អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សហជីព​រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​តែ​មិន​ឲ្យ​ហែ

នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​នេះ​ សាលា​ក្រុង​ភ្នំពេញ និង​ក្រសួង​មហា​ផ្ទៃ បាន​អនុញ្ញាត​ឲ្យ​សហជីព​រៀប​ចំ​កម្មវិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​មួយ​កន្លែង នា​ថ្ងៃ​ស្អែក​នេះ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ ជា​ការ​អនុញ្ញាត តប​តាម​ការ​ស្នើ​របស់​សហជីព ដើម្បី​ឲ្យ​តំណាង​កម្មករ​ចូល​រួម​ប្រមាណ​២​ពាន់​នាក់ ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​​នា​ថ្ងៃ​ស្អែក។

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ​បាន​ឯកភាព​តាម​សំណើ​របស់​សាលា​ក្រុង​ហើយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​តំណាង​សហភាព សហព័ន្ធ​សហជីព និង​សមាគម ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ខួប​លើក​ទី​១៣២។ ប៉ុន្តែ​ការ​ហែ​ក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ទេ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​នេះ​ថា លោក​បាន​ក៏​បាន​ទទួល​ព័ត៌មាន ថា​ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឲ្យ​សហជីព​របស់​លោក​រៀប​ចំ​កម្មវិធី​នា​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​ដែរ។

បើ​តាម​លោក​អាត់ ធន់ ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពីរ​សំខាន់ៗ ទី​១ ដើម្បី​អបអរ​សាទរ និង​រំឭក​ដល់​វីរភាព​របស់​អ្នក ដែល​បាន​បូជា​ជីវិត ដើម្បី​សិទ្ធិ​ការងារ​រហូត​ដល់​បច្ចុប្បន្ន។ ទី​២ សហជីព​តែង​តែ​យក​ឱកាស​នេះ ផ្ញើ​សារ និង​សម្តែង​ទុក្ខ​កង្វល់​ផ្សេងៗ​​នៅ​ក្នុង​ឆ្នាំ​ចាស់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ។

គូស​បញ្ជាក់​ថា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា CLC ដើម​ឡើយ​គ្រោង​នឹង​រៀប​ចំ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធាន​បទ “ការ​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព” ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ រួច​ដង្ហែ​ក្បួន​ទៅ​ដាក់​ញ្ញតិ​ជូន​រដ្ឋសភា តាម​មហា​វិថី​សម្តេច​សុធារស។

ប៉ុន្តែ​សំណើ​ហែ​ក្បួន ត្រូវ​បាន​សាលា​ក្រុង​ទាត់​ចោល និង​ប្រាប់​ឲ្យ​រៀប​ចំ​កម្មវិធី​នឹង​សួន​ច្បារ​CDC​វិញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សម្រប​សម្រួល​ស្នើ​ឲ្យ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា មក​ទទួល​ញ្ញតិ្ត​នៅ​ទីតាំង​ប្រារព្ធ​ពិធី។ បើ​តាម​សាលា​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀប​ចំ​កម្មវិធី​នៅ​មួយ​កន្លែង គឺ​ដើម្បី​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ពិសេស​បញ្ចៀស​នូវ​ការ​កក​ស្ទះ​ចរាចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ