អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​ សម្រេច​​ដំឡើង​​ប្រាក់​ខែ​​កម្មករ​​ដល់ ១២៨​ដុល្លារ ​ចាប់​ពី​​ឆ្នាំ ២០១៥​តទៅ​

ទី​បំផុត​ទៅ រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ​ឲ្យ​ដល់ ១២៨ ដុល្លារ​ក្នុង​មួយ​ខែ។ សេចក្តី​សម្រេច ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ឆ្នាំ ២០១៥ តទៅ។ ប៉ុន្តែ សហជីព​មួយ​ក្រុម នៅ​តែ​មិន​ទទួល​យក ហើយ​នៅ​តែ​បន្ត​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៤០ ដុល្លារ។

កម្មករកម្មការិនីកម្ពុជា។
កម្មករកម្មការិនីកម្ពុជា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១២​វិច្ឆិកា​នេះ គណៈកម្មការ​ប្រឹក្សា​ការងារ បាន​សម្រេច​កំណត់​យក​ប្រាក់​ឈ្នួល​ត្រឹម ១២៣ ដុល្លារ  ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​សម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន ៥ ដុល្លារ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ឡើង​ដល់ ១២៨ ដុល្លារ។ 

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ពុធ​នេះ បាន​គូស​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៥ តទៅ។ ក្រសួង​ការងារ ពន្យល់​ថា បូក​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត កម្មករ​និយោជិត​ម្នាក់​ៗ នឹង​ទទួល​បាន​ប្រាក់​បៀវត្ស​ជា​មធ្យម​ចន្លោះ​ពី១៤៧ ដល់ ១៥៦ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។

យ៉ាងណាក៏ដោយ សហជីព​មួយក្រុម នៅ​តែ​មិន​ទទួលយក​ការសម្រេច​នេះ​ទេ។ នៅក្នុង​សេចក្តី​​ថ្លែងការណ៍​មួយ ដែល​ចេញ​ផ្សាយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ តំណាង​សហជីព​យ៉ាង​តិច​៦ បាន​សម្តែង​ការសោកស្តាយ ចំពោះ​សេចក្តីសម្រេច របស់​រដ្ឋា​ភិ​បាល។ ពួកគេ​ពន្យល់ថា​ប្រាក់​ឈ្នួល​នេះ ស្ថិត​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​ប៉ុន្មាន​ដុល្លារ​តែប៉ុណ្ណោះ។

ក្រុម​សហជីព ដែល​នាំ​មុខ​ដោយ​លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ីណា ជា​ដើម បាន​អះអាង​ថា ពួកគេ​នឹង​តវ៉ា​បន្ត​ទៀត។ ក្រុម​សហជីព​ទាំងនោះ ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៤០ ដុល្លារ ដែល​អនុញ្ញាត​ឲ្យ​កម្មករ ទទួល​បាន​ប្រាក់​ខែ​សរុប ១៧០ ដុល្លារ​រាប់​ទាំង​ប្រាក់​អត្ថប្រយោជន៍​នានា​ផង។ ចំណែក​សហជីព​មួយ​ក្រុម​ទៀត​ដែល​តំណាង​ដោយ​លោក សោម អូន និង​លោក ជួន មុំ​ថុល​ជា​ដើម បាន​សាទរ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល។

ងាក​ទៅ​មើល​ក្រុម​និយោជក​វិញ ពួកគេ​អះអាង​ថា ប្រាក់​ឈ្នួល​អប្បបរមា ១២៨ ដុល្លារ ជា​សម្ពាធ​យ៉ាង​ធ្ងន់ ទៅ​លើ​វិស័យ​កាត់ដេរ។ យ៉ាងណាក៏ដោយ លោក ណា​ង សុធី តំណាង​ភាគី​និយោជក​អះអាង​ថា និយោជក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​នោះ​ឡើយ ប៉ុន្តែ លោក​បាន​ព្រមាន​ថា រោងចក្រ ៣០% នឹង​ប្រឈមមុខ​នឹង​ការ​បិទ​ទ្វារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ