អានតួអត្ថបទ
កម្ពុជា

ព្រះរាជ​​ពិធី​ដង្ហែ​​​ព្រះបរមអដ្ឋិ​ ព្រះ​បរម​រតនកោដ្ឋ​ បាន​បញ្ចប់​ តែ​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​ត្រូវរ៉ូវគ្នា​

ព្រះរាជ​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ រយៈពេល​បី​ថ្ងៃ​ បានបញ្ចប់​ជា​ផ្លូវការ​ហើយ ក្រោយពី​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​យកទៅ​តំកល់​នៅលើ​កំពូលចេតិយ​គន្ធ​បុ​ប្ឆា កាលពី​ព្រឹក​មិញ ដែល​ជាការ​បង្ហាញថា ជា​ព្រះរាជ​ឋាន​ប្រកប​ដោយ​​ព្រះ​បរមសុខ​ដ៏​ក្សេមក្សាន្ត។ ចំណែកឯ​សន្តិសុខ​សណ្តាប់ធ្នាប់​រយៈពេល​បី​ថ្ងៃនេះ​វិញ លោក ប៉ា សុជាតិ​វង្ស អភិបាលក្រុង​ភ្នំពេញ​បាន​វាយតម្លៃថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន។

ព្រះសង្ឃដែលចូលរួមព្រះរាជពិធី ដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ
ព្រះសង្ឃដែលចូលរួមព្រះរាជពិធី ដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​បញ្ចុះ​រួចរាល់​ហើយ នៅក្នុង​ព្រះ​បរម​ចេតិយ​គន្ធ​បុ​ប្ឆា នា​វេលា​ម៉ោង ៦ព្រឹក​ថ្ងៃ​សៅរ៍ ១រោច ខែអាសាឍ ត្រូវ​នឹង​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ទៅ​តាម​​កម្មវិធី​សាសនា និង​តាម​ការ​សព្វព្រះរាជហឫទ័យ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ មុនីនាថ​សីហនុ។

 

ព្រះ​បរម​អដ្ឋិ ត្រូវបាន​ហែ​​យកទៅ​តម្កល់​នៅលើ​កំពូល​ប្រាង្គ​ព្រះ​ចេតិយ​គន្ធបុប្ផា ក្នុង​បរិវេណ​ព្រះវិហារ​ព្រះ​កែវ​មរកត​ដែល​ជាការ​បង្ហាញថា «ជា​ព្រះរាជ​ឋាន​ប្រកបដោយ​ព្រះ​បរមសុខ​ដ៏​ក្សេម ក្សាន្ត»។ ហើយ​នេះ​ក៏​​ជាការ​សំរេច​បំណង​ចុងក្រោយ របស់​សម្តេច​ឳ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ធ្លាប់មាន​ព្រះ​បំណង​ចង់បាន​ព្រះ​អដ្ឋិ​របស់​ទ្រង់ ត្រូវបាន​តម្កល់​ជាមួយនឹង​ព្រះរាជ​បុត្រី គឺ​អ្នកអង្គម្ចាស់ គន្ធ​បុ​ប្ឆា ដែល​បាន​សុគត កាលពី​ឆ្នាំ១៩៥២ នៅក្នុង​ព្រះជន្ម៤ព្រះវស្សា។

សូមបញ្ជាក់ថា ខណៈដែល​ព្រះរាជ​ពិធី​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ នៅលើ​ប្រាង្គ​ព្រះ​ចេតិយ​គន្ធ​បុ​ប្ឆា កំពុង​រៀបចំ​ធ្វើ​នៅ​ខាងក្នុង​ព្រះបរមរាជវាំង​ទៅតាម​ប្បវេណី​ក្សត្រ​នោះ នៅ​ខាងក្រៅ​ព្រះ​បរម​រា​ជាំ​ង​ឯណេះ​វិញ ក៍មាន​ការបាញ់​កាំភ្លើង​ធំ​ជា​លើកចុងក្រោយ​ចំនួន១២ដើម ដែលជា​ការបាញ់ ចំនួន១០៨គ្រាប់ ជា​គំរប់ នៅក្នុង​ថ្ងៃទី៣ នៃ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ។

ជាមួយគ្នានេះ ពុទ្ធបរិស័ទ​ជាច្រើន​ពាន់​នាក់ ក៍​បានរៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល និង​រាប់បាត្រ ប្រគេន​ព្រះសង្ឃ​ចំនួន ៣.៦០០ អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ជូន​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ  ក៏​​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​អុជ​ធូប នៅក្នុង​ព្រះ​បរម​រាជវាំង ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល ថ្វាយព្រះប​រម​រតន​កោ​ដ្ឋ​ចាប់ពី​វេលា​ម៉ោង១១ព្រឹក រហូតដល់​ម៉ោង៣រសៀល។

ទាក់ទង​ទៅនឹង​សន្តិសុខ​សណ្តាប់​ធ្លាប់​វិញ លោក ប៉ា សុជាតិ​វង្ស អភិបាលក្រុង​ភ្នំពេញ​បាន​វាយតម្លៃថា រយៈពេល​បី​ថ្ងៃនេះ ព្រះរាជ​ពិធី​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ថា  ប្រជា​ពលរដ្ឋ​​រាប់ម៉ឺន​នាក់ ​បាន​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធី​នេះ។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ តើ​ក្រោយពី​ព្រះរាជ​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ​នេះ​បញ្ចប់ទៅ អ្នកនយោបាយ​ខ្មែរ នឹង​វិល​មកកាន់​តុ​ចរចា​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ ទៅតាម​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​រឺ​យ៉ាងណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ