អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​កម្ពុជា បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី គួរ​អនុវត្ត​ឲ្យ​ដូច«ភ្លៀង​រលឹម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​បទ​បញ្ជា​ដែល​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​ហើយ នៅ​កម្ពុជា នាយក​រដ្ឋ​មន្រ្តី តែង​តែ​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​មន្រ្តី​រដ្ឋាភិបាល​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម។ ក៏​ប៉ុន្តែ ជា​រើយ​ៗ បទ​បញ្ជា​ រឺ​អនុសាសន៍​ទាំង​នោះ​ មិន​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​ដូច​ភ្លៀង​រលឹម​នោះ​ទេ។

ឡានដឹកទំនិញដែល​លើស​ទំងន់ ​និង​រថយន្ត​ធំៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាតទៅ​ដល់​ផ្លូវ​ថ្នល់​ ស្ពាន ​និង​ស្ទះច​រាចរណ៍។
ឡានដឹកទំនិញដែល​លើស​ទំងន់ ​និង​រថយន្ត​ធំៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាតទៅ​ដល់​ផ្លូវ​ថ្នល់​ ស្ពាន ​និង​ស្ទះច​រាចរណ៍។ © facebook
ផ្សាយពាណិជ្ជកម្ម

​នៅ​ប្រទេស​ណា​មិន​ដឹង​ទេ! តែ​សម្រាប់​កម្ពុជា ក្រៅ​ពី​បទ​បញ្ជា​ដែល​ធ្វើ​ឡើង​ជា​លាយ​លក្ខណ៍​អក្សរ​ហើយ​នោះ មេដឹកនាំ​កម្ពុជា​ចាំបាច់​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​ផង​ដែរ នូវ​អនុសាសន៍​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព។

ជាក់​ស្តែង លើ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​លើស​ទំងន់ គេ​តែង​តែ​ឃើញ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​យក​វេទិកា​នានា ដើម្បី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ចាត់​វិធាន​ការ​ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​ដែល​លើស​ទំងន់ និង​រថយន្ត​ធំ​ៗ​ដែល​ចូល​ទៅ​ក្រុង​ដែល​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ទៅ​ដល់​ផ្លូវ​ថ្នល់ ស្ពាន និង​ស្ទះ​ចរាចរណ៍ ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ បទ​បញ្ជា ឬ​អនុសាសន៍​ទាំង​នោះ ត្រូវ​បាន​គេ​អនុវត្ត​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ក៏​ស្ងាត់​បាត់​ទៅ​វិញ។

ជាក់​ស្តែង​ករណី​រថយន្ត​ផ្ទុក​ទំនិញ​លើស​ទំងន់​មួយ​គ្រឿង ដែល​បើកបរ​ឆ្លង​កាត់​ត្សឹបាសា ឬ​ស្ពាន​អ្នក​លឿង​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ខកខាន ឬ​ការ​ធ្វេស​ប្រហែស​​របស់​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ការ​ទប់​ស្កាត់ ឬ​រារាំង កុំ​ឲ្យ​រថយន្ត​ធន់​ធ្ងន់​ដឹក​អង្ករ​ដល់​ទៅ​ជាង​៧០​តោន​បែប​នេះ ឆ្លង​កាត់​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ រថយន្ត​យី​ឌុបដឹក​អង្ករ​ដែល​មាន​ទំងន់​ដល់​ទៅ​ជាង​៧០​តោន​មួយ​គ្រឿង​នេះ បែរ​ជា​អាច​បើក​បរ​ឆ្លង​កាត់​ស្ពាន​មួយ​នេះ​បាន ដោយ​មិន​ទើស​ភ្នែក​សមត្ថកិច្ច​នោះ​ឡើយ។

ករណី​នេះ​ត្រូវ​បាន​មហាជន​ខ្មែរ​ចោទ​ជា​សំណួរ​ថា តើ​ពី​ខេត្ត​ស្វាយរៀង​មក​ភ្នំពេញ​នេះ មិន​មាន​ជញ្ជីង​ថ្លឹង​ទម្ងន់​ទេ​ឬ? ហើយ​ថា​តើ អាជ្ញាធរ​នៅ​ទីនោះ​ធ្វើ​អ្វី បាន​ជា មើល​មិន​ឃើញ​រថយន្ត​ធន់​យក្ស​មួយ​គ្រឿង​នេះ​បើកបរ​ឆ្លង​កាត់​ភូមិសាស្រ្ត​របស់​ខ្លួន​បែប​នេះ? តើ​នេះ មក​ពី​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ ឬ​ក៏​មក​ពី​រថយន្ត​ដឹក​ទំនិញ​ទាំង​នោះ មាន​សិទ្ធិ​អទិភាព​ណា​មួយ ដែល​ពិបាក​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន?

តាម​ពិត​ទៅ ករណី​បែប​នេះ មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ​សម្រាប់​កម្ពុជា។ ជា​រឿយៗ គេ​តែង​តែ​បាន​ឮ​ពី​សេចក្តី​រាយការណ៍​នានា ពី​ការ​បាក់​ស្ពាន ឬ​ការ​ខូច​ខាត​ផ្លូវ​ថ្នល់​ជា​ដើម ដែល​ភាគ​ច្រើន​បង្ក​ឡើង​ដោយសារ​ការ​ផ្ទុក​លើស​ទំងន់​របស់​រថយន្ត​ដឹក​ទំនិញ​របស់​ឈ្មួញ។ ហើយ​ករណី​ទាំង​អស់​នោះ ក៏​បញ្ចប់​ទៅ​វិញ ត្រឹម​តែ​សំណង​ជួសជុល​បន្តិច​បន្តួច​ប៉ុណ្ណោះ។

នេះ​គឺ​ជា​ករណី​មួយ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បទ​បញ្ជា ឬ​សេចក្តី​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។ កន្លង​ទៅ គេ​ក៏​បាន​ឃើញ​និង​បាន​ឮ​ពី​ការ​អំពាវនាវ​របស់​នាយក​រដ្ឋ​មន្រ្តី​ឲ្យ​បង្រ្កាប់​ទៅ​លើ​បទ​ល្មើស​ផ្សេង​ៗ ដូចជា បទ​ល្មើស​ជលផល ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​បទល្មើស​ផ្សេង​ៗ​ទៀត។ បន្ថែម​លើ​នេះ ក៏​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​សេវា​សាធារណៈ​​របស់​រដ្ឋ និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិស័យ​សុខាភិបាល និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ប៉ុន្តែ​ជា​ទូទៅ គេ​នៅ​តែ​ឃើញ​មាន​សកម្មភាព​ល្មើស​ទាំង​នោះ​ដដែល​ ពោល​គឺ ការ​បង្រ្កាប​មិន​បាន​ធ្វើ​ឡើង​ឲ្យ​ដូច​សកម្មភាព​ដែល​គេ​ប្រដូច​ទៅ​នឹង​ភ្លៀង​រលឹម​នោះ​ទេ តែ​បែរ​ជា​ដូច​ភ្លៀង​លាយ​ខ្យល់ ដែល​បក់​បោក​បាន​តែ​មួយ​ប្រាវ ហើយ​ក៏​ស្ងាត់​បាត់​ទៅ​វិញ​អញ្ចឹង​ដែរ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​អំឡុង​ឆ្នាំ​២០១៤ នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ស្ថិត​នៅ​ស្រុក​បវេល​ខេត្ត​បាត់ដំបង លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​ត្រឹម​តែ​បាន​អំពាវ​នាវ​ទេ តែ​ថែម​ទាំង​បាន​ព្រ​មាន​ទៀត​ផង ទៅ​ដល់​មន្រ្តី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ​ ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ប្រភេទ​ធុន​ធំ​ៗ ដែល​បាន​ដឹក​ទំនិញ​លើស​ចំណុះ​ផ្ទុយ​ពី​ការ​កំណត់​របស់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន។ ប៉ុន្តែ​សកម្មភាព​ល្មើស​នេះ នៅ​តែ​មាន​ដដែល។ តួ​យ៉ាង​នៅ​ក្នុង​ករណី​រថយន្ត​យ៉ីឌុប​ដែល​ផ្ទុក​អង្ករ​លើស​ទំងន់​ជាង​៧០​តោន​នេះ​ ប្រសិន​បើ​រថយន្ត​នេះ​មិន​ខូច​នៅ​ពាក់​កណ្តាល​ស្ពាន​ទេ​នោះ ក៏​ប្រហែល​ជា​មិន​មាន​នណា​ដឹង​នោះ​ឡើយ ហើយ​បើ​ក្នុង​ករណី​ដែល​រថយន្ត​នេះ​បង្ក​ឲ្យ​ស្ពាន​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​នេះ​បាក់​ទៅ​វិញ​នោះ តើ​នណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?

យ៉ាង​ណា​ក៏​ដោយ ករណី​ទាំង​នេះ គឺ​ជា​លទ្ធផល​មួយ​ដែល​ស្តែង​ចេញ​ពី​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ក្នុង​ការ​អនុវត្ត​អនុសាសន៍ ឬ​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី​និង​ក្រសួង​សាមី​នេះ​ឯង។ ដូច្នេះ វា​គួរ​តែ​ដល់​ពេល​ហើយ ដែល​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ហើយ​វា​គួរ​តែ​ដល់​ពេល​ហើយ​ដែរ ដែល​អាជ្ញាធរ​កម្ពុជា គួរ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ពោល​គឺ អនុសាសន៍ ឬ​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី គួរ​ត្រូវ​បាន​អនុវត្ត​ឲ្យ​ដូច​ភ្លៀង​រលឹម​អញ្ចឹង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ