អានតួអត្ថបទ
កម្ពុជា

វីរៈ​ស៊ុម​ខ្វាម​ឃីត បាន​ចាក​ចេញ​ពី​កម្ពុជា​ជាមួយ​គណៈ​ប្រតិភូ​ថៃ​

លោក វីរៈ​ស៊ុម​ខ្វាម​ឃី​ត នៅ​ព្រឹក​ម៉ោង ១០​ថ្ងៃ​ទី ២​កក្កដា​នេះ បាន​ចាកចេញ​ពី​ទឹកដី​កម្ពុជា​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាមួយ​គណៈប្រតិភូ​រដ្ឋមន្ត្រី​ស្តី​ទី​ការបរទេស​ថៃ។ ការ​ដោះ​លែង​​សកម្មជន​អាវ​លឿង​រូប​នេះ គឺ​ធ្វើ​ឡើង​តាម​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​បាន​ត្រាស់​បង្គាប់​ឱ្យ​ដោះលែង​កាល​ពី​ថ្ងៃ​ទី០១​កក្កដា​។

សកម្មជន​អាវ​លឿង​ថៃ លោក​វីរៈ ស៊ុម​ខ្វាម​ឃី​ត (កណ្តាល)
សកម្មជន​អាវ​លឿង​ថៃ លោក​វីរៈ ស៊ុម​ខ្វាម​ឃី​ត (កណ្តាល) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សកម្មជន​អាវ​លឿង​ថៃ លោក​វីរៈ ស៊ុម​ខ្វាម​ឃី​ត បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់ ទៅ​កាន់​ប្រទេស​ថៃ​វិញ​ជាមួយ​នឹង​គណៈប្រតិភូ​ថៃ ដែល​បាន​បិទ​បញ្ចប់​ទស្សនៈ​ផ្លូវរដ្ឋ នៅ​កម្ពុជា។ មាន​សម្លៀក​​​បំពាក់​សាមញ្ញ អាវ​ឆ្នូត លោក វីរៈ ស៊ុម​ខ្វាម​ឃី​ត ​ដែលមាន​ពាក់​វែ​នតា​ម្ញ៉ូប​ផង បាន​ដើរ​អម​ពី​ក្រោយ​​ជាប់​រដ្ឋមន្ត្រី​ស្តី​ទី​ការបរទេស​ថៃ លោក ស៊ី​ហា​សាក់ ភួង​កេត​កែវ ឡើង​យន្តហោះ​តាម​ច្រក​ទ្វារ​ពិសេស។ 

ការ​ដោះលែង​សកម្មជន​អាវ​លឿង​ថៃ​រូបនេះ គឺ​ធ្វើ​ឡើង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ដែល​បាន​ត្រាស់បង្គាប់​ដោះលែង កាល​ពី​ថ្ងៃ​អង្គារ​ទី ១​កក្កដា​ម្សិលមិញ។ ហើយ​ការ​ដោះលែង​​សកម្មជន​អាវ​លឿង​ថៃ​នេះ​ទៀត​សោត គឺ​ស្របពេល​នឹង​ដំណើរ​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ស្តីទី​ការ​បរទេស​ថៃ ដែល​បានមក​បំពេញ​ទស្សនៈកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ លោក វីរៈ ស៊ុម​ខ្វាម​ឃី​ត ត្រូវ​បាន​តុលាការ​កម្ពុជា​ចាប់​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ កាល​ពី​ឆ្នាំ២០១១ ក្រោម​បទ ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​កម្ពុជា និង​ចូល​យក​ការណ៍ នៅ​ក្នុង​បន្ទាយ​យោធា​កម្ពុជា នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។

អ្នកទោស​ជនជាតិ​ថៃ​រូប​នេះ មិន​ទាន់​បាន​បំពេញ​ទោស ២​ភាគ​៣ នៃ​ទោស​សរុប​របស់ខ្លួន ដើម្បី​អាច​ទទួល​បាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​​នៅឡើយ​ទេ។ បើ​ទោះ​បី​ជា​សកម្មជន​​អាវ​លឿង​ថៃ​រូបនេះ ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ​ម្តង​ហើយ កាល​ពី​អំឡុង​ពេល​​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​ក៏​ដោយ។

លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ដោះលែង​សកម្មជន​​​​អាវ​​​លឿង​ថៃ​​នេះ គឺ​មិនមែន​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ របស់​ប្រទេស​ថៃ ឬ​ប្រទេស​​ណា​មួយ​នោះ​ទេ។ ពោល​គឺ​គោរព​តាម​គោលការណ៍​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ យ៉ាងណា​ក៏​ដោយ លោក​ផៃ​ស៊ី​ផាន បាន​គូស​បញ្ជាក់​ថា ការ​ស្នើ​សុំ​ដោះលែង​ពលករ​​ខ្មែរ​ចំនួន ១៤នាក់ នៅ​ក្នុង​ប្រទេស​ថៃ និង​ការដោះលែង​លោក វីរៈ ស៊ុម​ខ្វាម​ឃីត គឺ​មិនមែន​ជា​ការ​ដោះដូរ​អ្នក​ទោស រវាង​កម្ពុជា និង​ថៃ​នោះ​ទេ។

បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​ ទន្ទឹម​នឹង​សេរីភាព​របស់​សកម្មជន​អាវ​លឿង​ថៃ វីរៈ​ស៊ុម​ខ្វាម​ឃី​ត ពលករ​ខ្មែរ​ចំនួន ១៤នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ ក្នុង​ទឹកដី​ថៃ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ស្នើ​សុំ​ឱ្យ​ដោះលែង​នោះ គឺ​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​នៅ​ឡើយ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ