អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំរាម ឆ្លុះ​បញ្ចាំង​ពី ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​ខុស​ត្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

“អនាម័យ នាំ​មក​នូវ​សុខភាព”។ នេះ​គឺ​ជា​ពាក្យ​ស្លោក​មួយ​ឃ្លា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​ដឹង​ឮ​ស្ទើរ​គ្រប់​ៗ​គ្នា។ ប៉ុន្តែ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ បញ្ហា​អនាម័យ​មួយ​ចំនួន ហាក់​ដូចជា​មិន​សូវ​មាន​ការ​ប្រតិបត្តិ អោយ​បាន​ខ្ជាប់​ខ្ជួន​ដើម្បី​សុខភាព ឬ​សោភ័ណ​ភាព​នោះ​ទេ។ ជាក់​ស្តែង ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទាំង​នៅ​រាជធានី ទី​ប្រជុំ​ជន តំបន់​រមណីយដ្ឋាន និង​តំបន់​ជន​បទ​ចុង​កាត់​មាត់​ញក។ ការ​បោះចោល​សំរាម​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ។

ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​នៅ​តែ​កើត​មាន
ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​នៅ​តែ​កើត​មាន RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅ​តាម​ទីសាធារណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​គ្មាន​សណ្តាប់​ធ្នាប់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ញឹក​ញាប់ ពិសេស​បន្ទាប់​ពី​មាន​ពិធី​បុណ្យ​ធំ​ៗ​របស់​ជាតិ។ នៅ​តាម​គេហដ្ឋាន​វិញ​ ពិសេស​តំបន់​ជាយ​ក្រុង សំរាម​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះចោល នៅ​តាម​ចិញ្ចើម​ផ្លូវ តាម​ប្រឡាយ​ទឹក​ ឬ​តាម​ជញ្ជាំង​អគារ​សាធារណៈ​ជា​ដើម។

ដូច​គ្នា​នេះ​ដែរ តំបន់​រមណីយដ្ឋាន​មួយ​ចំនួន រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ពេល​ខ្លះ​ត្រូវ​បាន​បំពុល​ ដោយ​កាក​សំណល់​ផ្សេង​ៗ បន្ទាប់​ពី​មាន​ការ​ជួប​ជុំ​ដ៏​មមា​ញឹក​របស់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ពិធី​ណា​មួយ។ កាក​សំណល់​ ឬ​សំរាម​ដែល​គេ​តែង​តែ​ឃើញ​នៅ​ក្នុង តំបន់​រមណីយដ្ឋាន មាន​ដូចជា ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។

ក្រៅ​តែ​ពី​ការ​បោះ​ចោល​សំរាម​នៅ​នឹង​កន្លែង ក៏​មាន​ដែរ​ការ​បោះ​ចោល​សំរាម​ចេញ​ពី​យាន​នៅ​តាម​ផ្លូវ។ អ្នក​បោះ​ចោល​សំរាម​ខ្លះ គឺ​ជា​ម្ចាស់​រថយន្ត​ដ៏​ប្រណីត ឯ​អ្នក​ខ្លះ​ទៀត គឺ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល។ ការ​បោះចោល​សំរាម​ខ្លះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាមួយ​គ្នា និង ពេល​ខ្លះ​ទៀត បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ផង​ក៏​មាន។

តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ ដែល​នាំ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ទម្លាប់​មិន​ល្អ​បែប​នេះ? ហើយ​តើ​ត្រូវ​ដោះ​ស្រាយ​ទម្លាប់​អាក្រក់​បែប​នេះ​យ៉ាង​ដូចម្តេច?

កំណាព្យ​មួយ​ឃ្លា​នៅ​ក្នុង​ច្បាប់​បណ្តាំ​បិតា បាន​សរសេរ​ថា “ដឹង​ឆ្ងើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ត្បិត​តែ​ឪពុក”។ កំណាព្យ​នេះ បាន​បង្ហាញ​ថា ការ​អប់រំ​នៅ​ក្នុង​គ្រួសារ​គឺ​ជា​រឿង​សំខាន់។ ដូច្នេះ​ទម្លាប់​អាក្រក់​ទាក់​ទង​នឹង​ការ​ចោល​សំរាម​របស់​កុមារ យុវជន និង​ពលរដ្ឋ​មួយ​ចំនួន គឺ​បណ្តាល​មក​ពី​ការ​មិន​ទទួល​បាន​ការ​ អប់រំ​ពី​ឪពុក​ម្តាយ អាណាព្យាបាល ឬ​មនុស្ស​ចាស់​ក្នុង​គ្រួសារ។ បើ​ពុំ​ដូច្នេះ​ទេ គឺ​មនុស្ស​ចាស់​ក្នុង​គ្រួសារ តែម្តង ដែល​បាន​ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចោល​សំរាម​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែងតែ​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ទាល់​តែ​សោះ។

ក្រៅ​តែ​ពី​គ្រួសារ​ដែល​ជា​សង្គម​តូច នៅ​ក្នុង​សង្គម​ធំ ពលរដ្ឋ​ក៏​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផង​ដែរ។ សាលារៀន គឺ​ជា​កន្លែង​ទី​២ ដែល​ត្រូវ​អប់រំ កុមារ យុវជន និង​ពលរដ្ឋ អោយ​បាន​យល់​ដឹង​អំពី​សំរាម​នេះ ។ កង្វះ​ការ​យល់​ដឹង​អំពី​បរិស្ថាន ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះ​ចោល​សំរាម​ និង​ការ​គ្រប់​គ្រង​សំរាម។ ពេល​ខ្លះ​ពួក​គេ​ត្អូញត្អែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​សំរាម ប៉ុន្តែ​ពួកគេ​មិន​ចូល​រួម​សំអាត ឬ​គ្រប់​គ្រង​សំរាម​អោយ​មាន​របៀប​រៀប​រយ​នោះ​ទេ។

តាម​ពិត​ទៅ ការ​បោះ​ចោល​សំរាម​មិន​មែន​ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​តែ​ម្នាក់​ឯង​នោះ​ឡើយ។ វា​ក៏​ជា​បញ្ហា​របស់​អាជ្ញាធរ​ផង​ដែរ។ ក្រៅ​តែ​ពី​ការ​អប់រំ​ អាជ្ញាធរ​គប្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​គ្រប់​គ្រង ទុកដាក់ និង​ចោល​សំរាម។ ជា​ឧទាហរណ៍​ជាក់​ស្តែង​ក្នុង​រាជធានី កង្វះ​ធុង​សំរាម កង្វះ​ភ្នាក់​ងារ​ឬ​តម្លៃ​សេវា​ដឹក​ជញ្ជូន​សំរាម​ខ្ពស់​ពេក គឺ​ជា​មូលហេតុ​ដែល​នាំ​អោយ​សំរាម​ក្លាយ​ជា​បញ្ហា។

ការ​ចោល​សំរាម មើល​ទៅ​ដូច​ជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង ពលរដ្ឋ​ធម្មតា និង​អាជ្ញាធរ។ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។

ជា​ដំណោះ​ស្រាយ ការ​លុប​បំបាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ និង​ពី​គ្រួសារ​តូច​ទៅ។ ជា​គ្នា​នេះ​ដែរ ការ​ផាក​ពិន័យ​ ទៅ​លើ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល គឺ​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវ​តែ​អនុវត្ត ដើម្បី​រួមចំណែក​ផ្លាស់​ប្តូរ​មារយាទ​មិន​សូវ​ល្អ​របស់​ពលរដ្ឋ។ ដូច្នេះ ដល់​ពេល​ហើយ ដែល​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​គ្នា ចាប់ផ្តើម​គិត​គូរ និង​អនុវត្ត​រឿង​តូច​តាច​មួយ​នេះ ដើម្បី​សង្គម​យើង។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ​គឺ ឪពុក​ម្តាយ អាណា​ព្យាបាល ឬ​មនុស្ស​ចាស់ គ្រូ​បង្រៀន និង​អាជ្ញាធរ។ ប្រសិន​បើ​យើង​អាច​អនុវត្ត​បាន​ទាំង​អស់​គ្នា នោះ​យើង​នឹង​អាច​លើក​កំពស់​បរិស្ថាន ហើយ​អាច​រួម​ចំណែក​កសាង​សោភ័ណភាព​របស់​ប្រទេស​យើង​បាន​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ