អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាព​សុខដុម​ ចាំបាច់​ក្នុង​នយោបាយខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​បរិយាកាស​នយោបាយ​ដែល​ចេះ​តែ​អូស​បន្លាយ​ដោយ​ភាព​តានតឹង​នៅពេល​នេះ ​វា​ចាំបាច់​ណាស់​ថា​គណបក្ស​នីមួយៗ​ប្រឹង​ប្រែង​បង្កើត​នូវ​ភាព​សុខដុម​ជាមួយគ្នា។ ផល​ចំណេញ​​ពីភាព​សុខដុម​នេះ​គឺ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានភាព​ស្ងប់​ស្ងាត់​ល្អ។ ម្យ៉ាងវិញ​ទៀត​ប្រជា​ពលរដ្ឋ​នឹង​មា​ន​កម្លាំង​ចិត្ត​ក្នុង​ការ​ចូលរួម​នយោបាយ។​បទវិភាគ​របស់ ​គង់ សុឋានរិទ្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

ភាព​តាន​តឹង​នៅ​ក្នុង​នយបាយ​កម្ពុជា​មិន​ទាន់​បាន​ស្រាកស្រាន​នៅ​ឡើយ​ទេ​ជា​ច្រើន​ខែ​មក​នេះ។ ភាព​តាន​តឹង​ដែល​​​ចាប់​ផ្តើម​ពី​​​ចំណុច​ប្រកួត​ប្រជែង​ជា​សំខាន់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​នាំ​មុខ​គេ។​ ជាលទ្ធផល​មនុស្ស​ជាង​២០​នាក់​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ។ ក្នុង​នោះ​មាន​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​នៃ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ប្រភព​ចេញ​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។

ភាព​តាន​តឹង​បែប​នេះ​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ប្រកួត​ប្រជែង​ក្នុង​នយោបាយ​កម្ពុជា​ទៅ​ហើយ​បើ​​រាប់​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ដោយ​អង្គការសហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។ បើទោះជា​គេ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ថា​តើ​នឹង​មាន​ការវិវត្តបែបណាទៀត​នៅ​ក្នុង​នយោ​បាយ​កម្ពុជា តែ​បើ​យោង​តាម​បទ​ពិសោធន៍​នៃ​ជីវភាព​នយោបាយ​កម្ពុជា​កន្លងមក​​គេ​រំពឹង​ថា​​អាច​នឹង​មាន​ការ​បន្ធូរ​បន្ថយ​ខ្លះ​នៅ​មុន​ពេល​បោះ​ឆ្នោត។

ប៉ុន្តែអ្វី​ដែល​សំខាន់​នោះ​គឺ​ថា​តើ​គណបក្ស​នយោបាយ​កម្ពុជា​គួរ​បង្កើត​បរិយាកាស​បែបណា​ដើម្បី​នាំ​មកនូវ​ភាពសុខដុម​ជាមួយ​គ្នា ប្រកួតគ្នា​ដោយ​មិនមាន​ការភ័យ​ខ្លាចឬធ្វើ​នយោបាយ​ប្រកប​ដោយ​គេច​ផុតពី​ភាព​តក់​ស្លុត។ ការភ័យ​ខ្លាច​និង​ភាព​តក់​ស្លុត​នាំឲ្យ​បាត់​បង់​កម្លាំង​ចូលរួម​ដោយ​ផ្ទាល់​ពីសំណាក់​ប្រជាជន​ក្នុង​នយោបាយ។ ការ​បាត់​បង់​កម្លាំង​នេះ​មិនល្អទេ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ឬ​យុវជន​មិន​ចូលរួម​ក្នុង​នយោបាយនោះដ្បិត​ប្រជាជាតិមួយ​ដែល​ប្រជាពល​រដ្ឋ​លែងមាន​ចំណាប់​អារម្មណ៍ក្នុង​នយោបាយ​​អាច​នឹង​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែងអភិវឌ្ឍន៍​ប្រទេស។

ពិត​មែន​ហើយ​ការឈ្លោះ​ប្រកែក​ក្នុង​នយោបាយគឺ​គ្រាន់​តែ ដើម្បី​ឈ្នះចាញ់ ប៉ុន្តែ​វា​មិនមែន​ជាមន្ត​សណ្តំចិត្ត​ម្ចាស់​ឆ្នោត​នោះទេ។ ហេតុ​ដូចនេះ​ភាព​សុខដុម​រវាង​គណបក្ស​នយោបាយ​​មាន​សារសំខាន់​ណាស់​ដល់​កម្លាំង​ចិត្ត​ប្រជា​ពល​រដ្ឋ​អ្នក​គាំទ្រ​នយោបាយ។ ដើម្បី​បាន​បរិយាកាស​បែបនេះ​គណបក្ស​នយោបាយ​គួរ​ចៀសវាង​ការរិះគន់​ដែល​មាន​លក្ខណៈ​ជា​អាវុធ​វាយ​ប្រហារ​​​ ប៉ុន្តែប្រើ​ប្រាស់​ការរិះគន់​គ្នា​ក្នុង​គោល​ដៅ​ស្ថាបនា​សង្គម​ទាំងអស់​គ្នា។

​គណ​បក្ស​ទាំង​សងខាង​គួរ​កំរិត​ព្រំដែន​​កុំ​ប្រើ​នយោបាយ​បែប​កម្លាំងបាយឬ​ការវាយ​សង្គ្រប់​យក​ឈ្នះ​ឲ្យ​ខាន​តែ​បាន។ ប៉ុន្តែ​គួរ​គប្បី​ប្រើ​មូល​ដ្ឋាន​នយោបាយ​ឬធ្វើ​នយោបាយ​ដើម្បី​ភាព​រីក​ចម្រើន​ទាំង​សងខាង។ ក្នុង​ន័យនេះ​​ការធ្វើ​នយោបាយ​ត្រូវ​នឹង​ផ្តល់​ផល​ចំណេញ​ទាំង​ខាង​បក្ស​កាន់​អំណាច​ ទាំង​ខាង​បក្ស​ប្រជែងអំណាច។

​គណបក្ស​នយោបាយ​គួរគប្បី​ហ៊ាន​ជជែក​គ្នា​ចំពោះ​មុខ ជាជាង​ស្រែក​ពី​ក្រោយ​ខ្នង​ដាក់​គ្នា​ដើម្បី​បង្កើន​ការ​ស្អប់​ម្ខាងៗ​។ ពីព្រោះ​បញ្ហា​ខ្លះ​គ្មាន​អ្វី​ដែល​អាច​ដោះ​ស្រាយ​បាន​ក្រៅពី​លើ​តុ​នោះទេ។ ប្រសិន​បើ​បក្ស​នយោបាយ​អាច​បង្កើត​ភាព​សុខ​ដុម​នឹងគ្នាបាន​ចាប់​ពីពេល​នេះ​ទៅ​ផលចំណេញ​ដែល​នឹង​ទទួល​បាននោះគឺការគាំទ្រ​ទាំង​ពី​សំណាក់​ប្រជាជាតិ​ខ្លួនឯង និង​ការគាំទ្រពី​អន្តរជាតិ​ទៀត​ផង។ ភាព​សុខដុម​នៅ​ក្នុង​នយោបាយនឹង​នាំឲ្យ​​ប្រទេសជាតិ​​ទទួល​បាន​ភាព​ស្ងប់​ស្ងាត់។ ដំណាល​គ្នា​នោះ​ពល​រដ្ឋនឹងរស់​​នៅ​​ដោយ​សប្បាយ​ចិត្ត។ ពួក​គេ​នឹង​មាន​ទឹក​ចិត្ត​ធ្វើ​ដំណើរ​ទៅកាន់​ហិប​ឆ្នោត​​នៅពេល​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ