អានតួអត្ថបទ
កម្ពជា

បុរស​ម្នាក់​​ត្រូវ​​ចាប់​ខ្លួន​​ដាក់គុក​​រឿង​​ក្លែង​ខ្លួន​​ជា​​កងរាជអាវុធ​ហត្ថ​​និង​​បញ្ចេញ​សារ​​ញុះញង់​​តាម​​ហ្វេ​ស​ប៊ុ​ក​

បុរស​ម្នាក់​ឈ្មោះ​ស្តើង ចិន្តា មានមុខរ​បរជា​សន្តិ​សុខ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវបាន​តុលាការខេត្ត​នេះ​សម្រេច​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ការឃុំខ្លួន​នេះ ធ្វើឡើង​ក្រោម​ការចោទប្រកាន់​ពីបទ​ពាក់ព័ន្ធ​ក្លែង​អត្តសញ្ញាណ​ជា​កងរាជអាវុធហត្ថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ការចាប់ខ្លួន​និង​ឃុំ​នេះ​ទៀតសោត ធ្វើឡើង​ក្រោយ​បុរស​ម្នាក់នេះ​បាន​ចូលទៅ​បញ្ចេញមតិ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក“យមរាជ​លោកីយ៍” ដែល​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នេះ ទើប​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កងរាជអាវុធហត្ថ។

លោក​ស្តើង ចិន្តា ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​
លោក​ស្តើង ចិន្តា ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ @Fresh News
ផ្សាយពាណិជ្ជកម្ម

ដើម​ហេតុដែល​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ស្តើង ចិន្តា​នេះ គឺ​ដោយសារតែ​បុរស​ម្នាក់នេះ បាន​ចូលទៅ​បញ្ចេញយោបល់(Comment) នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក“យមរាជ​លោកីយ៍” របស់លោក​សន សំនៀង​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយ ខេត្តកំពង់ធំ ដែល​ពេលនោះ កំពុង​ផ្សាយ​ផ្ទាល់​ជុំវិញ​រឿង​កងរាជអាវុធហត្ថ​ព្រមាន​ចាប់ខ្លួន​រូបលោក ។ លោក​ស្តើង ចិន្តា ដែលមាន​រូបភាព​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ឯកសណ្ឋាន​ជា​កងរាជអាវុធហត្ថ បាន​ចូលទៅ​បញ្ចេញមតិ(Comment) ដោយ​សរសេរ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​លោក​សន សំនៀង ហើយ​ថា នឹងមាន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គាំទ្រ។ ក្នុងពេល​នោះដែរ លោក​ស្តើង ចិន្តា ក៏បាន​អះអាងថា ខ្លួន​គឺជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រង​ខេត្ត​ព្រះសីហនុ។

គឺ​នៅត្រង់ចំណុច​នេះហើយ ដែល​កងរាជអាវុធហត្ថ បាន​ចោទ​លោក​ស្តើង ចិន្តា ថា បាន​ក្លែង​អត្តសញ្ញាណ​ជា​កងរាជអាវុធហត្ថ និង​បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែមទៀត។ នេះ​បើតាម​ការអះអាង​របស់​លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ខ្លី​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ បើតាម​លោក​អេង ហ៊ី ដដែល មន្ត្រី​កងរាជអាវុធហត្ថ​ពិតប្រាកដ គឺ​មិនអាច​ទៅ​បញ្ចេញមតិ​ផ្តេសផ្តាស​នោះទេ ដោយសារតែ​ពួកគេ​ត្រូវបាន​អប់រំ និង​ត្រូវ​កម្រិត​ការបញ្ចេញមតិ​ដោយ​វិន័យ និង​លក្ខ​ខ​ន្តិ​កៈ​កងរាជអាវុធហត្ថ។

ជនសង្ស័យ​ឈ្មោះ​ស្តើង ចិន្តា ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២០ ខែកក្កដា នៅក្នុង​ក្រុងព្រះសីហនុ។ នៅ​ថ្ងៃទី២២ កក្កដា ជនសង្ស័យ​រូបនេះ ក៏​ត្រូវបាន​តុលាការខេត្ត​នេះ សម្រេច​ឃុំខ្លួន បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ។ ការឃុំខ្លួន​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​សន សំនៀង ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក“យមរាជ​លោកីយ៍”ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ដូចគ្នា។

លោក​សន សំនៀង ត្រូវបាន​តុលាការខេត្ត​កំពង់ធំ​ចោទប្រកាន់​ពីរ​បទល្មើស​គឺ​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ អតីតមន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើការ​រិះគន់​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ភាពមិនប្រក្រតី​នៃ​ការបង្ក្រាប​គ្រឿងញៀន​ដែល​ធ្វើ​ឲ្យ​រូបលោក​ត្រូវ​ខ្ទាត​ចេញពី​តំណែង។ ក៏ប៉ុន្តែ​រាល់​ការរិះគន់ និង​លើកឡើង​ទាំង​អម្បាលម៉ាន​របស់លោក​ស​ន សំនៀង​នេះ ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានមក​ច្រានចោល​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ