អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើរាល់​ការ​សន្យា​របស់​អ្នក​នយោបាយ​ អនុវត្តបាន​​ ឬ មិនបាន?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឱកាស​យុទ្ធនាការឃោសនា​រក​សំឡេង​ឆ្នោតនេះ គណ​​បក្ស​នយោបាយ​ ខំ​បញ្ចេញ​វោហាសាស្ត្រ​ និង​អួត​សម្ញែង​ ពី​គោល​នយោបាយ​របស់ខ្លួន។ អ្នក​នយោបាយ​មួយ​ចំនួន​ បាន​ខំប្រឹង​សន្យា​ជា ច្រើន​ហូរ​ហែ។ ក្នុង​ចំណោម​ការ​សន្យា​ទាំង​អស់​នោះ មួយ​ចំនួន​គឺ​ឃើញ​ពិត​ជាក់​ស្តែង​ថា​អាច​ប្រព្រឹត្តទៅ​បាន ប៉ុន្តែ​ចំណុច​ខ្លះ​ទៀត ហាក់​នៅ​តែ​មាន​មន្ទិល​សង្ស័យ។​ ដូច្នេះ​ ហេង ឧត្តម នឹង​សាកល្បង​ពិនិត្យ​មើល​ពាក្យ​សន្យា​របស់​អ្នក​នយោ​បាយ​ ​ថា​តើ​ការ​ឃោសនា​សន្យាណា​ខ្លះ ដែល​អាច​អនុវត្ត​ទៅបាន? ហើយ​តើ​សន្យាណា​ដែល​ទៅ​​មិន​រួច?

រូប​ថត​តំណាង៖ ទង់ជាតិខ្មែរ កណ្តាលទន្លេ។ ការ​សន្យា​របស់អ្នក​នយោបាយខ្លះ​ ហាក់​នៅកណ្តាល​លំហ។
រូប​ថត​តំណាង៖ ទង់ជាតិខ្មែរ កណ្តាលទន្លេ។ ការ​សន្យា​របស់អ្នក​នយោបាយខ្លះ​ ហាក់​នៅកណ្តាល​លំហ។ @DC-Cam
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​អ្នក​នយោបាយ​ខ្មែរ តែ​ងតែ​នាំគ្នា​សន្យា​យ៉ាង​នេះ​ ឬ​យ៉ាងនោះ​ ​ ​ជា​ច្រើន​ហូរ​ហែ​ នៅ​គ្រប់​ឱកាស​ឃោសនា​បោះឆ្នោត​។ ចំពោះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ឆ្នាំ​២០១៧​នេះ អ្នក​នយោបាយ​ មក​ពី​បក្ស​ទាំង​១២ បាន​ខំប្រឹង​លើក​ឡើង​ពី​គោល​នយោបាយ​របស់ខ្លួន​ជា​ច្រើន​ចំណុច​ តែរៀងៗខ្លួន​។ គណ​បក្ស​ខ្លះ មានការ​សន្យាដែល​ជា​គោល​នយោបាយ​ ចំនួន​​ ៥ចំណុច, យន្តការ៨ចំណុច​, ១៣ចំណុច​ រហូត​ដល់បក្ស​ខ្លះ មាន​ដល់​​​២៧​ប្រការ ឯណោះ។ ក្នុង​ចំណោម​គោល​នយោបាយ​ទាំងនេះ គឺ​ជា​ទូ​ទៅ​ពាក់​ព័ន្ធ​នឹង​ជីវ​ភាព​ប្រជាពលរដ្ឋ សេវាសាធារណៈ ការអប់រំ សន្តិសុខ កសិកម្ម​ និង​អភិវឌ្ឍ​មូលដ្ឋាន​ ជា​ដើម​។ 

ការដង្ហែក្បួន​គណបក្ស​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត
ការដង្ហែក្បួន​គណបក្ស​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត

ចំពោះ​អ្នក​ជំនាញ​អភិបាល​កិច្ច​មូលដ្ឋាន, ការ​សន្យាខ្លះ​នៅ​ក្នុង​គោល​នយោបាយ​របស់​បក្សនីមួយៗ គឺ​អាច​អនុវត្ត​ទៅបាន ដោយ​គ្រាន់តែ​ផ្អែក​សំខាន់​ទៅលើ​ឆន្ទៈ​និង​ឧត្តម​គតិ​ដើម្បី​អនុវត្តតែប៉ុណ្ណោះ​។ ឧទាហរណ៍ ទាក់​ទង​នឹង​ដែល​តួនាទី​សមត្ថកិច្ច​របស់​មេឃុំ​ចៅសង្កាត់ មាន​ដូច​ជាការ​ធ្វើសំបុត្រកំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍​ ​ឬលខិត​បញ្ជាក់អត្រានុកូលដ្ឋាន ដោយ​លឿន​រហ័ស មិន​យឺត​យូរ​ និង​មិន​យក​កម្រៃ​សេវា​ខាង​ក្រៅ គឺពិត​អាច​ធ្វើទៅបាន​។ ទន្ទឹម​នេះ ការ​សន្យា​ថា មេឃុំ​ចៅសង្កាត់​របស់​ខ្លួន នឹង​មាន​វត្តមាន​នៅ​កន្លែង​ធ្វើការ​ជាប្រចាំ មិន​គេចវេស​ម៉ោង​ការងារ​រដ្ឋបាល​ និងមិន​ប្រព្រឹត្តិ​អំពើ​ពុករលួយ ក៏ពិត​អាច​អនុវត្ត​ទៅបាន ប្រសិន​បើ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ មាន​សុឆន្ទៈដើម្បី​អនុវត្ត។

ក្រៅពីនេះ ការ​ជួយ​សម្របសម្រួល​បច្ចេកទេសកសិកម្ម​ ជួយ​​រក​ទីផ្សារទំនិញ និង​ជួយ​ដោះស្រាយ​វិវាទ​តូច​តាច​ក្នុង​មូលដ្ឋាន ក៏​គេអាច​ជឿជាក់​ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ ពិត​ជា​អាច​មា​នលទ្ធភាពនិង​​សមត្ថកិច្ច​ធ្វើកិច្ច​ការ​ទាំងនេះ​បាន ផង​ដែរ​។
 

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត។
លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត។

ក៏ប៉ុន្តែ មាន​​គោល​នយោបាយ​​មួយ​ចំនួន​ទៀត ដែលហាក់​គួរ​ឲ្យ​សង្ស័យ​ និង​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ពិស្តារ​បន្តិច​ពី​ដោះស្រាយ ឬធ្វើ​​ប្រមាណ​វិធី ឬក៏​បញ្ជាក់​ពី​របៀបធ្វើ ​ដើម្បី​អាច​សម្រេច​បាន ចំពោះ​​ការ​សន្យាទាំង​នោះ។ មាន​ការ​សន្យា​ជា​ច្រើនដែល​គួរ​ឲ្យ​មាន​មន្ទិស​សង្ស័យ តែ​យើងសូម​ជ្រើស​​យកតែ​ពីរ​ចំណុច​មកសិនចុះ។ ទី១ ការសន្យា​​លុប​បំបាត់​គ្រឿង​ញៀន ហើយ​និងទី២ ការ​សន្យា​បង្កើន​កញ្ចប់​ថវិកា​ឃុំ​សង្កាត់​ឲ្យ​បាន​ច្រើន​រាប់​សិបម៉ឺន​ដុល្លារ។

ជាក់​ស្តែង​ ទី១ បញ្ហា​គ្រឿង​ញៀន​ គឺជា​សេចក្តីព្រួយ​បារម្ភ​របស់​មូលដ្ឋាន​ ក៏​ដូច​ជាការ​បារម្ភ​​ថ្នាក់​ជាតិ​ដែរ។ រដ្ឋាភិបាល​ ប្រមាណ​២ឆ្នាំ​ចុងក្រោយ​នេះ បាន​ដុតដៃ​ដុត​ជើង​ប្រឹង​ប្រែង​​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​គ្រឿង​ញៀន​យ៉ាងខ្លាំង។​ ក៏ប៉ុន្តែ​ នៅទីបំផុត​ នៅ​តែ​ពុំ​ទាន់​អស់​នៅឡើយ ហើយ​នៅតែ​បន្ត​ចាប់​បាន​ជន​ល្មើសនិង​គ្រឿង​ញៀន​​ជា​បន្តបន្ទាប់។ ដូចនេះ ឃើញថា​​គឺ​ដល់​ថ្នាក់ប្រតិបត្តិការ​ថ្នាក់​ជាតិទៅ​ហើយ​ ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​សម្បូរ​បែប មាន​មធ្យោបាយ​ជាច្រើន​​ ក៏​នៅ​តែ​មិន​ទាន់​អាច​កម្ចាត់​បញ្ហា​គ្រឿងញៀន​នេះ ឲ្យ​ដល់​ឫស​គល់​នៅឡើយ​ផង។ ចុះ​ទម្រាំ​ថ្នាក់​មូលដ្ឋាន ដែល​មិនសូវ​សម្បូរ​ធនធាន​ទៅទៀ​ត​នោះ តើ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា ដើម្បីលុប​បំបាត់​បញ្ហា​នេះ​? ដូច្នេះ ខសន្យាមួយនេះ​ ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ពី​សំណាក់​អ្នក​នយោបាយ ដើម្បីផ្តល់វិធី​​ដោះស្រាយ​ឲ្យ​លម្អិត​។

ខសន្យាមួយទៀត ទាក់ទង​​ការ​បង្កើន​​កញ្ចប់​ថវិកា​ឃុំ​សង្កាត់​ឲ្យ​បាន​ច្រើន​រាប់​សិបម៉ឺន​ដុល្លារ​។ តាម​ធម្មតា ថវិកា​ទាំងអស់ ត្រូវកំណត់​នៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ។ សម្រាប់​ឃុំសង្កាត់​ គឺ​ថវិកា​ត្រូវបាន​កំណត់​នៅ​ក្នុង​មូលនិធិ​ឃុំ​សង្កាត់ ដែល​មូល​និធិ​នេះ ក៏​កំណត់​នៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ​ដែរ​។ យោងតាម​ច្បាប់​ស្តីពី​ការ​គ្រប​គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ មាត្រា​៧៥ គឺ​ឃុំ​សង្កាត់​មាន​សិទ្ធិទទួល​បាន​ធនធាន​វិភាជន៍​ពី​ចំណូល​រដ្ឋ​សម្រាប់​ថវិកា​របស់​ខ្លួន។ ប្រាក់​នេះ ផ្នែក​ខ្លះ​ បាន​ពីការ​ប្រមូល​ពន្ធ។ ក៏ប៉ុន្តែ តាម​ការ​អនុវត្ត​ជាក់​ស្តែងនៅ​រាល់ថ្ងៃនេះ​  រដ្ឋបាល​ថ្នាក់​ឃុំ​សង្កាត់  មាន​ប្រភព​ចំណូល​សំខាន់​ស្ទើរតែ​មួយ​គត់ នោះគឺ​ពី​មូលនិធិឃុំ​សង្កាត់ ដែល​ចាត់ចែង​រៀប​ចំ​សម្រេចនិង​​ស្នើឡើង​ដោយ​ក្រសួង​មហាផ្ទៃ និង​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

ការដង្ហែក្បួន​គណបក្សប្រជាជនកម្ពុជា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត
ការដង្ហែក្បួន​គណបក្សប្រជាជនកម្ពុជា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត

 
បច្ចុប្បន្ន ឃុំសង្កាត់ទាំងអស់​នៅ​ស្រុក​ខ្មែរ​ មាន​កញ្ចប់​ថវិកា ចន្លោះពី ៣ទៅ​៥ម៉ឺន​ដុល្លារ តាម​ភូមិសាស្ត្រ​ឃុំ​សង្កាត់​តូច ឬធំ។​ សម្រាប់​​អ្នក​ជំនាញ​អភិបាល​កិច្ច​មូលដ្ឋាន មាន​ជាអាទិ៍ លោក​ ឱក សេរីសុភ័ក្រ ជា​ដើម, ចំពោះ​អ្នក​ជំនាញ​រូប​នេះ​ បើក្រឡេកមើលស្ថានភាព​ចំណូល​របស់​ប្រទេសរាល់ថ្ងៃ ​នោះគេ​លំបាក​នឹង​ដំឡើង​កញ្ចប់​ថវិកាឃុំ​សង្កាត់​ណាស់ ព្រោះគ្រាន់តែ​ឧទាហរណ៍​ ក្នុង​​មួយ​ឃុំ​ ឲ្យ​ដល់​ត្រឹម​១០ម៉ឺន​ដុល្លារតែប៉ុណ្ណោះ​ គឺ​លំបាកផង!​ ចុះ​ទម្រង់​ដល់​​គោល​នយោបាយសន្យា​ ផ្តល់​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ឬ​ច្រើន​ជាង​នេះទៀត​នោះ ​គឺគេ​មិន​អាចដឹងថា អាច​ទៅរួច ឬមិនរួចនោះទេ។ ទៅរួច​ឬ​មិនរួច ក៏​គេ​នៅ​មិនទាន់​ដឹង ព្រោះមិនទាន់​សាក! ក៏​ប៉ុន្តែការ​សន្យា​ដូច្នេះ​ គឺ​គួរ​ឲ្យ​សង្ស័យ សម្រាប់​អ្នក​ជំនាញផ្ទាល់​​ ដែល​គេ​ទាមទារឲ្យ​ប្រមាណ​វិធី និងការ​បកស្រាយ​ពន្យល់​​យ៉ាង​សុក្រឹត្យ​ រួម​ទាំងប្រៀប​ធៀប​ទៅនឹង​​ការ​អនុវត្ត​ជាក់​ស្តែង​ថែមទៀត។​ យ៉ាងហោច​ក៏ត្រូវ​អាច​រក​ចម្លើយ​ត្រឹមត្រូវចំពោះ​សំណួរថា តើ​ប្រមូល​ប្រភពថវិកា​មកពីណាខ្លះ​? តើ​វា​ពិត​ជា​អាច​ប្រមូល​បាន​ពិត​មែនឬទេ? តើ​អាច​បាន​ចំនួន​ប៉ុន្មានជាក់​ស្តែង​នោះ​? តើ​វា​អាច​មាន​ផល​ប៉ះពាល់​អ្វី​ផ្សេងទៀត​ឬទេ បើ​គេ​ដកប្រភព​ថវិកា​មកដូច្នេះ?​ នេះគ្រាន់តែ​ជា​សាមញ្ញ​មួយ​ចំនួន​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ក៏ដោយ ការ​សន្យា​ទាំង​ឡាយ​ទៀត​របស់​អ្ន​កនយោបាយ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​​នេះ មាន​ចំណុច​ខ្លះ អាច​អនុវត្ត​បាន​ ដោយ​អាស្រ័យ​តែនៅលើ​ឆន្ទៈមនសិការ​​របស់​មេឃុំ​ចៅសង្កាត់ ដែល​កិច្ច​ការ​ទាំង​នោះ ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន។ ក៏ប៉ុន្តែ មាន​ខ​សន្យា​ផ្សេងទៀត ដែល​នៅ​មានភាព​មិន​ច្បាស់​លាស់! ហើយ​ខ​សន្យា​ខ្លះ ត្រូវ​រង់ចាំ​ដល់​ពេល​បក្ស​នយោបាយ​នីមួយៗនោះ ឈ្នះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ថែមទៀត ទើប​អាច​មាន​សមាជិក​សភា​គ្រប់​គ្រាន់ បង្កើត​រដ្ឋាភិបាល​ ដើម្បី​អនុម័ត​និង​អនុវត្តកិច្ច​ការ​នោះ​ ហើយ​ពេល​អនុវត្ត​ក្នុង​ស្ថានភាព​ជាក់​ស្តែងវិញ​ ក៏​គេ​មិន​ប្រាកដ​​ថា អាច​អនុវត្ត​ ធ្វើ​ទៅកើត ឬមិន​កើត​យ៉ាងណា​ផងនោះ​ទេ។

ជារួម ការ​សន្យារបស់​អ្នក​នយោបាយ​ អាច​យ៉ាង​ច្រើន​គគោក ទៅ​តាម​បក្ស​នីមួយៗ​។ ប៉ុន្តែ​ត្រង់​​ថាតើធ្វើម្តេចសម្រេចការ​សន្យា​? ឬ​ធ្វើ​ដោយ​វិធី​ណា? ឬក៏គ្រាន់​តែនិយាយ​ឲ្យតែ​ហើយ​ៗ​? ឬក៏ជានុយបញ្ឆោត? សំណួរ​ទាំងនេះ ម្ចាស់​ឆ្នោត ចាំបាច់​ត្រូវ​តែ​ពិចារណា​ឲ្យ​មែនទែន​!​ ដ្បិត​ថា​នេះជា​​អនាគត​របស់​ខ្លួន រយៈ​ពេល​៥ឆ្នាំ ទៅមុខទៀត​៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ