អានតួអត្ថបទ
កម្ពុជា

IPU ព្រួយ​បារម្ភ​ពីការ​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​រំលោភ​សិទ្ធិ​​តំណាងរាស្ត្រ​នៅ​កម្ពុជា

សហភាព​អន្ដរសភា IPU នៅ​ថ្ងៃ​ទី​២៧​តុលា​ម្សិលមិញ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​តំណាង​រាស្ត្រ​នៅ​ទូទាំង​ពិភពលោក​។ នៅ​ក្នុង​សេចក្ដី​សម្រេចជា​ស៊េរី​កម្រាស់​៤០​ទំព័រ សហភាព​អន្ដរសភា​បាន​លើក​ឡើង​ពី​ករណី​គាប​សង្កត់​ និង​រំលោភ​សិទ្ធិ​​អ្នក​តំណាង​រាស្ត្រចំនួន​១២៩​រូប ​នៅ​ប្រទេស​ចំនួន៨​​ផ្សេង​គ្នា ដែល​ក្នុង​នោះ​ក៏​មាន​តំណាង​រាស្ត្រ​ម​ក​ពី​បក្ស​ប្រឆាំងចំនួន​​១៥​រូប​របស់​កម្ពុជា​ផង​ដែរ​។

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង​ទាំង​១៥​រូប​ ដែល​សហភាព​អន្ដរសភា​ IPU អះអាង​ថា ត្រូវ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន ការ​វាយ​ដំ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្ដឹង​ផ្ដល់​​​តាម​ផ្លូវ​តុលាការ​នោះ​​រួម​មាន លោក សម រង្ស៊ី, លោក កឹម សុខា, លោក ហុង សុខហួរ, លោក អ៊ុំ សំអាន, លោក ញ៉យ ចំរើន, លោក គង់ សភា, លោក​ស្រី ថាក់ ឡានី, លោក​ស្រី មួរ សុខហួរ, លោក កែវ ភីរម្យ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក នុត រំដួល, លោក ម៉ែន សុថាវរិន្ទ្រ, លោក រៀល ខេមរិន្ទ្រ, និង លោក ចាន់ ចេង​។

បើ​តាម​ IPU​ ការ​គំរាម​កំហែង រំលោភ​​សិទ្ធិ និង​ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ បាន​រារាំង​​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ទាំង​១៥​រូប មិនឲ្យ​​បំពេញ​តួនាទី​ខ្លួន​ឯង​បាន​យ៉ាង​ពេញ​លេញ ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​កាត់​ទោស ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​។

ការ​ព្រួយ​បារម្ភ​របស់ IPU ​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​ជួប​សវនាការ​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ក្នុង​សន្និបាត​លើកទី​១៣៥ ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ នៅ​ក្នុង​ជំនួប​នោះ លោក សម រង្ស៊ី បាន​ជម្រាប​ប្រាប់​ទៅ​ IPU ​ថា លោក​ដែល​កំពុង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​រារាំង​មិន​ឲ្យ​ត្រឡប់​ចូល​ប្រទេស ដោយ​ប្រើ​ប្រាស់​វិធី​គ្រប់​សព្វ​បែប​យ៉ាង​។ ហើយ​លោក​ព្រួយ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​អាច​នឹង​មិន​មាន​ភាពយុត្តិធម៌ ប្រសិន​បើ​រូប​លោក​ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល ត្រូវ​រង​បណ្ដឹង ហើយ​មិន​អាច​ចូល​រួមក្នុង​ឆាក​នយោបាយ​​ដោយ​សេរី និង​ពេញ​លេញ​ទេ​នោះ​។

ផ្ទុយ​ពី​លោក សម រង្ស៊ី ប្រតិភូ​កម្ពុជា​ដែល​បាន​ចូល​រួម​សន្និបាត​សហភាព​អន្ដរសភា​លើក​ទី​១៣៥ បាន​អះអាង​​ថា គណបក្ស​សង្គ្រោះជាតិ អាច​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត លើក​លែង​តែ​សមាជិក​ណា​ដែលបាន​ប្រព្រឹត្ត​បទ​ល្មើស​ប៉ុណ្ណោះ​។ បើ​តាម​ប្រតិភូ​ដដែល ខណៈ​ពេល​ដែល​លោក សម រង្ស៊ី និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បក្ស​ប្រឆាំង​អាច​តែងតាំង​ថ្នាក់​ដឹកនាំ​ថ្មី ដែល​អាច​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​។ ចំណែក​​សំណុំ​រឿង​លោក កឹម សុខា គ្មាន​ដីកា​តុលាការ​មួយ​ណា​ដែល​ហាម​ឃាត់​រូប​លោក​មិន​ឲ្យ​ចាក​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ឡើយ​។ ប្រតិភូ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ IPU ​ទៀត​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ខុស​ពី​បស្ចឹម​ប្រទេស ហើយ​ចាំ​បាច់​ត្រូវ​ថ្លឹង​ថ្លែង​ជាមួយ​ស្ថិរភាព​នៃ​ប្រទេស​។ សម្រាប់​ប្រតិភូ​កម្ពុជា បក្ស​ប្រឆាំង​នឹង​មិន​ធ្លាក់​ក្នុង​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ប្រសិន​បើ​គណបក្ស​នេះមិន​ចាក់​សាំង​លើ​ភ្លើង ហើយ​បង្ហាញ​ជំហទន់ភ្លន់ មិន​រិះគន់​វាយ​ប្រហារ​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា​​​។ នេះ​បើ​តាម​ប្រតិភូ​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ IPU ​បាន​ទាមទារ​ឲ្យ​កម្ពុជា គោរព​អភ័យឯកសិទ្ធិសភា​របស់​អ្នក​តំណាងរាស្ត្រ ក៏​ដូច​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំ​ជម្រះ​ដោយ​ឯករាជ្យ​និង​យុត្តិធម៌​។ សហភាព​អន្ដរសភា IPU ក៏​ចង់​ឲ្យ​បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​តាមផ្លូវ​ចរចា ដើម្បី​បង្កើត​បរិយាកាស​នយោបាយ​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ