អានតួអត្ថបទ
កម្ពុជា

លោកស្រី​ Elizabeth​ Becker​ ឡើង​ធ្វើ​សក្ខី​កម្ម​នៅ​សាលាក្តី​ខ្មែរ​ក្រហម​

លោកស្រី Elizabeth Becker អ្នកនិពន្ធ សៀវភៅ​ទាក់ទិន​នឹង​របប​ខ្មែរក្រហម​និង​ជា​អ្នកកាសែត​ជើងចាស់​ម្នាក់​ជនជាតិ​អាមេរិកាំង​ដែល​ធ្លាប់បាន​ជួប​សម្ភាសន៍​មេដឹកនាំ​ខ្មែរក្រហម​ជាច្រើន​នោះ​ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី៩ខែកុម្ភៈ នេះ។ ក្នុងឋានៈ​ជា​សាក្សីជំនាញ លោកស្រី Elizabeth Becker នឹងត្រូវ​ចំណាយ ពេល​យ៉ាងតិច៤ថ្ងៃ​ដើម្បី​ផ្តល់​សក្ខីកម្ម​របស់ខ្លួន។

លោក​ស្រី ​Elizabeth​ Becker​ អ្នក​និពន្ធ​ សៀវភៅ​​ទាក់ទិន​​នឹង​​របប​​ខ្មែរ​ក្រហម​​និង​​ជា​​អ្នក​កាសែត​​ជើងចាស់​​ម្នាក់​​ជន​ជាតិ​​អាមេរិក​កាំង​។​
លោក​ស្រី ​Elizabeth​ Becker​ អ្នក​និពន្ធ​ សៀវភៅ​​ទាក់ទិន​​នឹង​​របប​​ខ្មែរ​ក្រហម​​និង​​ជា​​អ្នក​កាសែត​​ជើងចាស់​​ម្នាក់​​ជន​ជាតិ​​អាមេរិក​កាំង​។​ @ECCC
ផ្សាយពាណិជ្ជកម្ម

 

សាលាក្តី ខ្មែរក្រហម​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បន្ត​បើក​សវន​ការ​លើ​សំណុំរឿង ០០២វគ្គ២ ដោយ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ជំនាញ​ដ៏​សំខាន់​ម្នាក់​គឺ​លោកស្រី Elizabeth Becker អតីត​អ្នកកាសែត​ជនជាតិ​អាមេរិកាំង។ សាក្សី​រូបនេះ​ធ្លាប់បាន​ជួប​សម្ភាសន៍​ជាមួយ ប៉ុល ពត និង អៀង សារី និង​ធ្លាប់​ជួប​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​ទៀត។

លោកស្រី​គឺជា​អ្នកកាសែត​បរទេស​ដ៏​កម្រ​ម្នាក់​ដែល​មេដឹកនាំ​ខ្មែរក្រហម​បាន​អញ្ជើញ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​អំឡុង​ខែធ្នូ ឆ្នាំ១៩៧៨ ។ លោកស្រី Elizabeth Becker បាន​សរសេរ​សៀវភៅ​២​ក្បាល​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «បុប្ផា​ណា» និង «ក្រោយពេល​សង្គ្រាម​រលត់​ទៅ» ដែល​និយាយ​ពី«កម្ពុជា​និង​បដិវត្ត​របស់​ខ្មែរក្រហម»។ សៀវភៅ​ចុង​ក្រោយនេះ​ត្រូវ​បាន​សាលាក្តី​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង ០០២ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។

សូមបញ្ជាក់ថា សំណុំរឿង០០២វគ្គ២មាន​ជន​ជាប់​ចោទ​ពីរ​នាក់​គឺ​លោក​ខៀវ​សំផន​និង លោក នួន​ជា។ បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ មាន​ដូចជា​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម និង​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ព្រមទាំង​ការរំលោភ​សេពសន្ថវៈ​ជាដើម។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សក្ខីកម្ម​របស់លោក​ស្រី Elizabeth Becker មាន​សារសំខាន់​ណាស់​ពី​ព្រោះតែ​លោកស្រី​គឺជា​សាក្សីជំនាញ​ដែល​បានដឹង​រឿងរ៉ាវ​យ៉ាងច្រើន​ក្នុង​របប​ខ្មែរក្រហម។ បើ​យោងតាម​មន្ត្រី​អ្នកនាំពាក្យ​ដដែល សាលាក្តី​គ្រោង​ចំណាយពេល៤ថ្ងៃ​សម្រាប់​ស្តាប់​ការបំភ្លឺ​របស់​សាក្សីជំនាញ​រូបនេះ។ ប្រសិនបើ​ចាំបាច់​សវនាការ​ស្តា​ប់ស​ក្ខី​កម្ម​លោកស្រី ប៊ែ​ក​ឃើ​នឹងត្រូវ​បន្តទៅ​សប្តាហ៍​ក្រោយ​ទៀត។

យ៉ាងណាក៏ដោយ ពេល​ចៅក្រម​សាកសួរ លោកស្រី ប៊ែកឃើ ដែលមាន​អាយុ ៦៧ ឆ្នាំ ទៅហើយនោះ​ហាក់ដូចជា​បង្ហាញ​ការ​ភ្លេចភ្លាំង​មួយចំនួន​ដោយសារ​តែ​ពេលវេលា​កន្លងទៅ​យូរ​មកហើយ។ នៅ​ថ្ងៃ​ចន្ទ​នេះ លោកស្រី ត្រូវបាន​ចោទសួរ​ដំបូង​គេ​ដោយ ចៅក្រម​អន្តរជាតិ​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ដែល​លោកស្រី​បាន​ជួបប្រទះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជាពិសេស​ជំនួប​ផ្សេងៗ​ដែល​លោកស្រី​បានធ្វើ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម និង​អ្វីដែល​លោកស្រី​បានឃើញ​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ចុងឆ្នាំ ១៩៧៨ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ