អានតួអត្ថបទ
កម្ពុជា

ខួប៣០ឆ្នាំ​ ថ្ងៃ​​ឡើង​កាន់​​អំណាច​ លោក​​ហ៊ុន សែន ​បង្ហាញ​​ពី​​គុណសម្បត្តិ​តប​​នឹង​​របាយការណ៍​​រិះគន់​

ថ្ងៃ​១៤​មករា​ ១៩៨៥​-ថ្ងៃ១៤មករា​ ២០១៥​ ថ្ងៃនេះ ​ជា​​ខួប​​គម្រប់​៣០​ឆ្នាំ ​ថ្ងៃ​​ដែល​​លោក​ ហ៊ុន​  សែន ​ឡើង​កាន់​តំណែង ​ជា​​នាយករដ្ឋមន្ត្រី​ ដឹកនាំ​​ប្រទេស​​កម្ពុជា​។ ​នៅ​​ថ្ងៃ​ទី​១៤​មករា​​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បង្ហាញ​​ពី​​គុណសម្បត្តិ​​របស់​លោក ​តប​​នឹង​​របាយការណ៍​​រិះគន់​​របស់​​អង្គការ​​ឃ្លាំ​មើល​​សិទ្ធិមនុស្ស ​Human ​Right​ Watch​។ ​នោះ​​គឺ​​លោក​នាយក​រដ្ឋ​មន្ត្រី​ បញ្ចប់​សង្គ្រាម​​ហែក​ហួរ​​នៅ​​កម្ពុជា​ នាំ​​ដល់​​កិច្ច​ព្រមព្រៀង​​ប៉ារីស ​ថ្ងៃ​២៣​តុលា ​១៩៩១​ សមិទ្ធផល​​សន្តិភាព ​ក្រោម​​នយោបាយ​​ឈ្នះ​ឈ្នះ ​បញ្ចប់​សង្គ្រាម​ រំលាយ​​អង្គការ​​ខ្មែរ​ក្រហម​ កំណែទម្រង់​​ដីធ្លី​ ចែក​ដី​​ឲ្យ​​ប្រជាពលរដ្ឋ​​មាន​កម្ម​សិទ្ធិ​​ដីធ្លី ​ព្រម​ទាំង​​ស្ពាន​​អ្នក​លឿង ​ក៏​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជា​​អ្នក​​សុំ​​ជប៉ុន​​ផងដែរ​។​

លោក​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែល​គ្រប់គ្រង​អំណាច​បាន​៣០ ​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ទី ១៥​មករា​ ឆ្នាំ២០១៥​
លោក​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែល​គ្រប់គ្រង​អំណាច​បាន​៣០ ​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ទី ១៥​មករា​ ឆ្នាំ២០១៥​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រម្លឹក​ដល់​ខួប ៣០ ឆ្នាំ នៃ​ការឡើង​កាន់អំណាច ដឹកនាំ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ១៤មករា ១៩៨៥ គឺ​នៅ​ថ្ងៃ១៤មករា ឆ្នាំ២០១៥ ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន​អ្នក​លឿង ដែលជា​ជំនួយ​របស់​ជប៉ុន លោក​ហ៊ុន សែន បាន​រម្លឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ។ នៅ​ថ្ងៃ​ខួប​គម្រប់ ៣០ ឆ្នាំ លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​គុណសម្បត្តិ​បី​បួន​ចំណុច​របស់លោក ក្នុង​រយៈកាល ៣០ ឆ្នាំ​មកនេះ។

តាម​លោក​ហ៊ុន សែន ពេល​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី នៅ​ឆ្នាំ១៩៨៥ សង្គ្រាម​ហែកហួរ នៅ​កើតមាន​នៅឡើយ​ទេ​នៅ​កម្ពុជា។ ដូច្នេះ​បើ​គ្មាន​បាតដៃ​របស់លោក​ទេ ក៏​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣តុលា ១៩៩១ ដែរ ព្រោះ​រូបលោក ជា​អ្នកចរចា។
ចំណុច​មួយទៀត សមិទ្ធផល​នៃ​សន្តិ​ភាព​ ដើម្បី​​បញ្ចប់សង្គ្រាម​ជាមួយ​ខ្មែរក្រហម គឺ​លោក​អះអាងថា រូបលោក​ផ្ទាល់ បាន​យក​ជីវិត​ទៅ​ប្តូរ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​ចូល​រូង​ខ្លា ដែលជា​សំបុក​ខ្មែរក្រហម ខណៈដែល​អង្គការសហប្រជាជាតិ អ៊ុនតាក់ ប្រើ​លុយ ២០០០ លាន​ដុល្លារ ក៏​មិនអាច​បញ្ចប់សង្គ្រាមបាន​ផង​នោះ។

គុណសម្បត្តិ​មួយទៀត នៅ​ឆ្នាំ១៩៨៥ គឺ​លោក​ហ៊ុន សែន ជា​អ្នកដឹកនាំ​កំណែទម្រង់​ដីធ្លី អនុវត្ត​នយោបាយ ចែក​ដី​ផ្តល់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ ក្នុងនោះ ស្ពាន​អ្នក​លឿង ពេលនេះ ក៏​លោកនាយក​រដ្ឋមន្ត្រី ជា​អ្នក​ទៅសុំ​ជប៉ុន ផងដែរ។

ទន្ទឹមនឹង​ការលើកឡើង​បង្ហាញ​ពី​គុណសម្បត្តិ​ខាងលើ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទទួលស្គាល់ថា ក្នុងការ​ដឹកនាំ​រយៈកាល ៣០ ឆ្នាំ​មកនេះ លោក​ក៏មាន​កំហុស​ដែរ។ ប៉ុន្តែ​កំហុស​អ្វីខ្លះ​នោះ មិនត្រូវ​បាន​លោក​លើក​បង្ហាញ​ទេ។

អត្ថាធិប្បាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ ជាការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ក្រោម​ចំណងជើង​ថា “រយៈពេល ៣០ ឆ្នាំ ក្នុងពេល​កាន់តំណែង​របស់លោកហ៊ុន សែន។ នោះ​គឺ លោកហ៊ុន សែន ជា​មេដឹកនាំ ជាប់​ចំណាត់ថ្នាក់​ទី៦ ក្នុងចំណោម​មេដឹកនាំ កាន់អំណាច​យូរ​ជាងគេ​លើ​លោក។
តាម Human Rights Watch រយៈពេល ៣០ ឆ្នាំ​មកនេះ លោក​ហ៊ុន សែន កាន់អំណាច​បានយូរ ដោយ​ប្រើប្រាស់​មធ្យោបាយសំខាន់ៗ  រួមមាន ការប្រើ​អំពើហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ។ ជា​របាយការណ៍​ដែល​មន្ត្រី​រដ្ឋាភិបាល ចាត់ទុកជា​ការព្យាយាម​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ