អានតួអត្ថបទ
កម្ពុជា

ប្រធាន​អង្គការ Underprivileged Children School ត្រូវ​តុលាការ​សួរ​នាំ​នៅ​ថ្ងៃ​ពុធ​នេះ​

ប្រធាន​អង្គការ Underprivileged Children School ត្រូវ​ប៉ូលីស​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប បញ្ជូន​ទៅកាន់​តុលាការ​ហើយ​នៅ​ថ្ងៃ​ពុធ​ទី០៩កក្កដា ​ឆ្នាំ​២០១៤​នេះ។ លោក ឡុង វេហា ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៧​កក្កដា នៅ​ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​សៀមរាប ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​ការ​ជួញដូរ និង​នាំ​ក្មេង​ៗ​ទៅ​ឲ្យ​ជន​បទេស​រួមភេទ​ជា​ថ្នូរ និង​ការ​ផ្តល់ជំនួយ។

កុមារី​ម្នាក់​ដែលរងគ្រោះ។
កុមារី​ម្នាក់​ដែលរងគ្រោះ។ ©RFI/លីដា
ផ្សាយពាណិជ្ជកម្ម

លោក ឡុង វេហា, ប្រធាន​អង្គការ Underprivileged Children School ត្រូវបាន​ប៉ូលីស​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប បញ្ជូន​ទៅកាន់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ កក្កដា​​នេះ ដើម្បី​សាកសួរ​ពីបទ​សង្ស័យថា​បាន​ជាប់ទាក់ទង​ទៅនឹង​ការជួញដូរ និង​នាំ​ក្មេងៗ​ប្រុស-ស្រី ទៅ​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស។

ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពិត​ប្រាកដថា ជនសង្ស័យ​ត្រូវ​ទទួល​ការចោទប្រកាន់​ពីបទ​ល្មើស​អ្វី​នៅឡើយ​ទេ ខណៈ​រូបគេ​កំពុងស្ថិត​នៅក្នុង​តុលាការ​នៅឡើយ។

លោក សំលៀង សីលា ប្រធាន​អង្គការ​សកម្មភាព ដើម្បី​កុមារ​ប្រចាំ នៅ​ប្រទេស​កម្ពុជា​ថ្លែង​នៅថ្ងៃ​នេះ​ថា លោក​កំពុង​តាមដាន​ដំណើរ​រឿងនេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​សារ​តែ​បញ្ហា​នេះបាន​ជះឥទ្ធិពល​ធំធេង ទៅដល់​ជនរងគ្រោះ​ដែល​បាន​ទៅ​ស្នាក់​នៅក្នុង​មណ្ឌល​របស់​អង្គការ។

លោក សំលៀង សីលា បន្ត​ថា​លោក​បាទ​ទួល​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នេះដែរ ហើយក៏​ដឹង​បាន​​តាមរយៈ​ការសាកសួរ​ក្មេងប្រុស​នៅក្នុង​មណ្ឌល​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជនបរទេស​ម្នាក់​ផងដែរ​ទាក់ទង​ទៅនឹង​ការយកក្មេងៗទៅ​ឲ្យ​រួមភេទ​នឹង​ជនបរទេស។ លោ​កថា​ការ​គ្រប់​គ្រង​​ជា​មណ្ឌល​របស់​ជនសង្ស័យ មិនមាន​ស្តង់ដារ​និង​មិនបាន​ចុះបញ្ជី​ទីតាំង​ត្រឹមត្រូវ​ឡើយ។

មន្ត្រី​តុលាការ​ការ មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​ប្រធាន​អង្គការ​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​សាកសួរ របស់​ប៉ូលីស​ជំនាញ​ខេត្ត​សៀមរាប​ ទាក់ទិន​នឹង​បទ​សង្ស័យ​មួយចំនួន ដូចជា​ការសុំ​ជំនួយ​ពី​បរទេស​តាម​ប្រព័ន្ធ អន​ឡាញ និង សុំ​ជំនួយ​ដោយផ្ទាល់ ហើយ​ប្រគល់ក្មេងៗ ដែល​ប៉ូលីស​រកឃើញ​ចំនួន ៩នាក់​នៅ​ជាមួយ​នោះ​ទៅ​ឲ្យ​ម្ចាស់ជំនួយ​មួយចំនួន ដែលជា​ជនបរទេស​រួមភេទ​ជា​ថ្នូ​នឹង​ការ​ផ្តល់ជំនួយ, នេះ​បើតាម​មេប៉ូលីស​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ខេត្ត​សៀមរាប ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ