អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ​សន្តិសុខ​សង្គម​ជា​«សង្គ្រាមថ្មី»​ក្នុង​សម័យ​«សន្តិភាព»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ឃាតកម្ម​យ៉ាង​កក្រើក​ទីក្រុង​ភ្នំពេញ​កាលពី​ចុងឆ្នាំ ២០១៤ អំពើ​ប្លន់​ប្រដាប់អាវុធ​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​ដូចជា​កំពង់ធំ ពោធិ៍សាត់ និង​ក្រុងព្រះសីហនុ​ជាដើម។ ព្រឹត្តិការណ៍​ទាំងនេះ​កំពុង​បង្ក​អ​ន្តិ​សុខ​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​អាជីវករ​លក់​គ្រឿងអលង្ការ​តែម្តង។ នេះ​ស​បញ្ជាក់ថា អសន្តិសុខ​សង្គម​គឺជា«សង្គ្រាម​ថ្មី»ដែល​បង្ក​អសន្តិសុខ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​បើទោះបីជា​ប្រទេស​មាន​សន្តិភាព​ហើយក៏​ដោយ។ ដូច្នេះ ការលុបបំបាត់​អសន្តិសុខ​សង្គម​ជា​កិច្ចការ​ចាំបាច់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្គាល់​សន្តិភាព​ពិតប្រាកដ​ក។ 

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

 
សន្តិភាព​មាន​ហើយ ប៉ុន្តែ សន្តិសុខ​នៅ​មិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ពលរដ្ឋ​ខ្មែរ។ មិនទាន់​គ្រប់គ្រាន់​ដោយសារតែ​អំពើ​ឃាតកម្ម ចោរកម្ម និង​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើតមានជារឿយៗមិនសូវ​ដាច់។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះ​ភាពកក់ក្តៅ​ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន។

ជាការ​ពិតណាស់ ចាប់តាំងពី​ប្រទេសជាតិ​បានទទួល​សន្តិភាព​ពេញលេញ​ជិត​ពីរ​ទសវត្សរ៍​មក ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ផ្លែផ្កា​ពី​សន្តិភាព​នោះ​យ៉ាងច្រើន។ គ្រប់គ្នា​អាចធ្វើ​ដំណើរ​ទៅណា​មក​ណា​និង​ពេលណា​ក៏បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​សង្គ្រាម​ដូច​កាលពីមុន​ទៀតឡើយ។ សន្តិភាព​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាក​ចេញពី​អារម្មណ៍​ភ័យខ្លាច​ជាបណ្តើរ។ ក្មេង​ស្រករ​ក្រោយ​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​រឹតតែ​លែង​ស្គាល់​អារម្មណ៍​ភ័យខ្លាច​ទាល់តែសោះ។ នេះ​គឺជា​ផ្លែផ្កា​នៃ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ដែល​កើតឡើង​ដោយ​កម្រ។

ប៉ុន្តែ សន្តិ​ភាពមិន​សំដៅ​ត្រឹមតែ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ប៉ុណ្ណោះ​ទេ។ ការបញ្ចប់​សង្គ្រាម​គឺជា​បញ្ហាសំខាន់​ហើយ តែ​ការធ្វើ​ឲ្យ​ពលរដ្ឋ​រស់ក្នុង​សន្តិភាព​ផ្លូវចិត្ត​គឺជា​បេស​សកម្ម​ចាំបាច់​មួយទៀត​របស់​អា​ជ្ញា​ធរ​រដ្ឋាភិបាល។ សម្រាប់​ប្រជាជាតិ​មួយ​ដែល​ឆ្អែតឆ្អន់​នឹង​ភ្លើងសង្គ្រាម​ដូចជា​កម្ពុជា សន្តិភាព​គឺជា​បំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​គ្រប់គ្នា។ ប៉ុន្តែ អសន្តិសុខ​សង្គម​បាន​ក្លាយជា​សង្គ្រាម​ថ្មី​មួយទៀត​ដែល​កំពុង​បង្ក​ភាព​រងារ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ជាប្រចាំ។

អំពើ​ឃាតកម្ម ចងអាឃាត អំពើ​លួច​ប្លន់ បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង និង​អំពើ​អយុត្តិធម៌​សង្គម រហូតដល់​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម កំពុង​បង្ក​អសន្តិសុខ​និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​យ៉ាងខ្លាំង។ គ្រាន់តែ​បើក​ទូរទស្សន៍​ឬ​អាន​កាសែត​ជា​រៀងរាល់ថ្ងៃ គេ​ប្រាកដជា​យល់បាន​អំពី​រឿង​រ៉ាង​គួរ​ឲ្យ​ព្រឺ​ខ្លាច​ទាំងនោះ។ នេះ​នៅ​មិនទាន់​រាប់​ជម្លោះ​នយោបាយ​ដែល​ពេលខ្លះ​បាន​លងបន្លាច​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ឲ្យ​ភ័យខ្លាច​យ៉ាងខ្លាំង​នោះ​ផង​ទេ។ បញ្ហា​ទាំងអស់នេះ​ពូតផ្តុំ​គ្នា​បង្កើតបានជា​អសន្តិសុខ​សង្គម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្វះ​សន្តិភាព​ផ្លូវចិត្ត។

រដ្ឋាភិបាល​ទទួលស្គាល់​បញ្ហា​នេះ ហើយ​បានចាត់ទុក​ការប្រយុទ្ធ​ប្រឆាំងនឹង​អសន្តិសុខ​សង្គម​ជា​អាទិភាព​ចម្បង​មួយ​ក្នុង​ការដឹកនាំ​របស់ខ្លួន។ ជាក់ស្តែង រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ«ភូមិ​ឃុំ​មាន​សុវត្ថិភាព»ដើម្បី​អនុវត្ត​នៅ​ទូទាំងប្រទេស។ គោលនយោបាយ​នេះ​មាន​ទិសដៅ​លុបបំបាត់​ឲ្យ​អស់​នូវ​បញ្ហា​អសន្តិសុខ​ចេញពី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ វា​ហាក់​មិន​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ដូច​ការចង់បាន​នៅឡើយ​ទេ។ អសន្តិសុខ​សង្គម​នៅតែ​អាច​យកឈ្នះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​បាន​ដដែល។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​កើតមាន​អសន្តិសុខ​សង្គម៖ ទី១ គឺ​មកពី​សមត្ថភាព​មាន​កម្រិត​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​ឬ​វែកមុខ​ជនដៃដល់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស។ ទី២ គឺ​មកពី​ការឃុបឃិត ការខ្លាច​អំណាច ឬ​មកពី​ផលប្រយោជន៍​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មួយចំនួន​ស្រវាំងភ្នែក​នៅ​ចំពោះ​អំពើ​ល្មើស។ ទី៣ មកពី​អាកប្បកិរិយា​របស់​បុគ្គ​ល​មួយចំនួន​ដែល​ចូលចិត្ត​យក​ច្បាប់​ទ្រាប់​អង្គុយ។ និង​ទី៤ គឺ​មកពី​សីលធម៌​សង្គម​ធ្លាក់ចុះ​ក្នុង​បរិបទ​ដែល​នីតិរដ្ឋ​នៅ​ទន់ខ្សោយ​នៅឡើយ។

ដូច្នេះ ដើម្បី​ពង្រឹង​សន្តិភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​កិច្ចការ​ច្រើនយ៉ាង​ណាស់​ដែល​រដ្ឋាភិបាល​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ត្រូវ​រួមគ្នា​ធ្វើ។ កិច្ចការ​ជាបឋម​នៅ​ចំពោះមុខ​គឺ ការបង្កើន​សមត្ថភាព​ជំនាញ វិជ្ជាជីវៈ ឲ្យ​បាន​ខ្ពស់​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ឲ្យ​ពួកគេ​អាចបំពេញ​ការងារ​បាន​ដោយមាន​ប្រសិទ្ធភាព​និង​ចៀស​ផុតពី​សម្ពាធ​នៃ​ផលប្រយោជន៍​និង​សម្ពាធ​អំណាច។

ទន្ទឹមនឹងនោះ អ្នកនយោបាយ​និង​ពលរដ្ឋ​ទូទៅ​ក៏មាន​ចំណែក​សំខាន់​ណាស់ដែរ​ក្នុង​ការកសាង​វប្បធម៌​សន្តិភាព​និង​អហិង្សា​នៅក្នុង​សង្គម​ពោលគឺ​ការប្រើ​ពាក្យសម្តី កាយវិការ ឬក៏​សកម្មភាព​ជាក់ស្តែង​ក្តី​ត្រូវ​បង្កប់​ដោយ​វប្បធម៌​អហិង្សា​និង​សន្តិភាព។ នៅពេលដែល​ប្រទេសជាតិ​លែងមាន​សង្គ្រាម សមត្ថកិច្ច​មាន​ជំនាញ​ច្បាស់លាស់ ប្រជាពលរដ្ឋ​មាន​សីលធម៌​ខ្ពស់ រីឯ នីតិរដ្ឋ​ក៏​ដំណើរការ​បានល្អ នោះ​ហើយ​គឺជា​សន្តិភាព​ពិតប្រាកដ​នៅក្នុង​សង្គម​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ