អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ និង​កម្មករ​ដក​ថយ​ម្នាក់​មួយ​ជំហាន បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា

ក្រុម​កម្មករ​ជិត ២​ពាន់​នាក់ បាន​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​ខួប​លើក​ទី ១៣១។ នៅ​ថ្ងៃ​នេះ កម្មករ​នៅ​លើ​ពិភព​លោក​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​នេះ ដើម្បី​ជា​ការ​រំលឹក និង​សម្តែង​មតិ​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​របស់​ពួក​គេ។ តែ​នៅ​កម្ពុជា អាជ្ញាធរ​បាន​ហាម​ចំពោះ​ការ​ដើរ​ដង្ហែរ​ក្បួន។

អាជ្ញាធរ និង​កម្មករ​ដក​ថយ​ម្នាក់​មួយ​ជំហាន បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា
អាជ្ញាធរ និង​កម្មករ​ដក​ថយ​ម្នាក់​មួយ​ជំហាន បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង បាន​ប្រឈម​មុខ​គ្នា​ជាមួយ​ក្រុម​កម្មករ-កម្មការិនី​រោងចក្រ​កាត់​ដេរ ដេរ​ស្បែក​ជើង និង​វិស័យ​ផ្សេងៗ​ទៀត​ប្រមាណ​ជាង ២​ពាន់​នាក់ នៅ​ពេល​ដែល​ពួក​គេ​បាន​ព្យាយាម​ដើរ​ដង្ហែរ​ក្បួន យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ក្នុង​រដ្ឋសភា​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ០១​ឧសភា​នេះ។ សម្រាប់​ភាគី​អាជ្ញាធរ នេះ​គឺ​ជា​ការ​អនុវត្ត​ដាច់​ណាត់​ចំពោះ​បទ​បញ្ជា​របស់​ថ្នាក់​លើ​ ដោយ​ហាម​មិន​ឲ្យ​កម្មករ​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​នេះ​ទេ។ ចំណែក​ឯ​ភាគី​កម្មករ​និយោជិត​វិញ ក្រៅ​តែ​ពី​ការ​ចង់​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​នេះ​ហើយ ក៏​មាន​បំណង​ដើរ​ដង្ហែរ​ក្បួន យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ក្នុង​រដ្ឋសភា​ជាតិ​ផង​ដែរ។

ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ ភាគី​ទាំង​ពីរ​បាន​សម្រេច​ដក​ថយ​ម្នាក់​មួយ​ជំហាន ពោល​គឺ​ភាគី​អាជ្ញាធរ​បាន​យល់​ព្រម​បើក​របាំង​បិទ​ផ្លូវ​ឲ្យ​កម្មករ​ដើរ​ដង្ហែរ​ក្បួន​ប្រមាណ​ជា ៣០០​ម៉ែត្រ ចំណែក​ឯ​ភាគី​កម្មករ​វិញ បាន​យល់​ព្រម​ដើរ​ដង្ហែរ​ក្បួន​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​បាន​សម្រេច​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ចំនួន ១០​នាក់​ប៉ុណ្ណោះ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្នុង​រដ្ឋសភា។ ការ​សម្រេច​បែប​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ចរចារ​គ្នា រវាង​ភាគី​អាជ្ញាធរ​ខណ្ឌ​ចំការមន​ជាមួយ​នឹង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ក្រោម​ការ​ជួយ​សម្រប​សម្រួល​ពី​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល ដែល​គេ​ដឹង​ជា​ទូទៅ​ថា គឺ​ជា​អ្នក​ដែល​មាន​សមាន​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ក្រុម​កម្មករ​ជិត ២​ពាន់​នាក់​ដែល​មក​ពី​៩​ស្ថាប័ន​សហជីព​ធំៗ​នៅ​កម្ពុជា បាន​ដើរ​ដង្ហែរ​ក្បួន​ដោយ​ជោគ​ជ័យ ដោយ​កម្មករ​ទាំង​អស់​បាន​ចង​ក្រណាត់​ពណ៌​ក្រហម​ច្រាល នៅ​លើ​ក្បាល​របស់​ពួក​គេ​ដោយ​មាន​សរសរ​អក្សរ​ថា សិទ្ធិ​យើង

គួរ​ជំរាប​ជូន​ថា តាម​គម្រោង ក្រុម​កម្មករ​ទាំង​នេះ គ្រោង​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​មាត់​ទន្លេ ស្ថិត​នៅ​ខាង​កើត​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជិត​រមណីយដ្ឋាន​វត្ត​ភ្នំ​ឯណេះ​ទេ។ ក៏​ប៉ុន្តែ នៅ​ទី​នោះ ក៏​មាន​ការ​ដាក់​របាំង​បិទ​ផ្លូវ និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ផង​ដែរ។

សូម​បញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​ឆ្នាំ ២០១៧ ខួប​លើក​ទី​ ១៣១​នេះ ក្រុម​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ ដេរ​ស្បែក​ជើង និង​វិស័យ​មួយ​ចំនួន​ទៀត បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​រដ្ឋសភា ដោយ​បាន​ទាមទារ ១៦​ចំណុច។ ក្នុង​នោះ ក៏​មាន​ការ​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា​ជាតិ កំណត់​ប្រាក់​ឈ្នួល​ជា​ថ្មី​ដល់​កម្មករ​និយោជិត​អប្បរមា​ចំនួន ២០៧​ដុល្លារ​ក្នុង​មួយ​ខែ និង ២៥០​ដុល្លារ​សម្រាប់​មន្រ្តី​រាជការ ព្រម​ទាំង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូច​ជា វិស័យ​សំណង់ ទេសចរណ៍ និង​វិស័យ​សេវាកម្ម​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ