អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ពិត​ជា​មាន​សារៈ​សំខាន់​មែន​ ឬ​សម្រាប់​អាជីវកម្ម​ថ្មី​ថ្មោង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កន្លង​មក​វិទ្យុ​បារាំង​យើង ធ្លាប់​បាន​ធ្វើ​បទ​វិភាគ​ទាក់​ទង​នឹង​កំណើន​យុវជន​បង្កើត​អាជីវកម្ម​ថ្មី​ៗ​ដោយ​ខ្លួន​ឯង។ ហើយ​ការ​ បើក​អាជីវកម្ម​នោះ​ គឺ​សំដៅ​ទៅ​លើ​ការ​បើក​អាជីវកម្ម Start Up ឬ​ក៏​ហៅថា​សហគ្រាស​ខ្នាត​មីក្រូ។ នៅ​ពេល​នោះ​យើង​ ក៏​បាន​បង្ហាញ​ជូន​ពី​កត្តា​ប្រឈម​នានា​មួយ​ចំនួន​ដែរ ទាក់​ទង​នឹង​ហិរញ្ញ​វត្ថុ ធនធាន​មនុស្ស ការ​ប្រកួត​ប្រជែង​ ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​ជា​ដើម។ ប៉ុន្តែ​នៅ​ពេល​នេះ យើង​នឹង​លោក​យក​បញ្ហា​មួយ​ទៀត​មក​វិភាគ​ជូន​លោក​អ្នក​ស្តាប់​ ជា​បន្ត​ទៀត គឺ​កត្តា​ច្បាប់ ដែល​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ការ​បង់​ពន្ធ​ជា​ដើម។

សភាពាណិជ្ជកម្ម​កម្ពុជា
សភាពាណិជ្ជកម្ម​កម្ពុជា © គី​ សុខលីម
ផ្សាយពាណិជ្ជកម្ម

តួរ​លេខ​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្មកាល​ពី​ឆ្នាំ​២០១៥ បង្ហាញ​ថា ក្នុង​ចំណោម​សហគ្រាស​ប្រមាណ​ជា ៥១ម៉ឺន​ ដែល​ត្រូវ​បាន​ជំរឿន មាន​សហគ្រាស​ខ្នាត​ធំ​ជិត ៦៣% ជា​ការ​វិនិយោគ​បរទេស និង​សហគ្រាស​ខ្នាត​មធ្យម​មាន​៣៧, ១៤%។ ដោយ​ឡែក​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធ​លើ​សហគ្រាស​ខ្នាត​មីក្រូ មាន​រហូត​ដល់ ៩៩% និង​ខ្នាត​តូច​មាន​៩៤%។ នេះ​ស​ឲ្យ​ឃើញ​ថា អាជីវកម្ម​នៅ​កម្ពុជា​ គឺ​នៅ​មាន​លក្ខណៈ​ជា​គ្រួសារ​នៅ​ឡើយ។ កត្តា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ ស្មុគស្មាញ​ក្នុង​ការ​រៀបចំ​ឯកសារច្បាប់ និង​ការ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់​លាស់​មួយ​នោះ។ ហើយ​ក៏​ជា​កត្តា​មួយ ដែល​ធ្វើ​ ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ នៅ​ពេល​ដែល​អាជីវកម្ម​អស់​ទាំង​នោះ​មិន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​បង់​ពន្ធ​ត្រឹមត្រូវ​នោះ។

ពិត​ណាស់​ថា​ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​វា​ពិត​ជា​មាន​សារៈ​សំខាន់​ ដើម្បី​បង្ហាញ​ថា អាជីវកម្ម​មួយ​ជា​អាជីវកម្ម​ស្រប​ច្បាប់​ និង​ការពារ​ដោយ​ច្បាប់​ នៅ​ពេល​មាន​ជម្លោះ ឬ​ក៏​បញ្ហា​ណាមួយ​កើត​ឡើង​ជាយថាហេតុ។ ប៉ុន្តែ​ការ​ចុះ​បញ្ជី​នេះ​ទៀតសោត ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ផ្នែក​ហិរញ្ញ​វត្ថុ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​អាជីវកម្ម​នីមួយៗ ឬ​និយាយ​ឲ្យ​ចំ​គឺ​លំហូរ សាច់​ប្រាក់​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ថា​អាច​យក​ប្រាក់​ចំណូល និង​ចំណេញ​បាន​ប៉ុណ្ណា​ដែរ។

បើសិន​យើង​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ថា ពិត​ជា​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​មុខ​ហើយ​នោះ អ្វី​ដែល​សំខាន់​គឺ​ការ​ចុះ​បញ្ជី​ និង​បង់ពន្ធ​តាម​ដែល​ច្បាប់​ក្នុង​ប្រទេស​តម្រូវ​ឲ្យ​មាន។ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ងាយ​ស្រួល ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្តា​ដៃគូ​អាជីវកម្ម​ផ្សេង​ទៀត មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ។ មួយ​វិញ​ទៀត គឺ​ការ​រក្សា​ឈ្មោះ​យីហោ ឬ​ក៏​ Brand របស់​អាជីវកម្ម​ដោយ​ច្បាប់​នៅ​ក្នុង​ប្រទេស។ អញ្ចឹង​ម្ចាស់​អាជីវកម្ម​ដើម​ក៏​អាច​មាន សិទ្ធិ​លក់​ឈ្មោះ​អាជីវកម្ម​ ឬ​ហៅថា​លក់ Franchise បន្ត​ទៀត​បាន​ដែរ។

វា​អាច​នឹង​គ្រោះ​ថ្នាក់​បន្តិច នៅ​ពេល​ដែល​មិន​ទាន់​មាន​គម្រោង ឬ​ផែនការ​អាជីវម្ម​ច្បាស់​លាស់​ផង ហើយ​រត់​ទៅ​ចុះ​បញ្ជី​ ពាណិជ្ជកម្ម​នោះ។ ព្រោះ​ថា សូម្បី​តែ​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​បាន​ដឹង និង​កំណត់​ពី​ជោគ​វាសនា​របស់​អាជីវកម្ម​ របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ដែរ។

ចំពោះ​រដ្ឋាភិបាល​វិញ​ក៏​គួរ​តែ​ពន្លឿន​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​នេះ​ផង​ដែរ ខណៈ​ដែល​ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន​ នៅ​តែ​បន្ត​គេច​វេស ដោយ​មិន​ចង់​អស់​ថ្លៃ​សេវា និង​ការ​បង់ពន្ធ​ជា​ដើម។ វា​អាច​នឹង​ពិបាក​បន្តិច​សម្រាប់​កម្ពុជា ​ព្រោះ​យើង​ដឹង​ហើយ​ថា អាជីវកម្ម ឬ​ក៏​សហគ្រាស​ខ្នាត​មីក្រូ​ចំនួន ៩៩% គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ប្រជាជន​ខ្មែរ។​ អញ្ចឹង មាន​ន័យ​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​អប់រំ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ពី​អត្ថប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​អប់​រំពី​ការ​បង្កើត​គម្រោង​អាជីវកម្ម​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ៗ។

បញ្ហា​អស់​ទាំង​នេះ គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​ត្រូវ​យក​ទៅ​ពិចារណា ជា​ពិសេស​គឺ​យុវជន​ខ្មែរ ដែល​កំពុង​តែ​មាន​ ទំនោរ​ហក់​ទៅ​បង្កើត​អាជីវកម្ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ព្រោះថា​ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង​អាច​ផ្តល់​នូវ​ អត្ថប្រយោជន៍ សេរីភាព​ពេល​វេលា និង​គោល​គំនិត ឯករាជ្យភាព សេរីភាព សុវត្ថិភាព​ការងារ និង​ប្រាក់​ចំណូល​ជា​ដើម។ ប៉ុន្តែ​មុន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អស់​ទាំង​នេះ យុវជន​ខ្មែរ​ទាំង​អស់ ត្រូវ​តែ​មាន​ចំណេះ​ដឹង ដែល​អាច​ដោះស្រាយ​ និង​ប្រឈម​នូវ​បញ្ហា​ដែល​បាន​លើក​ឡើង​ពី​ខាង​លើ ដើម្បី​ធ្វើ​ជា​គ្រឹះ​មួយ​ដ៏​មាំ​ក្នុង​ការ​បង្កើត​អាជីវកម្ម​មួយ​ប្រកប ដោយ​ជោគជ័យ និង​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​នៅ​ក្នុង​ពិភព​មុខ​ជំនួញ។

កន្លង​មក​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​មាន​ឈ្មោះ​ថា MOC 101 Incubatorដែល​ជា​កម្មវិធី​ដំបូង​បង្អស់​របស់​ក្រសួង ក្នុង​ការ​ជួយ​បណ្តុះ​គំនិត​ធ្វើ​អាជីវកម្ម​ដល់​ប្រជាជន​កម្ពុជា ប្រកប​ដោយ​ជំនាញ និង​ប្រសិទ្ធិ​ភាព កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ហើយ​ដែល​ទើប​ត្រូវ​បាន​បញ្ចប់​កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ។ កម្មវិធី​នេះ​ក៏​ជា​ផ្នែក​មួយ​ នៃ​ការ​ជួយ​បង្ហាត់​បង្រៀន​យុវជន​ខ្មែរ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ជំនាញ និង​ចំណេះ​ដឹង​ដែរ។ ហើយ​ក្រៅ​ពី​នេះ​ ក៏​នៅ​មាន​ស្ថាប័ន និង​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ដែល​ជួយ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ៗ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ។ ប៉ុន្តែ​ការ​បណ្តុះ​បណ្តាល​ក្នុង​រយៈ​ពេល​ខ្លី​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ សម្រាប់​យុវជន​ខ្មែរ អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ សហគ្រិន​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ យុវជន​ខ្លួន​ឯង​ចាំបាច់​បំផុត​ត្រូវ​តែ​រៀន​សូត្រ​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង បង្កើត​ភាព​ជា​អ្នក​ដឹកនាំ និង​ចេះ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ