អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គជប អាច​នឹង​មិន​រឹងមាំ​ដូច​ការ​រំពឹង​ទុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈ​ពេល​ចុង​ក្រោយ​នេះ​សមាជិក​គជប និង​អគ្គលេខាធិការរង​នៃ​ស្ថាបន័​នេះ​ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ។ សម្រាប់​អ្នក​ឃ្លាំ​មើល​សំណុំរឿង​នយោបាយ​បញ្ហា​នេះ​អាច​ជា​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់​ផង។ ហើយ​ក៏​អាច​ជា​វិបាក​នៃ​នយោបាយ​កម្ពុជា​ផង​ដែរ។​បទ​វិភាគ​របស់​គង់ សុឋានរិទ្ធ៖

លោក រ៉ុង ឈុន ​និង​លោក នី ​ចរិយា ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​ ដែលកំ​ពុង​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ខាង​ផ្លូវ​ច្បាប់​។ ​
លោក រ៉ុង ឈុន ​និង​លោក នី ​ចរិយា ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​ ដែលកំ​ពុង​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ខាង​ផ្លូវ​ច្បាប់​។ ​ Faceboook
ផ្សាយពាណិជ្ជកម្ម

សមា​ជិក​គណ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​រូប​គឺ​លោក​រ៉ុង ឈុន និង​អគ្គលេខា​ធិ​ការ​រង​គណ​កម្មាធិការ​​នេះ​មួយ​រូប​គឺ​លោក​នី ចរិយា ​កំពុង​ជាប់​កុក​សំណុំ​រឿង​តុលាការ។ មន្ត្រី​រៀប​ចំ​ការបោះ​ឆ្នោត​ទាំងពីរ​រូប​រង​ការ​ចោទ​ប្រកាន់​ដោយ​ឡែក​ៗ​ពី​គ្នា​ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​នយោ​បាយ​ និង​ទាក់​ទិន​នឹង​សំណុំ​រឿង​របស់​មេដឹក​នាំ​នយោបាយ​ប្រឆាំង។ សម្រាប់​ខ្សែ​ភ្នែក​អ្នក​ឃ្លាំ​មើល​សភាព​ការណ៍​នយោបាយ​ ការណ៍​នេះ​អាច​ទាញ​ការ​សន្និដ្ឋាន​លើ​រូប​ភាព​យ៉ាង​ហោច​ណាស់​ចំនួន​បី។

គឺ​ទី​១ ជា​រូបភាព​នៃ​ការ​អនុវត្ត​ច្បាប់​សុទ្ធសាធ។ ទី២ ជា​រូបភាព​នៃ​អនាគត​ប្រសិទ្ធិភាព​របស់​គណកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប)​ និង​ទី​៣ រូប​ភាព​នៃ​ផល​វិបាក​នៃ​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ។

​មិន​ខុសទេ​ពាក្យ​ខ្មែរ​ពោល​ថា​កាលណា​«​មាន​ភ្លើង​ទើប​មាន​ផ្សែង»​ដូចនេះ​ចំណាត់​ការ​​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​គជប ទាំងពីរ​រូប​អាច​ស្តែង​ចេញ​ពី​ហេតុការណ៍​ណាមួយ​ដែល​គែ​អាច​យក​មក​សំអាង​បាន។ នេះ​ជាមូល​ហេតុ​មួយ​នៃ​ការ​ចាប់​ខ្លួន​លោក​នី ចរិយា​ អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែលជា​សមាគមន៍​ការពារ សិទ្ធិមនុស្ស​នាំមុខ​នៅ​កម្ពុជា​និង​មូល​ហេតុ​នៃ​ការ​ប្តឹង​ប្រឆាំង​លោក​រ៉ុង ឈុន ដែល​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ដែល​បាន​ដឹកនាំ​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ខែ​មន្ត្រី​រាជការ​និងគ្រូ​បង្រៀន។ ប៉ុន្តែ​រូបភាព​នៃ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​គ្រាន់​តែជា​ភាគ​ល្អិត​មួយ​នៃ​សំណុំ​រឿង​នេះ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​រូបភាព​ទី២ នោះ​គឺ​ការ​ស្តែង​ចេញ​ចំពោះ​អនាគត​របត់​ការងារ​របស់​គជប។ ក្រោយ​ពី​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ធ្វើ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​កែ​ទម្រង់​គជប ក្នុង​ន័យនេះ​សមាស​ភាព​នៃ​គជប ​ចំនួន​៨​រូបក្នុង​ចំណោម​សមាសភាព​សរុប​ចំនួន​៩ រូប​ត្រូវ​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ។ គឺ​បក្ស​នីមួយ​ៗ​តែងតាំង​សមាជិក​គជប ចំនួន​បួនរូប។ មួយវិញ​ទៀត បើ​ផ្អែក​តាម​ច្បាប់​ស្តីពី​ការ​បង្កើត​និង​ប្រព្រឹត្តិ​ទៅ​របស់​គជប សមាជិក​ គជប នឹង​ត្រូវ​បាត់​បង់​តួនាទី​ជា​ស្វ័យ​ប្រវត្តិ​ប្រសិន​បើ​សមាជិក​រូបនោះ​ត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ។

ដូច្នេះ​ប្រសិន​បើ​លោក​រ៉ុង ឈុន ត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ​កម្ពុជា​នោះ បេក្ខជន​ដែល​តែង​តាំង​ដោយ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​ត្រូវ​បាត់​បង់​កៅអីជា​សមាជិក​គជប ដោយ​មិន​អាច​ប្រកែក​បាន។ បើ​ស្ថានការណ៍​វិវត្តន៍​ទៅ​ជា​អាក្រក់​ដូច្នេះ ជញ្ជីង​កូតា​ក្នុង​សមាស​ភាព​គជប នឹង​ត្រូវ​ផ្អៀង​តែ​ម្ចាង​ ហើយ​ទម្ងន់​របស់​បក្ស​ប្រឆាំង​នឹងមាន​ទម្ងន់​ស្រាល​ជាងមុន​ដោយ​សារ​បាត់​បង់​​សមាសភាព​គជប។ ភាព​ឃ្លីងឃ្លោង​នេះ​ក៏​អាច​រំលេច​ចេញ​ពី​អវត្តមាន​របស់​លោកនី ចរិយា ដែល​ជា​កោសិកា​សំខាន់​មួយរូប​របស់គជប និង​ជា​បុគ្គល​មួយ​រូប​ ដែល​ធ្លាប់​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​គជប និង​កែ​ទម្រង់​ការ​បោះឆ្នោត។

បើ​ទោះ​ជា​មាន​ហេតុ​ផល​ខាង​លើ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ជារួម​នេះ​ជា​ផលវិបាក​នៃ​ដំណោះ​ស្រាយ​នយោបាយ​​ខ្មែរ​។ គឺ​ជា​ដំណោះ​ស្រាយ​សម្រាប់​តែ​កាលៈទេសៈ​ទាល់​ច្រក​ប៉ុណ្ណោះ។ បន្ទាប់​មក​ត្រូវ​ដើរ​ត្រឡប់​ថយ​ក្រោយ​មកវិញ។ គឺ​មាន​ន័យ​ថា​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​គូ​ប្រជែង​​របស់​ខ្លួន​គឺ គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ និង​កំណែ​ទម្រង់​គជប ប៉ុន្តែ​គណបក្ស​ទាំងពីរ​មិន​បាន​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​ដែល​មាន​ចីរភាព​​និង​ចៀស​ផុត​ពី​ការ​ត្រឡប់​មក​រកភាព​ល្អក់​កករ​ឡើង​វិញ។ ហើយ​បើ​សិន​ជា​បណ្តែត​បណ្តោយ​ស្ថាន​ការណ៍​សព្វ​ថ្ងៃ​រំកិល​ទៅមុខ​កាន់​តែជ្រៅ នោះ​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ (គជប) នឹង​មិន​អាច​រឹងមាំ​ដូច​ការ​រំពឹង​ទុក​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ