អានតួអត្ថបទ
កម្ពុជា-គ្រឿងញៀន

គ្រឿង​ញៀន​ជាង​១០០​គីឡូក្រាម​ទើប​ចាប់​បាន​នៅ​ថ្ងៃ​នេះ ខណៈ​ជាង​៦០​គីឡូក្រាម​ទៀត​ត្រូវ​បាន​ដុត​ចោល

សមត្ថកិច្ច​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​រឹប​អូស​គ្រឿង​ញៀន​ជាង​១០០​គីឡូក្រាម និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​នៅ​ច្រក​ត្រពាំង​ក្រៀល​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ។ ការ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ពេល​នេះ ចំ​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដែល​ធ្វើ​នៅ​​កោះ​ពេជ្រ ​ដោយ​ដុត​បំផ្លាញ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ចំនួន​៦៤​គីឡូក្រាម ​មាន​តម្លៃ​ជាង​២​លាន​ដុល្លារ​។

ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ដោយ​ដុត​បំផ្លាញ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ចំនួន​៦៤​គីឡូក្រាម
ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ដោយ​ដុត​បំផ្លាញ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ចំនួន​៦៤​គីឡូក្រាម @សហការី
ផ្សាយពាណិជ្ជកម្ម

គ្រឿង​ញៀន​ចំនួន​១២០​គីឡូក្រាម ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ គឺ​ជា​ប្រភេទ​ម៉ា​ទឹក​កក ត្រូវ​បាន​ក្រុម​ជន​ល្មើស​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​០៣​នាក់​ដឹក​ចេញ​ពី​ប្រទេស​ឡាវ ចូល​មក​កម្ពុជា តាម​រថយន្ត​ក្រុង។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

តាម​របាយការណ៍​ដដែល ក្រុម​ជន​ល្មើស រួម​ទាំង​គ្រឿង​ញៀន ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រៀល ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ខាង​គ្រឿង​ញៀន ដើម្បី​បន្ត​នីតិវិធី​ទៀត​តាម​ផ្លូវ​ច្បាប់។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ​កែ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថា ​ពួក​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿងញៀន ​តែង​តែ​លួច​លាក់​ចរាចរ​គ្រឿងញៀន​ខុស​ច្បាប់ ​ឆ្លង​កាត់​ប្រទេស​កម្ពុជា។ ​តាម​អាជ្ញាធរ​គ្រឿង​ញៀន ​គ្រឿង​ញៀន​ដែល​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ ភាគ​ច្រើន​មកពី​តំបន់​អាមេរិក​ខាង​ត្បូង ​តំបន់​អាហ្វ្រិក ​តំបន់​ត្រីកោណ​មាស ​និង​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ជា​ដើម។

ទាក់​ទង​ទៅ​នឹង​សន្ទុះ​នៃ​ការ​ផលិត​និង​ចរាចរ​គ្រឿង​ញៀន ​លោក ​កែ គឹមយ៉ាន ​បាន​បញ្ជាក់​ថា​ និន្នាការ​នៃ​ការ​ផលិត ​ការ​ចរាចរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភព​លោក ​មិន​មាន​ការ​ថយ​ចុះ​ទេ​ ដោយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្ថានភាព​គ្រឿង​ញៀន​ កាន់​តែ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​និង​រាល​ដាល ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្រោម​ប្រធាន​បទ​«​ចូល​រួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត ​និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន​» ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​បាន​បង្ហាញ​ថា ​រយៈ​ពេល​៥​ខែ ​ដើម​ឆ្នាំ​២០១៨​នេះ ​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បាន​ចំនួន​ជាង​២៨០០​ករណី ​ចាប់​បាន​ជន​សង្ស័យ​ចំនួន​ជាង​៥៧០០​នាក់​ និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាង​៩៣​គីឡូក្រាម​។

ដោយ​ឡែក ​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ផង​ដែរ​នូវ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជិត​១​ម៉ឺន​នាក់ ​និង​បាន​ផ្តល់​ការ​ព្យាបាល ​និង​ស្តារ​នីតិ​សម្បទា​ដល់​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ចំនួន ​ជាង​៧​ពាន់​នាក់​ គឺ​ស្មើ​នឹង​៧៥​ភាគ​រយ ​នៃ​អ្នក​ប្រើ​ប្រាស់​និង​អ្នក​ញៀន​គ្រឿង​ញៀន​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ