អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​សំណាញ់​សុវត្ថិភាព​សង្គម​៖ ពលរដ្ឋ​រងា ចាស់​ជរា​គ្មាន​ទី​ពឹង!

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពិសេស​ជន​ចាស់​ជរា និង​អ្នក​ក្រីក្រ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​រស់​នៅ​ក្នុង​ស្ថានភាព​រងា​ដោយ​សារ​កង្វះ​បណ្តាញ​សុវត្តិភាព​សង្គម​។ ក្រៅ​ពី​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ពេល​មាន​ជំងឺ ឬ​ជួប​ប្រទះ​គ្រោះ​អាសន្ន​នានា ពួក​គេ​ត្រូវ​ចង​ការ​ប្រាក់​គេ​ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​ដោះ​ទ័ល​។ អ្នក​ខ្លះ​លក់​គោ​ក្របី​ឬ​ដី​ស្រែ​ចម្ការ​ដើម្បី​ព្យាបាល​ជំងឺ​។ បន្ទាប់​ពី​គ្រោះ​អាសន្ន​ជាយថាហេតុ​ណា​មួយ ពួក​គេ​នឹង​មាន​ជីវភាព​កាន់​តែ​លំបាក​ជាង​មុន​។ ដូច្នេះ គោល​នយោបាយ​គាំពារ​ជន​ក្រី​ក្រ​តាម​រយៈ​ការ​កសាង​សំណាញ់​សុវត្ថិភាព​សង្គម​គឺ​ជា​កិច្ចការ​ចាំ​បាច់​សម្រាប់​ផ្តល់​ភាព​កក់​ក្តៅ​ជូន​ពលរដ្ឋ​ក្រីក្រ ជាពិសេស​ជន​ចាស់​ជរា​។ 

មនុស្ស​ចាស់ជរា​គ្មានទីពឹង ដែល​ចូលស្នាក់​នៅ​ក្នុង​មណ្ឌលចាស់ជរា​នៅ​ព្រៃវែង
មនុស្ស​ចាស់ជរា​គ្មានទីពឹង ដែល​ចូលស្នាក់​នៅ​ក្នុង​មណ្ឌលចាស់ជរា​នៅ​ព្រៃវែង RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ពលរដ្ឋ​ជាង ៨០ ភាគរយ​រស់នៅ​ទីជនបទ​និង​ដែលជា​ទូទៅ​មាន​ជីវភាព​ក្រីក្រ។ ជីវភាព​ខ្វះខាត​ដោយសារ​ខ្វះ​ប្រភព​ចំណូល​ជា​រឿង​មួយ ប៉ុន្តែ កង្វះ​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​គឺជា​បញ្ហា​ប្រឈម​ធំធេង​មួយទៀត។ នៅពេល​ធ្លាក់ខ្លួន​ឈឺ​ឬ​ជួប​គ្រោះអាសន្ន​ណាមួយ ពួកគេ​ស្ថិតក្នុង​ស្ថានភាព​រងា​គ្មាន​ទីពឹង។ អ្នកខ្លះ​ស្រ​វេ​ស្រវា​ខ្ចីបុល​គេ​ដើម្បី​បាន​ប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មន្ទីរពេទ្យ។

ផ្លូវ​ធ្វើដំណើរ​វែងឆ្ងាយ ចំណាយពេល​យូរ រីឯ​សេវា​ព្យាបាល​ជំងឺ​ក៏មាន​តម្លៃ​ខ្ពស់​និង​មិនសូវមាន​ប្រសិទ្ធភាព​ទៀត។ អ្នក​ដែល​គ្មាន​លទ្ធភាព​សោះ​សុខចិត្ត​ព្យាបាល​តាម​លទ្ធភាព​នៅឯ​ផ្ទះ​និង​បណ្តោយ​តាម​យថាកម្ម។ អ្នកខ្លះ​បង្ខំចិត្ត​លក់​ឬ​បញ្ចាំ​ដីស្រែ​ចម្ការ​បន្តិចបន្តួច​ដែលជា​ដង្ហើមរស់​របស់​គ្រួសារ​ដើម្បី​ដោះ​ទ័ល។ ស្ថានភាព​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ស្ថានភាព​រងា ខ្វះ​ទីពឹង ដោយសារតែ​ប្រព័ន្ធ​ធានា​រ៉ាប់រង​សង្គម​នៅ​ចន្លោះប្រហោង​ធំធេង​ជាពិសេស​គឺ​សម្រាប់​មនុស្ស​ចាស់​តែម្តង។

ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន លើកលែងតែ​អ្នកមាន​ជីវភាព​ធូ​ធារ​មួយចំនួន​តូច និង​អ្នក​បម្រើការ​ឲ្យ​ក្រុមហ៊ុនធំៗមួយចំនួន​ដ៏​តិចតួច​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​បង់ប្រាក់​សេវា​ធានារ៉ាប់រង​ក្នុង​កម្រិត​ណាមួយ។ ក្រៅពីនោះ ពួកគេ​រស់នៅ​គ្មាន​ទីពឹង​តាម​យថាកម្ម។ ងាក​ទៅ​មើល​មនុស្ស​ចាស់​វិញ អវត្តមាន​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​ខណៈដែល​មណ្ឌល​ចាស់ជរា​ក៏​មិនសូវមាន​ទៀត​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ដែល​គ្មាន​កូនចៅ ញាតិសណ្តាន​សម្រាប់​ទីពឹង​រស់ក្នុង​សភាព​រងា​ឯកា​យ៉ាងខ្លាំង។

មាន​ជន​ចាស់ជរា​ច្រើនណាស់​ដែល​រស់នៅ​ដោយ​លំបាក​វេទនា​ជាពិសេស​គ្រួសារ​ដែល​កូនចៅ​ស្លាប់​អស់កាល​ពី​ក្នុងសម័យ​ខ្មែរក្រហម ឬ​ស្លាប់​ដោយសារ​ជំងឺអេដស​ន៍​ឬ​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងទៀត។ មនុស្ស​ចាស់ជរា​ខ្លះ​ដើរ​បេះបោច​ប​ន្លៃ ផ្លែឈើ​ក្នុងព្រៃ ឬក៏​ទូល​នំ​លក់​ដើម្បី​ដោះស្រាយ​ជីវភាព។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជន​ចាស់ជរា​ខ្លះទៀត​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​ចៅតូចៗក្នុងបន្ទុក​ជាច្រើន​ថែមទៀត។

ដោយសារ​កង្វះ​សំណាញ់​សុវត្ថិភាព​សង្គម​នេះហើយ​បានជា​បច្ចុប្បន្ន មនុស្ស​ដែលមាន​វ័យ​ចំណាស់​ចាប់ផ្តើម​ព្រួយបារម្ភ។ ព្រួយបារម្ភ​ដោយសារ​ថា នៅពេល​ធ្វើការ​លែងកើត ពួកគេ​គ្មាន​ប្រាក់ចំណូល​អ្វី​ទាំងអស់។ មន្ត្រីរាជការ​មាន​ប្រាក់​សោធន​និវត្ត​ដែរ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​រស់​ឲ្យ​បាន​សមរម្យ​ទេ។ បើ​ពឹង​លើ​កូន​ក៏​មិន​ប្រាកដថា កូនចៅ​ជំនាន់​នេះ​យកចិត្តទុកដាក់​ចំពោះ​ឳ​ពុក​ម្តាយ​កម្រិតណា​ដែរ​ក្នុង​បរិបទ​ដែល​យុវវ័យ​បច្ចុប្បន្ន​កាន់​តែមាន​និន្នាការ​ចង់​រស់នៅ​ដោយ​ឯករាជ្យ​ពី​ឳ​ពុក​ម្តាយ​កាន់តែ​ច្រើនឡើង​បែបនេះ។ អារម្មណ៍​រងា​ឯកា​នេះ​បានកើត​ឡើង​ដោយសារតែ​កង្វះ​សំណាញ់​សុ​វត្តិភាព​សង្គម​នេះឯង។

ដូច្នេះ រដ្ឋាភិបាល​ក៏ដូចជា​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែរ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​គោលនយោបាយ​គាំពារ​ជនក្រីក្រ​និង​ជន​ចាស់ជរា​ឲ្យ​បាន​ច្រើន​បំផុត ពោលគឺ​កម្ពុជា​ត្រូវបង្កើត​សំណាញ់​សុវត្ថិភាព​សង្គម​រឹងមាំ​មួយ​សម្រាប់​ជួយ​ការពារ​ជនក្រីក្រ​និង​ចាស់ជរា​ឲ្យ​ចាក​ផុតពី​ភាព​រងា​។ បច្ចុប្បន្ន គណបក្សនីមួយៗហាក់​ផ្តោតអារម្មណ៍​ខ្លាំង​ទៅលើ​យុវជន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ប៉ុន្តែ ពួកគេ​ច្រើនតែ​ភ្លេច​គិតដល់​ជន​ចាស់ជរា​។ គោលនយោបាយ​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ០០០ រៀល​ដល់​ចាស់ជរា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាចជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ ប៉ុន្តែ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ធានា​ឲ្យ​មនុស្ស​ចាស់ជរា​រស់​សម​រម្យ​នៅឡើយ​ទេ។

មាន​វិធី​ច្រើនយ៉ាង​ដែល​អាចជួយ​រំដោះ​ពលរដ្ឋ​ក្រីក្រ​ខ្មែរ​ចេញពី​ភាព​រងា៖ ទី១ ការបង្កើត​ឲ្យ​មានការ​ធានារ៉ាប់រង​ខ្នាតតូច​នៅ​ទូទាំងប្រទេស។ ទី២ រដ្ឋាភិបាល​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​បម្រើ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បានល្អ​និង​ត្រូវ​ផ្តល់​សេវា​ដល់​ពួកគេ​ដោយ​មិន​គិតថ្លៃ​និង​មាន​ឲ្យ​ប្រសិទ្ធភាព។ ទី៣ ការបង្កើត​មូលនិធិ​ចាំបាច់​នានា​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន។ ទី៤ ការ​បង្ខិត​មណ្ឌល​សុខភាព​ដែលមាន​សេវា​ថោក​និង​មានគុណ​ភាព​ឲ្យ​ទៅជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​ទី៥ គឺ​គោលនយោបាយ​អភិវឌ្ឍ​ជនបទ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចាក​ចេញពី​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់។

ទាំងនេះ​ជា​សំណាញ់​សុវត្ថិភាព​សង្គម​ដែល​កម្ពុជា​ត្រូវ​កសាង​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ជាពិសេស​ជនក្រីក្រ​និង​មនុស្ស​ចាស់ជរា​ឲ្យ​ចាក​ផុតពី​ភាព​រងារ​ឯកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ