អានតួអត្ថបទ
កម្ពុជា

GMAC ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​សហភាព​សហជីព​កម្ពុជា

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ចន្ទ ទី​៣​វិច្ឆិកា សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ទាត់ចោល​សេចក្ដី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី​២៨​តុលា របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា ថា​ជា​ការ​មិន​ពិត​។ សេចក្ដីថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​២៨​តុលា ដែល​បាន​លើក​ឡើង​ថា​ថា GMAC បាន​ផ្តល់​សាច់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លា ដល់​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ ដើម្បី​បង្អាក់​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្មួល​អប្ប​បរមា ដល់​កម្មករ ១៧៧​ដុល្លារ​។ ប៉ុន្តែ​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​បដិសេធ​ថា សហជីព​លោក មិន​បាន​ចោទ​ប្រកាន់ GMAC នោះ​ទេ​។

កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ចន្ទ ទី​០៣​វិច្ឆិកា ស្នើ​ឲ្យ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដក​ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ដែល​ចេញ នៅ​ថ្ងៃទី ២៨​តុលា ឆ្នាំ ២០១៤។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ លោក​រ៉ុង ឈុន បាន​លើក​ឡើង​ថា GMAC បាន​ផ្តល់​សាច់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លា ដល់​ស្ថាប័ន​រដ្ឋ​ផ្សេងៗ ដើម្បី​បង្អាក់​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្មួ​ល​អប្បបរមា ដល់​កម្មករ ១៧៧​ដុល្លារ។ តាម GMAC សេចក្តី​ថ្លែង​ការណ៍​របស់​លោក​រ៉ុង ឈុន គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ និង​មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ ​GMAC។ ខណៈ​ការ​ពិភាក្សា​យ៉ាង​ហ្មត់​ចត់​អំពី​ប្រាក់​ឈ្នួល​អប្ប​បរមា​កំពុង​ប្រព្រឹត្ត​ទៅ GMAC បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​រ៉ុង ឈុន ដែល​ជា​រឿង​ដែល​ហួស​ពី​ភាព​ដែល​អាច​ជឿ​បាន។ និង​ថា កិច្ច​ពិភាក្សា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា គឺជា​បញ្ហា​ធ្ងន់​ធ្ងរ ដែល​អាច​ជះ​ឥទ្ធិ​ពល​ដល់​អនា​គត​នៃ​វិស័យ​កាត់​ដេរ​ទាំង​មូល ព្រម​ទាំង​អនាគត​របស់​ប្រទេស​ជាតិ​ទៀត​ផង​។

ឆ្លើយតប​នឹង​ប្រតិ​កម្ម​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា លោក​មិន​បាន​ចោទ​ប្រកាន់​ចំពោះ GMAC នោះ​ទេ។ លោក​គ្រាន់​តែ​ស្រង់​សម្តី ពី​ខ្លឹម​សារ​រួម អំពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់ GMAC ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ព័ត៌​មាន​កាសែត​ខ្មែរ​មួយ កាល​ពី​ពេល​កន្លង​ទៅ​តែ​ប៉ុណ្ណោះ​។ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា លោក​បាន​ចេញ​លិខិត​ចំហរ​មួយ ពី​ខ្លឹមសារ​នៃ​របាយ​ការណ៍​នោះ ហើយ​និង​បាន​ផ្ញើ​លិខិត​មួយ ដោយ​មាន​ចុះ​ហត្ថ​លេខា​ពី​សហជីព​ចំនួន ៨ទៀត ទៅ​កាន់​រដ្ឋសភា និង​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ដើម្បី​បើក​ការ​ស៊ើប​អង្គេត​ជុំវិញ​រឿង​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​កម្មករ​អាច​ទទួល​បាន​ប្រាក់​ខែ​គោល​សម​ស្រប​។

គួរ​ជម្រាប​ជូន​ថា កាសែត​កម្ពុជា​ចុង​សប្ដាហ៍ ច្បាប់​លេខ​២០ ចុះ​ផ្សាយ​ប្រចាំ​ថ្ងៃ​សៅរ៍-អាទិត្យ ទី​២៥-២៦​តុលា បាន​លើក​ឡើង​ថា សមាគម​រោង​ច្រក​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា GMAC កំពុង​ផ្ដល់​មូល​និធិ​ដល់​មន្ដ្រី​រាជការ​ជាន់​ខ្ពស់ និង​បាន​ផ្ដល់​ជំនួយ​រាប់​ពាន់​ដុល្លារ​ដល់​ក្រសួង​នានា។ ហើយ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង GMAC និង​ស្ថាប័ន​រដ្ឋ​នេះ គឺជា​ដើម​ចម​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ មាន​ការ​លំបាក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ