អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថានភាព​នយោបាយ​រឹតតែ​តានតឹង៖ លោក​ហ៊ុន សែន ប្តឹង​លោក​សម រង្ស៊ី​ទារ​មួយ​លាន​ដុល្លារ

មេធាវី​ការពារ​ក្តី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី១៨ មករា​នេះ បានដាក់​លិខិត​ប្តឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​តុលាការ​រួចរាល់​ហើយ។ ជា​បន្តឹង​ទាមទារ​ប្រាក់​មួយ​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​ការបរិហារ​កេរ្តិ៍​ជា​សាធារណៈ។ គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនមាន​អ្វី​គួរឱ្យ​ចាប់​អារម្មណ៍​នោះទេ។ ដោយឡែក​អ្នកវិភាគ​បាន​មើល​ឃើញ​ថា នយោបាយ​តានតឹង និង​ធូ​ស្រាល​គឺជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ប៉ុន្តែ​រឿងនេះ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​បាក់​ទឹកចិត្ត។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញមុខ​ប្តឹង​លោក​សម រង្ស៊ី​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​បន្ទាប់ពី​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រូបនេះ បាន​ថ្លែង​នៅក្នុង​ប្រទេស​បារាំង​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រើប្រាស់​ទឹកប្រាក់​មួយ​លាន​ដុល្លារ​សូក​កញ្ញា​ធី សុវណ្ណ​ថា ដែល​ធ្លាប់ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​វាយ​ប្រហារ និង​រក​រឿង​បក្ស​ប្រឆាំង​ធំជាង​គេ​មួយ​នេះ។ មេធាវី​តំណាង​លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា ​បណ្តឹង​នេះ​រឹងមាំ​ដោយសារ​មាន​ភស្តុតាង​គ្រប់​គ្រាន់។

ក្រៅពី​បន្តឹង​របស់​ប្រមុខ​រដ្ឋាភិបាល កញ្ញា​ធី​សុវណ្ណ​ថា​ដែល​បច្ចុប្បន្ន​មាន​សមាន​ចិត្តនឹង​បក្ស​កាន់អំណាច​បាន​ប្តឹង​លោក​សម រង្ស៊ី​មួយ​បន្តឹង​ដែរ ក្នុង​បទ​បរិហារកេរ្តិ៍​ដូចគ្នា ហើយ​ទាមទារ​ប្រាក់​២៥ម៉ឺន​ដុល្លារ។

គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់អារម្មណ៍​ចំពោះ​បណ្តឹង​ជា​បន្តបន្ទាប់​ដែល​ប្តឹង​ប្រធាន​បក្ស ឬក៏​តំណាងរាស្ត្រ​ណាមួយ​នោះទេ​ព្រោះ​រឿង​ប្តឹង​ផ្តល់​គឺជា​រឿង​ធម្មតា​ទៅហើយ។ គណបក្ស​ទុកឱ្យ​តុលាការ​ប្រជាពលរដ្ឋ​ជា​អ្នក​កាត់​ក្តី និង​ផ្តល់​យុត្តិធម៌​ឱ្យ​បក្សប្រឆាំង​ចំពោះ​បន្តឹង​ដែល​កំពុង​បន្តកន្ទុយ​គ្នា​នេះ។ រហូតមកដល់​ពេលនេះ លោក​សម រង្ស៊ី មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន​៦​ហើយ។ ក្រៅពី​បណ្តឹងថ្មីៗ​ទាំង​ពីរ​ខាងលើ​លោក សម រង្ស៊ី​មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន​៤​បន្ថែម​ទៀត ទី១គឺជា​បណ្តឹង​ពី​លោក​ហោ ​ណាំហុង ទី២ បណ្តឹង​ពី​លោក​ហេង សំរិន​ប្រធានរដ្ឋសភា ទី៣បណ្តឹង​ពី​លោក​សោម សឿន មនុស្ស​ជំនិត​លោកនាយក​រដ្ឋមន្ត្រី និង​ទី៤គឺជា​បណ្តឹង​សម គំនិត​ជាមួយ​លោក ហុង សុខ​ហួរ​ស្តីពី​បញ្ហា​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម។

គួរកត់សំគាល់ថា ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ បាន​វិវដ្ត​រឹង​រឹត​តែ​ក្តៅ ហើយ​រហ័ស​បំផុត។ ថ្មីៗនេះ គណបក្ស​ប្រជា​ប្រជាជន បានប្រកាស​ពន្យា​ពេល​ចរចា​ដោយ​គ្មាន​ពេល​កំណត់ ប្រកាស​វិសោធ​នកម្ម​ដក​តំណែង​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច​ពី​បក្ស​ប្រឆាំង ហើយ​ឥឡូវនេះ ប្តឹង​មេបក្ស​ប្រឆាំង​ថែម​មួយ​បណ្តឹង​ទៀត។

ក្រុមអ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា តួយ៉ាង​ដូចជា​លោក​អ៊ូ វីរៈ មិនបាន​ចាប់អារម្មណ៍​ចំពោះ​ការ​វិវដ្ត​ដ៏​រហ័ស​ស្ថានភាព​នយោបាយ​ឡើយ ព្រោះថា​នេះ​គឺជា​យុទ្ធសាស្ត្រ​រៀងខ្លួន​នៃ​អ្នកនយោបាយ​ទាំងពីរ​បក្ស​ដែល​អាច​កើត​ចេញ​ពី​ការ​ចរចា​នៅក្រោយ​ឆាក​មិន​ត្រូវ​រ៉ូវ​គ្នា។ យ៉ាងណា​ក៏​ដោយ​ចំពោះ​បរិយាកាស​នាពេល​បច្ចុប្បន្ន លោក​ព្រួយបារម្ភ​ចំពោះ​ការបាក់​ទឹកចិត្ត​របស់​ប្រជាជន​ដែល​នាំ​ដល់​ការ​ប្រេះឆា​ក្នុង​សង្គម និង​បង្កើត​បរិយាកាស​អាប់​អ៊ួ​សម្រាប់​អ្នក​វិនិយោគ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ