អានតួអត្ថបទ
កម្ពុជា

សវនាការ​សំណុំ​រឿង ០០២ រអាក់​រអួល​ព្រោះ​សុខភាព​ជន​ជាប់​ចោទ

សវនាការ​សំណុំ​រឿង​០០២បាន​បន្ត​បើក​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី២៧មករា​នេះ ដោយ​គ្មាន​វត្តមាន ជនជាប់ចោទ នួន ជា ទេ។ ជនជាប់ចោទ​រូបនេះ​បាន​លះបង់​សិទ្ធិ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ដោយសារ​បញ្ហា​សុខភាព។ កាលពី​រសៀល​ថ្ងៃ​ចន្ទ សវនាការ​ត្រូវបាន​រំខាន​ដោយសារ​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ​ខៀវ សំផន។ តុលាការ​សម្រេច​កាត់បន្ថយ​ម៉ោង តែ​បង្កើន​ចំនួន​ថ្ងៃ​បើក​សវនាការ។

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ផ្អាក​កាលពី​រសៀល​ថ្ងៃ​ចន្ទ ដោយសារតែ​បញ្ហា​សុខភាព​របស់ ខៀវ សំផន សវនាការ​នៅ​ថ្ងៃ​អង្គារ​ទី២៧មករា​នេះ​បាន​បន្តធ្វើ​ជាធម្មតា​តែ​គ្មាន​វត្តមាន​ជនជាប់ចោទ​នួន ជា ទេ។ បងធំ​ទី២នៃ​របប​ខ្មែរក្រហម​បាន​លះបង់​សិទ្ធិ​ចូលរួម​សវនាការ​ដោយផ្ទាល់​ដោយ​សារតែ​បញ្ហា​សុខភាព។ យ៉ាងណាក៏ដោយ តុលាការ​បានអនុញ្ញាត​ឲ្យ នួន ជា ស្តាប់​សវនាការ​ពី​ចម្ងាយ​ក្នុង​បន្ទប់​ឃុំឃាំង។

ដោយសារ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​បានប្រកាស​កាត់បន្ថយ​ម៉ោង​សវនាការ​ដោយ​ត្រូវ​បញ្ចប់​រយៈពេល៣០នាទី​មុន​ម៉ោង​កំណត់​ពោលគឺ​សវនាការ​ត្រូវ​ចាប់​ផ្តើមធ្វើ​ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់​​តែប៉ុណ្ណោះ។ ការកាត់បន្ថយ​ម៉ោង​នេះ​គឺ​ដោយយោង​តាម​ការ​ផ្តល់យោបល់​របស់​គ្រូពេទ្យ​ដែល​ចង់​ទុកពេល​ឲ្យ​ជនជាប់ចោទ​សម្រាក​ច្រើនជាង​មុន។

ប៉ុន្តែ លោក ចៅក្រម និល ណុន ប្រកាសថា នឹង​បង្កើន​ថ្ងៃ​បើកសវនាការ​ពី​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នាពេល​បច្ចុប្បន្ន​ឲ្យ​ដល់​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ចាប់ពី​ខែកុម្ភៈ​តទៅ។ ការបង្កើន​ចំនួន​ថ្ងៃ​សវនាការ​នេះ​គឺ​ដើម្បី​ព​ន្លឿ​ន​សវនាការ​ឲ្យ​បាន​ឆាប់​ពី​ព្រោះតែ​ជនជាប់ចោទ​កាន់តែ​ចាស់ជរា​ណាស់​ទៅហើយ។

ក្រៅពី​វ័យចាស់​ជរា​របស់​ជន​ជាប់ចោទ បញ្ហា​ថវិកា​ក៏​នៅតែ​ចោទឡើង​ដែរ​សម្រាប់​សាលាក្តី​ខ្មែរក្រហម។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ថវិកា​ជាង៤លាន​ដុល្លារ​អាមេរិក​សម្រាប់​ការចំណាយ​ទូទៅ​និង​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជាតិ។ នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ភាគី​ជាតិ​នៅ​ខ្វះ​ថវិកា​ជាង២លាន​ដុល្លារ​ទៀត​សម្រាប់​ការចំណាយ​ពេញ​មួយឆ្នាំ ២០១៥ នេះ។

សូមបញ្ជាក់ថា សវនាការ​សំណុំរឿង ០០២ វគ្គ​ទី២ ដែល​កំពុងដំណើរការ​នេះ​ផ្តោតទៅលើ​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​វៀតណាម និង​ចាម  អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​ផ្លូវភេទ​ជាដើម។ ជនជាប់ចោទ​ចុងក្រោយ​ក្នុង​សំណុំ​រឿងនេះ​នៅសល់តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​បងធំ​ទី២ នួន ជា អាយុ ៨៨ ឆ្នាំ និង ខៀវ សំផន អាយុ ៨៣ឆ្នាំ។ វ័យចាស់​ជរា​របស់​ពួកគេ​បាន​រំខាន​ដល់​ដំណើរការ​សវនាការ​ជា​ញឹកញាប់ និង​កំពុង​បង្កក្តី​បារម្ភ​អំពី​អនាគត​តុលាការ​កូនកាត់​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ