​យុត្តិធម៌​នោះ​​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ