អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​អនាគត​ភាសា​បារាំង​នៅ​កម្ពុជា​​ កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស្រីមីកាអែលហ្សង់ Michaëlle Jean អគ្គលេខាធិការរបស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ចំនួន​ ៣​ថ្ងៃ​នៅ​កម្ពុជា​ ហើយ​បញ្ចប់​នៅ​ល្ងាច​ម្សិល​មិញ​នេះ​។ ក្នុង​រយៈពេល​នេះ លោក​ស្រីមីកាអែលហ្សង់ បាន​ចូល​គាល់​ព្រះ​មហាក្សត្រ នឹង​ជួប​ជាមួយ​ព្រះ​មហាក្សត្រ, លោក​នាយក​រដ្ឋ​មន្ត្រី, ប្រធាន​សភា, ​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស និងអ្នកប្រើប្រាស់​ភាសា​បារាំងសំខាន់​ៗ​ផ្សេង​ទៀត។ និយាយ​ដាច់​ដោយ​ឡែក​ពី​ភាសា​បារាំង គឺ​ភាសា​មួយ​នេះ ធ្លាប់​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ ជា​ពិសេស​ក្នុង​ផ្នែក​វប្បធម៌ និង​វិស័យ​សុខាភិបាល។ តាំង​តែ​ពី​សម័យ​អាណាព្យាបាល​បារាំង​រហូត​ដល់​មុន​សម័យ​ខ្មែរ​ក្រហម​ ​ពលរដ្ឋ​ខ្មែរ​និយាយ​ និង​ប្រើ​ប្រាស់​ភាសា​បារាំង​យ៉ាង​ទូលំ​ទូលាយ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ ភាសា​បរទេស​មួយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​ធ្លាក់​ចុះ​ថម​ថយ​ឥទ្ធិពល​ គួរ​ឲ្យ​កត់​សម្គាល់​។ តើ​មក​ពី​មូល​ហេតុ​អ្វី?

រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ
រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ RFI/Khmer
ផ្សាយពាណិជ្ជកម្ម

នៅ​ស្រុក​ខ្មែរ អ្នក​និយាយ និង​ប្រើប្រាស់​ភាសា​បារាំង មាន​ចំនួន​ប្រមាណ ៤០​ម៉ឺន​នាក់ (2010, OIF)។ ក្នុង​នោះ កូន​សិស្ស​និស្សិត ដែល​កំពុង​រៀន​បារាំង​មាន​ប្រមាណ​ ១០​ម៉ឺន​នាក់។ ចំនួន​នេះ អាច​នឹង​កាន់​តែ​ថម​ថយ​ចុះ ដោយសារ​តែ​ឥទ្ធិពល​ភាសា​បារាំង​ស្រុត​ចុះ​ដែរ។

ជា​បឋម​ គេ​គួរ​យល់​ថា ទស្សនវិស័យ​របស់​បារាំង ​កំពុង​តែ​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ និង​សម្លឹង​មើល​ទៅ​រក​ស្រុក​ចិន និង​អាហ្វ្រិក​ ច្រើន​ជាង​ចោល​ភ្នែក​មក​កម្ពុជា។ កម្ពុជា​ដែល​ទំនង​ជា​មិន​សូវ​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​បារាំង​ច្រើន​ប៉ុន្មាន​ទេ​ ក្រៅ​តែ​ពី​ផ្នែក​ការ​ទូត និង​វប្បធម៌​នោះ។

ថែម​ពី​នេះ នៅ​ក្នុង​បរិបទ​តំបន់​ និង​ការ​សម្រប​ខ្លួន​តាម​សកល​ភាវូប​នីយកម្ម​ កម្ពុជា​បាន​ប្រើ​ភាសា​អង់គ្លេស​សម្រាប់​ចូល​សមាហរណកម្ម​ក្នុង​សហគមន៍​អាស៊ាន ហើយ​ជន​ជាតិ​ខ្មែរ​ ជាទូទៅ​ជ្រើស​រើស​រៀន​ភាសា​អង់គ្លេស ចិន និង​កូរ៉េ ច្រើន​ជាង​រៀន​ភាសា​បារាំង​ ដើម្បី​រក​ការងារ​ធ្វើ និង​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​។​

ចំណែក​ការ​និយាយ​ និង​ប្រើប្រាស់​ភាសា​បារាំង​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​វិញ គឺ​គេ​ឃើញ​តែ​មាន​នៅ​ក្នុង​ចំណោម​បញ្ញវន្ត​មួយ​ចំនួន​ ក្រុម​អភិជន​ខ្លះ​​ អនិកជន​ខ្មែរ​មក​ពី​បារាំង​ និង​សែ​ស្រឡាយ​រាជវង្ស​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក ចំពោះ​ពលរដ្ឋ​សាមញ្ញ ក្នុង​ជីវភាព​រាល់​ថ្ងៃ​របស់​ពួក​គេ​ គឺ​មិន​សូវ​ជា​និយាយ​បារាំង​ញឹក​ញយ​​ទេ ឬ​ស្ទើរ​តែ​គ្មាន​តែ​ម្តង​។

ទោះយ៉ាង​ណា​ក៏​ដោយ ជាទូទៅ នៅ​ក្នុង​ចំណោម​អ្នក​និយម​ភាសា​បារាំង គេ​ច្រើន​និយាយ​ថា ចេះ​បារាំង​ គឺ​ជា​ឱកាស​ និង​ជា​ជម្រើស​ល្អ ហើយ​ងាយ​ស្រួល​រក​ការងារ​ធ្វើ។ ពិត​ណាស់ មាន​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​មិន​តិច​ទេ ដែល​ត្រូវ​ការ​អ្នក​ចេះ​បារាំង​ពិត​ប្រាកដ ហើយ​ក្នុង​ផ្នែក​ទេសចរណ៍​វិញ ពេល​ខ្លះ គេ​លំបាក​នឹង​រក​បាន​មគ្គុទេសក៏​ ដែល​ចេះ​បារាំង​ផង។ ដូច្នេះ​ឃើញ​ថា ចេះ​បារាំង​ ក៏​ជា​ឱកាស​ល្អ​ពិត​មែន​។

ក៏​ប៉ុន្តែ​ ចំពោះ​ថៅកែ​ជន​ជាតិ​បារាំង ដែល​គ្រប់​គ្រង់​ក្រុម​ហ៊ុន​បារាំង ​ប្រមាណ​ជា​ ១០០​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​ ក៏​មិន​សូវ​ជា​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដល់​បុគ្គលិក​ ដែល​ចេះ​ភាសា​បារាំង​ ឲ្យ​ខ្លាំង​បន្តិច​នោះ​ដែរ។ គឺ​វា​មិន​ដូច​ ដែល​គេ​និយាយ​ពេញ​ៗ​មាត់​ថា អ្នក​ចេះ​បារាំង​ គឺ​មាន​ឱកាស​ និង​មាន​ជម្រើស​ល្អ នោះ​ឡើយ​។

ងាក​មក​ផ្នែក​បណ្តុះ​បណ្តាល​ភាសា​បារាំង​ទៀត​សោត ក៏​ឃើញ​ថា កាន់​តែ​ខ្សត់​ខ្សោយ។ ទន់​​ខ្សោយ ត្បិត​ថា សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ ដែល​ប្រើ​ប្រាស់​បារាំង តែងតែ​ត្អូញ​ត្អែ​ ថា​កូន​សិស្ស​ ដែល​ទើប​ចប់​បាក់​ឌុប​ ហើយ​ចូល​មហាវិទ្យាល័យ​ ដែល​រៀន​ជា​ភាសា​បារាំង​ គឺ​កម្រិត​ភាសា​បារាំង​របស់​ពួក​គេ​ កាន់​តែ​ធ្លាក់​ចុះ​ខ្សោយ​ជា​លំដាប់​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បើ​គេ​និយាយ​ដល់​ស្ថាប័ន​អប់រំ​កម្រិត​ឧត្តម​សិក្សា​ ដែល​ប្រើប្រាស់​ភាសា​បារាំង ​ទាំង​៩​នៅ​ភ្នំពេញ​វិញ ស្ថាន​ទូត​បារាំង ​បាន​ផ្តាច់​ជំនួយ​ជា​បន្ត​បន្ទាប់​ តួយ៉ាង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ទូត​បារាំង​​ លែង​សូវ​ជួយ​ជំនួយ​ដូច​មុន​ទៀត​ហើយ ហើយ​តម្រូវ​ឲ្យ​និស្សិត​បង់​លុយ​រៀន​ដោយ​ខ្លួន​ឯង​ ដែល​កាន់​តែ​ថ្លៃ​ឡើងៗ​។ រីឯ​ចំនួន​សិស្ស​និស្សិត​ ដែល​ត្រូវ​ទទួល​អាហារូបករណ៍​ទៅ​រៀន​ត​នៅ​ស្រុក​បារាំង ក៏​មិន​បង្កើន​ចំនួន​ច្រើន​ទេ ប៉ុន្តែ​បែរ​ជា​កាន់​តែ​កាត់​បន្ថយ​ចុះ​ទៅ​ទៀត​។

ជុំវិញ​ការ​ផ្សព្វ​ផ្សាយ​​ឲ្យ​សិស្ស​វិទ្យាល័យ​ចូល​រៀន​ភាសា​បារាំង​ ក៏​មិន​សូវ​ជា​ផុស​ផុល​ច្រើន​ប៉ុន្មាន​ដែរ​។ ​នេះ​ក៏​ប្រហែល​មក​ពី​ការ​ខ្វះ​ខាត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​រៀន​បារាំង​ ឬ​ក៏​មក​ពី​ភាសា​នេះ លំបាក​រៀន​ ថែម​ទាំង​កង្វះ​គ្រូ​បង្រៀន​ភាសា​បារាំង​ ដែល​មាន​សមត្ថភាព​ និង​ចេះ​ដឹង​ច្បាស់​លាស់។​

ចំពោះ​តម្លៃ​រៀន​ភាសា​បារាំង​ដែល​ឡើង​ថ្លៃ​ខ្លាំង​យ៉ាង​គំហុក​ ក៏​ជា​បញ្ហា​ចំណោទ​មួយ​ដែរ។​ ជាក់​ស្តែង​តាម​សាលា​ឯកជន​ខ្លះ​ ពី​មុន​រៀន​មួយ​វគ្គ ​ត្រឹម​តែ​២០ ទៅ​ ៣០​ដុល្លារ​ប៉ុណ្ណោះ​ ​តែ​ពេល​នេះ ប្រហែល​ជា​ ១០០​ដុល្លារ ឬ​ថ្លៃ​ជាង​នេះ​។ នៅ​សាលា​ភាសា​បារាំង​មួយ​ចំនួន ដែល​ធ្លាប់​តែ​បង្រៀន​ស្ទើរ​តែ​មិន​គិត​ថ្លៃ ឬ​បង់​លុយ​ដែរ តែ​តិច​តួច​ ប៉ុន្តែ​ពេល​នេះ ត្រូវ​បង់​ប្រាក់​ច្រើន​។ ដោយសារ​តែ​តម្លៃ​សិក្សា​ខ្ពស់ និង​រក​សិស្ស​ចូល​រៀន​មិន​បាន​ផង​ សាលា​បង្រៀន​ភាសា​បារាំង ផ្នែក​ឯកជន នៅ​ភ្នំពេញ ដែល​កំពុង​មាន​ចំនួន​តិច​ស្រាប់​ផង មួយ​ចំនួន​ ក៏​បាន​ផ្អាក ហើយ​នៅ​ខេត្ត​សៀមរាប​ឯណោះ, សាលា​ Alliance Française ឬ​វិទ្យាស្ថាន​បារាំង​ Institute Français ប្រចាំខេត្ត​សៀមរាប​ បាន​បិទទ្វារ​តែម្តង។​

ជារួម​បើ​ស្ថានភាព​ភាសា​បារាំង​នៅ​តែ​បន្ត​អូស​បន្លាយ​ដូច្នេះ​យូរ​អង្វែង​ទៅ​ទៀត ​អនាគត​ភាសា​បារាំង​នៅ​កម្ពុជា​ អាច​នឹង​កាន់​តែ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​ខ្លាំង​មែន​ទែន៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ