អានតួអត្ថបទ
កម្ពុជា

អ្នក​ទោស​ថៃ វីរៈ ស៊ុម​ខ្វាម​ឃីត ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​

អ្នកទោស​ជនជាតិ​ថៃ លោក វីរៈ ស៊ុម​ខ្វាម​ឃីត ដែល​បាន​ជាប់ពន្ធនាគារ​ព្រៃ​ស​តាំងពី​ឆ្នាំ ២០១១​ មក​នោះ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​​។ ការ​ដោះលែង​អ្នកទោស​ថៃ​រូបនេះ បានធ្វើ​ឡើង​តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ និង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ស្តីទី​ការបរទេស​ថៃ​នៅ​កម្ពុជា។ គេ​រំពឹង​ថា អ្នកទោស​ខ្មែរ​១៤​នាក់ ដែល​ថៃ​ចាប់​ពី​បទ​ប្រើ​ឯកសារ​ក្លែងក្លាយ​នោះ ក៏​នឹងត្រូវ​ដោះលែង​មកវិញ​ដែរ។

លោក វីរៈ ស៊ុម​ខ្វាម​ឃីត
លោក វីរៈ ស៊ុម​ខ្វាម​ឃីត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ដោះលែង​អ្នកទោស​ថៃ​រូបនេះ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ៥​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​ទី​០១ កក្កដា​ម្សិល​មិញ។ នេះ​បើ​យោង​តាម​លោក គួយ ប៊ុន​សន អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ លោក កួយ ប៊ុន​សន បន្ត​ថា ការ​ដោះលែង​លោក វីរៈ ស៊ុម​ខ្វាម​ឃីត ធ្វើ​ឡើង​តាម​ព្រះ​រាជក្រឹត្យ របស់​ព្រះមហាក្សត្រ។

ការ​ដោះលែង​នេះ ក៏​បាន​ធ្វើ​ឡើង ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការបរទេស​ថៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​អំពី​ការដោះលែង​អ្នក​ទោស​ថៃ​រូប​នេះ ក៏​ត្រូវ​បាន​ប្រមុខ​ការ​ទូត​ថៃ​លើក​មក​ពិភាក្សា ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នៅ​ឯ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​តាម​សំណើ របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា មេទ័ព​ថៃ ដែល​កំពុង​កាន់អំណាច​ក្រោយពី​រដ្ឋប្រហារ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ដោះលែង​អ្នកទោស​ខ្មែរ ១៤ នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ ឬ ប្រើ​ឯកសារ​ក្លែងក្លាយ​នោះ​មក​វិញ​ផង​ដែរ។

សូម​បញ្ជាក់​ថា វីរៈ ស៊ុម​ខ្វាម​ឃីត សកម្មជន​អាវ​លឿង​ថៃ ដែល​ធ្លាប់​បាន​ប្រឆាំង​ នឹង​រដ្ឋាភិបាល​​កម្ពុជា​យ៉ាង​ខ្លាំង​ក្លា​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ ជាប់ពន្ធនាគារ រយៈពេល ៨​ឆ្នាំ ពី​បទ​ឆ្លង​ចូល​ក្នុង​ទឹកដី​កម្ពុជា ដោយ​ខុស​ច្បាប់ ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ក្នុង​បំណង​ទុច្ចរិត និង​ពី​បទ​ប្រមូល​ព័ត៌មាន​សម្ងាត់ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា។

បក្ខ​ពួក​របស់ វីរៈ ស៊ុម​ខ្វាម​ឃី​ត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា ត្រូវ​បាន​ដោះលែង​វិញ ជា​បន្តបន្ទាប់​រួចមកហើយ។ កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែង​អ្នកទោស​ថៃ​រូបនេះ ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា ដែរ ប៉ុន្តែ ទើប​តែ​ពេល​នេះ​ទេ ដែល​រដ្ឋាភិបាល​ភ្នំពេញ​យល់ព្រម​ដោះលែង។ វីរៈ ស៊ុម​ខ្វាម​ឃីត ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ជាមួយ​គណៈប្រតិភូ​ថៃ នៅ​ថ្ងៃ​ពុធ​នេះ។ ក៏​ប៉ុន្តែ នៅ​មិនទាន់​មាន​ព័ត៌មាន​ស្តី​ពី​ការ​ដោះលែង​ពលករ​ខ្មែរ ១៤ នាក់​នៅ​ពេលណា​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ