អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាក់​ទាញ​វិនិយោគិន​អឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​គឺ​ជា​វិនិយោគិន​មួយ​នាំ​មុខ​គេ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។ ប៉ុន្តែ​នៅ​កម្ពុជា​វិញ ការ​វិនិយោគ​ពី​សហភាព​អឺរ៉ុប​មាន​មិន​ដល់​១ភាគរយ​ផង។ នេះ​បើ​យោង​តាម​ស្ថិតិ​ផ្លូវ​ការ​មួយ បង្ហាញ​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ។ នៅ​ក្នុង​ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អឺរ៉ុប​ និង​អាស៊ាន​បាន​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ប្រមាណ​ជា ០,៣ ភាគរយ​នៃ​ការ​វិនិយោគ​របស់​អឺរ៉ុប​នៅ​ក្នុង​តំបន់ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៨៦​លាន​ដុល្លារ ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប ២៩​ពាន់​លាន​ដុល្លារ។ តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ពី​អឺរ៉ុប​មិន​ដល់​មួយ​ភាគរយ​ផង? ហើយ​តើ​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​អ្វីខ្លះ​ទៀត​ទៅ​ ដើម្បី​គៀង​គរ​វិនិយោគិន​អឺរ៉ុប ឲ្យ​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា?

REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មាន​តម្លៃ​ទាប​ក៏​ពិត​មែន ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា កម្ពុជា​នៅ​ខ្វះ​ខាត​ធនធាន​មនុស្ស​ច្រើន​ខ្លាំង​ណាស់។ ហើយ​វា​ក៏​ជា​កត្តា​មួយ​សំខាន់ និង​ពិបាក​រក​មនុស្ស​មក​ធ្វើ​ការ​ឲ្យ​ត្រូវ​ជំនាញ​ផង​ដែរ។

រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​ការងារ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប​មក​កាន់​កម្ពុជា។ កាល​ពី​ពេល​ថ្មី​នេះ យើង​ឃើញ​មាន​សញ្ញា​វិជ្ជមាន​មួយ គឺ​ការ​រៀបចំ​ចុះ​បញ្ជី​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បាន​រួម​ចំណែក​ ធ្វើ​ឲ្យ​ការងារ​មាន​ស្តង់ដា កាត់​បន្ថយ​ពេល​វេលា និង​អំពើ​ពុក​រលួយ​ជា​ដើម។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​រៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង​ច្បាប់​វិនិយោគ​ឲ្យ​បាន​ច្បាស់លាស់ និង​គួរ​តែ​អាច​ទុក​ចិត្ត​បាន ដើម្បី​បង្កើន​ទំនុក​ចិត្ត​សម្រាប់​វិនិយោគិន​អឺរ៉ុប​មក​ធ្វើ​ការ​វិនិយោគ​ដោយ​ផ្ទាល់។

ក្រៅពី​រដ្ឋាភិបាល ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ក៏​ត្រូវ​ធ្វើការ​កែ​ទម្រង់​ផង​ដែរ ដើម្បី​អាច​ទាក់ទាញ​វិនិយោគ​ទុន មក​ធ្វើ​ការ​រក​ស៊ី​រួម​គ្នា ដើម្បី​ពង្រីក​ដើម​ទុន និង​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ធំ​ និង​ច្រើន​ឡើង​ថែម​ទៀត។ ប៉ុន្តែ​មុន​នឹង​ទាក់​ទាញ​បាន ក្រុមហ៊ុន​ នៅ​ក្នុង​ស្រុក​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​គម្រោង​អាជីវកម្ម​មួយ​ច្បាស់​លាស់ និង​បង្ហាញ​ពី​តម្លាភាព​នានា​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួន។ ក្រុមហ៊ុន​បរទេស​ត្រូវ​ការ​មើល ថា​តើ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ ដើម្បី​ធ្វើ​ជា​ដៃគូ​អាជីវកម្ម​ជាមួយ​នឹង​ពួក​គេ។ ដូច្នេះ​ហើយ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ក៏​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​មាន​ស្តង់ដារ​ទៅ​តាម​ហ្នឹង​ដែរ។

កន្លង​មក​មិន​មែន​ក្រុម​ហ៊ុន​នៅ​ក្នុង​ស្រុក​ច្រើន​នោះ​ទេ ដែល​បាន​រៀបចំ​ខ្លួន​ឲ្យ​ត្រូវ​បាន​តាមស្តង់ដារ​នោះ ព្រោះ​ថា​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បែប​នេះ គឺ​ត្រូវ​ចំណាយ​ច្រើន។ ប៉ុន្តែ​សូម​កុំភ្លេច​ថា ការ​ចំណាយ​ច្រើន​នៅ​ពេល​នេះ ក៏​អាច​ជា​គ្រឹះ​មួយ​យ៉ាងមាំ​ក្នុង​ការ​ពង្រីក​ក្រុម​ហ៊ុន​ឲ្យ​កាន់​តែ​ធំ និង​រីក​ចម្រើន​បាន​យូរ​អង្វែង ហើយ​ការ​ស្វែង​រក​ដៃគូ​អាជីវកម្ម ដើម្បី​ពង្រីក ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន​នោះ​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ។

បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​វិស័យ​កាត់​ដេរ ហើយ​បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​ដូចជា​វៀតណាម​ជា​ដើម​នោះ ក៏​កំពុង​តែ​ពង្រឹង​ទៅ​លើ​វិស័យ​នេះ​ដូច​គ្នា​ដែរ។ វៀតណាម​ក៏​កំពុង​តែ​ក្លាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ខណៈ​ដែល​ខ្លួន​បាន​ទទួល​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម អឺរ៉ុប។

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា EuroCham កាល​ពី​ឆ្នាំ​មុន​ទៅ​លើ​តំណាង ពាណិជ្ជកម្ម​បរទេស​ និង​អឺរ៉ុប​ចំនួន ៧២ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កម្ពុជា នៅ​ឆ្ងាយ​ពី​ក្រសែ​ភ្នែក​របស់​អ្នក​វិនិយោគទុន​អឺរ៉ុប​នោះ គឺ​ខ្វះ​ធនធាន​មនុស្ស​ជំនាញ​ធ្វើការ។ បញ្ហា​នេះ​គឺ​ជា​ឧបសគ្គ​មួយ​យ៉ាង​ធំ​ក្នុង​ការ​រារាំង​ពួក​គេ​មក​បណ្តាក់​ទុន​រកស៊ី​ដោយ​ផ្ទាល់​នៅ​កម្ពុជា។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​វិស័យ​ឯកជន ហើយ​ត្រូវ​តែ​ធ្វើ​ការ​សិក្សា ​ស្រាវជ្រាវ​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​ចំ​គោលដៅ ដោយ​មិន​ត្រូវ​ចាំ​ទទួល​យក​តែ​ការ​សិក្សា​របស់​ ភាគី​ម្ខាង​ទៀត​នោះ​ទេ។ ការងារ​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុង​ការ​សិក្សា​ស្វែង​រក​ថា តើ​ចំនួន​និស្សិត និង​ទីផ្សារ​ការងារ​សមាមាត្រ​គ្នា​ដែរ​ឬ​ទេ ហើយ​ចំពោះ​គុណភាព​ចំណេះ​ដឹង និង​ជំនាញ​វិញ​យ៉ាង​ណា​ដែរ។ ប្រសិន​បើ​ធនធាន​មនុស្ស​នៅ​កម្ពុជា​មិន​ទាន់​មាន​ជំនាញ​គ្រប់គ្រាន់ តើ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អាច​ជួយ​អ្វី​បន្ថែម​ទៀត​បាន​ពី​លើ​ក្រសួង​អប់រំ។ ហើយ​តើ​ក្រសួង​ពាណិជ្ជកម្ម​គួរ​តែ​អប់រំ និង​ផ្សព្វផ្សាយ​យ៉ាង​ណា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​យល់​ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ស្តង់ដារ និង​ប្រព័ន្ធ​ច្បាប់​ត្រឹមត្រូវ។ ប្រសិន​បើ​កត្តា​ទាំង​អស់​នេះ ដោះស្រាយ​បាន​ហើយ សួរ​ថា​តើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​អាច​ទុក​ចិត្ត​បាន​ហើយ​ឬ​នៅ​សម្រាប់​អ្នក​វិនិយោគ​ទុន​បរទេស។ អញ្ចឹង​មាន​ន័យ​ថា កម្ពុជា​ត្រូវ​ការ​ពេល​វេលា​តទៅ​មុខ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​អស់​ទាំង​នេះ ហើយ​ក៏​ត្រូវ​តែ​ដោះស្រាយ​ទៅ​ទាំង​ព្រម​ផង​ដែរ ដោយ​មិន​អាច​ទុក​មួយ​ណា​មុន ឬ​ក្រោយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ