អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​​ស្នើ​​ឲ្យ​​លុប​ចោល​​ប្រធាន​​ក្រុម​​ភាគ​តិច​​នៅ​​រដ្ឋសភា​​កុំ​​ឲ្យ​​ពិបាក​​រឿង​​ចរចា​​ដោះលែង​​អ្នកទោស​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​រសៀល​នេះ បាន​បញ្ជាក់ថា បើ​យន្ត​ការដែល​ទើប​បង្កើតឡើង​តាមរយៈ​ប្រការ៤៨ថ្មី(បី)នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា ដើម្បី​ចរចា​ដោះលែង​អ្នកទោស​នោះ លោក​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ប្រការ​ថ្មី​នេះ​តែម្តង។ ការធ្វើ​វិសោធនកម្ម​ប្រការ​ថ្មី​នេះ មានន័យ​ស្មើនឹង​លុបចោល​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ពី​ប្រទេស​ស្វី​ស​តាមរយៈ​សារព័ត៌មាន​អន​ឡាញ​Fresh News លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «បើ​យន្ត​ការដែល​ទើប​បង្កើតឡើង​តាមរយៈ​ប្រការ៤៨ថ្មី (បី) វា​ពិបាក​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា ដើម្បី​ចរចា​ដោះលែង​អ្នកទោស​ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ យើង​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ប្រការ៤៨ថ្មី (បី) ហើយ​វិល​ទៅប្រើ​ប្រការ ៤៨ (ពីរ) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ។ ដោយសារ​ប្រការ ៤៨ថ្មី (បី) ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ទើប​ខ្ញុំ​ស្នើសុំ​ឲ្យ​ធ្វើការ​កែប្រែ​តាមរយៈ​សមាជិក​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ»

បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ឆាប់​ចប់​រឿង​ព្រោះ​មិនចាំបាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការប្រជុំ​ទៀត​ទេ ព្រោះថា យន្តការ​នោះ​វា​រលាយបាត់​តាមរយៈ​វិសោធនកម្ម​ដែល​នឹង​ត្រូវធ្វើ​រួចទៅហើយ។ សូមបញ្ជាក់ថា ប្រសិនបើ​ប្រការ​ថ្មី​នោះ ត្រូវបានធ្វើ​វិសោធនកម្ម​តាម​ការលើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មែន​នោះ គឺ​មានន័យថា​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​ត្រូវបាន​បាត់បង់​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិចនិង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណ​ប្ស​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​ទទួលបាន​កាលពីដើម​ធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ ដោយ​លោក​បញ្ជាក់ថា មាន​បញ្ហា​ជាតិ​ជាច្រើន​ទៀត​ដែល​គណបក្ស​ត្រូវ​ដោះស្រាយ។

យ៉ាងណាក៏ដោយ សម្រាប់​លោក​សូរ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​យល់ថា ប្រសិនបើ​មានការ​ដកដំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​ពី​លោក​កឹម សុខា​មែន​នោះ បានន័យថា​ការលើកលែងទោស​លោក​កឹម សុខា និង​ការផ្តល់​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​នាពេល​កន្លងមក​គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ឫ​ជា​ល្បែង​នយោបាយ​បំបែកបំបាក់​គណបក្សប្រឆាំង។ មិនតែប៉ុណ្ណោះ លោក​បាន​បញ្ជាក់ដែរថា ការដកតំណែង​ដែល​នឹង​កើតឡើង​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​ន​យោ​បាយ​មុន​ការបោះឆ្នោត​នាពេលខាងមុខ​នេះ។

ផ្ទុយ​ពី​ការលើកឡើង​របស់លោក​សូរ ចន្ថា លោក​អ៊ូ វីរៈ​ប្រធាន​វេទិកា​អនាគត​និង​ជា​អ្នកវិភាគ​ស្ថាន​ការ​នយោបាយ​កម្ពុជា​បាន​បញ្ជាក់ថា ការចង់​លុបចោល​តំណែង​ជា​ប្រធាន​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​ឡើយ ព្រោះថា ការជជែក​គ្នា​មិនចាំបាច់​មាន​តួនាទី​នៅក្នុង​រដ្ឋសភា​ក៏​អាចធ្វើ​បានដែរ។ បើតាម​លោក​អ៊ូ វីរៈ ការចរចា​គ្នា​អាច​នឹង​កើតមានឡើង សំខាន់​ឲ្យ​តែ​ភាគីនីមួយៗមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ជជែក​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ