អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភស្តុតាង​ថ្មី​ទៀត នៃ​គ្រោះ​ថ្នាក់ ដោយ​សារ​គម្លាត​កាន់​តែ​ធំ​ រវាង​អ្នក​មាន និង​អ្នក​ក្រ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលករ​ខ្មែរ​រាប់សែន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់មក​ប្រទេស​វិញ​យ៉ាង​តក់​ក្រហល់​​រយៈពេល​ចុងក្រោយ​នេះ។ ការ​វិលត្រឡប់​របស់​ពលករ​ក្រីក្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំងនោះ បានបង្ហាញ​អំពី​ភាពក្រីក្រ​តោកយ៉ាក​យ៉ាងខ្លាំង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន។ ទន្ទឹម​នឹង​នោះដែរ ក៏មាន​ភស្តុតាង​មួយចំនួន ដែល​បង្ហាញ​ថា ក្រុម​អ្នក​មាន​កំពុង​តែ​មាន​ឡើងៗ ហើយ​សេចក្តី​ត្រូវការ​របស់​ពួកគេ ក៏​កាន់តែ​ខ្ពស់ជាង​មុន​ដែរ។ គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​ដែល​កាន់​​តែ​រីកធំឡើងៗ ជា​លំដាប់​ជា​សញ្ញា​គ្រោះថ្នាក់ ដែល​គេ​មិនអាច​មើលរំលង​បាន​ឡើយ។

ពិភពពីរផ្សេងគ្នារវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា
ពិភពពីរផ្សេងគ្នារវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពីលើ​វត្តមាន​នៃ​រថយន្តទំនើបៗតម្លៃ​ខ្ពស់កប់ពពក​ដែល​កំពុងតែ​ចរាចរណ៍​ព្រោងព្រាត​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង រថយន្ត Rolls Royce ដែលមាន​តម្លៃ​រាប់សិប​ម៉ឺន​រហូតដល់​មួយ​លាន​ដុល្លារ​ក៏បាន​មកដល់​ទីផ្សារ​ក​ម្ពុ​ជា​ដែរ។ នេះ​គឺជា​ភស្តុតាង​ថ្មី​មួយទៀត​ដែល​បង្ហាញថា​ក្រុម​អ្នកមាន​កាន់តែ​មានឡើងៗហើយ​សេចក្តីត្រូវការ​របស់​ពួកគេ​ត្រូវបាន​ឆ្លើយតបបាន​យ៉ាង​ល្អ។

ក្រៅពីនោះ ការរីកដុះដាល​ព្រោងព្រាត​នៃ​សំណង់​អាគារខ្ពស់ៗ ផ្ទះ​វីឡា ក្លឹប​រាត្រី ខារ៉ាអូខេ និង​​ក្លឹប​កម្សាន្ត​សប្បាយផ្សេងៗទៀត​នៅក្នុង​រាជធានី​និង​ទីប្រជុំជន​នានា​ក៏​ជា​សក្ខីភាព​នៃ​តម្រូវ​ការ​សប្បាយ​ចាយលុយ​មិនចេះ​អស់​របស់​ពួក​អ្នកមាន​ដែរ។ ប៉ុន្តែ នៅឯ​ជ្រុង​ម្ខាង​ទៀត ពលរដ្ឋ​​ខ្មែរ​ជាច្រើន​ដើរ​ត្រាច់រង្គាត់​គ្រប់​ច្រកល្ហក​ដើម្បី​ស្វែងរក​ប្រាក់​ចិញ្ចឹមជីវិត​ដោយ​លំបាក​។ អ្នក​ខ្លះ​ត្រូវ​ប្រថុយ​ជីវិត​ឆ្លងដែន​ខុសច្បាប់​ទៅ​ស៊ីឈ្នួល​គេ​នៅក្នុង​ប្រទេសជិតខាង។

ការចាប់​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​ខុសច្បាប់​រាប់សែន​នាក់​ឲ្យ​ត្រឡប់មក​ប្រទេស​វិញ​នៅពេលនេះ​គឺជា​សក្ខីភាព​ជាក់ស្តែង​បំផុត​នៃ​ភាព​តោកយ៉ាក​របស់​ជនជាតិ​ខ្មែរ​ជាច្រើន​តែ​សេចក្តីត្រូវការ​របស់​​ពួកគេ​មិនសូវមាន​អ្នកណា​គិតគូរ​ដល់។ បញ្ហា​នេះហើយ​ដែល​ជំរុញ​ឲ្យ​គម្លាត​រវាង​អ្នក​មាន ​និង​អ្នកក្រ​ផុស​ត្រដែត​ឡើង​ហើយ​កំពុង​ញែក​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ក្រុម​ឲ្យ​ស្ថិតនៅក្នុង​ពិភព​ពីរ​ខុសគ្នា​ដាច់ស្រឡះ​រហូត​ហៅ​គ្នា​មិនលឺ។

ជាការ​ពិតណាស់ ក្នុងសង្គម​មនុស្ស​តែងមាន​អ្នកមាន​និង​អ្នកក្រ​ជា​រឿង​ធម្មតា។ គ្មាន​សង្គម​ណាមួយ​នៅលើ​លោក​យើង​នេះ​ដែល​មនុស្ស​រស់នៅ​ស្មើភាព​គ្នា​ទាំងស្រុង​នោះឡើយ។ ការស្រមើស្រមៃ​ចង់​កសាង​សង្គម​មួយ​ស្មើភាព​របស់​ពួក​ខ្មែរក្រហម​ដើម្បី​លុបបំបាត់​វណ្ណៈ​សង្គម​នោះ ទីបំផុត​បាន​នាំ​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​វាលពិឃាត​ដ៏​វិនាសកម្ម​មួយ។ ដូច្នេះ អ្នកមាន​និង​អ្នកក្រ​គឺជា​ធាតុ​ផ្សំ​របស់​សង្គមមនុស្ស​ដែល​មិនអាច​ចៀសវាង​បាន។ ម្យ៉ាងទៀត ការកើនឡើង​នៃ​ចំនួន​អ្នកមាន​ឬក៏​កើនឡើង​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​គឺជា​ដំណឹង​ល្អ​ទៅ​វិញ​​ទេ ​ប្រសិនបើ​ទ្រព្យសម្បត្តិ​នោះ​បានមក​ដោយ​របរ​សុចរិត​នោះ។

ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន​គឺ ក្រោយ​សម័យ​ប៉ុលពត​ខ្មែរ​រាល់​រូប​បានចាប់ផ្តើម​កសាង​ជីវភាព​គ្រួសារ​ពី​បាត​ដៃទទេដូចៗគ្នា។ ស្រាប់តែ​ជាង៣ទសវត្សរ៍​ ក្រោយ​​មក​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​បាន​ចែក​ភព​ពីរ​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​ស្រឡះ។ បញ្ហា​នេះ​បណ្តាលមកពី​កត្តា​ចៃដន្យ​ផង កត្តាសេដ្ឋកិច្ច​ផង និង កត្តានយោបាយ​ផង។ កត្តា​ចៃដន្យ​មានន័យថា មានគ្រួសារ​ខ្មែរ​ជាច្រើន​បាន​ក្លាយខ្លួនជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន ​ដោយសារ​អចលនទ្រព្យ​ដូចជា​ដីធ្លី ​ឬ​ផ្ទះសម្បែង​ជាដើម ជាពិសេស​អ្នក​ដែលមាន​ផ្ទះសម្បែង​ក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង។

ចំណែកឯ​កត្តា​សេដ្ឋ​កិច្ច​វិញ អ្នក​ដែល​ពូកែ​ខាង​ធ្វើ​ជំនួញ​ក៏​អាច​ក្លាយជា​ថៅកែ​បាន​យ៉ាង​ស្រួល​ដោយសារតែ​ក្រោយ​របប​ខ្មែរក្រហម​ខ្មែរ​ដែល​ចេះ​ធ្វើ​ជំនួញ​ពិតប្រាកដ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ គេ​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា ក៏មាន​អ្នកជំនួញ​ខ្លះ​បាន​ឆ្លៀត​ឱ​កាស ​ដែល​សង្គម​​មាន​​អំណោយផល​ដល់​អ្នកមាន​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ដោយ​ប្រើប្រាស់​វិធី​មិន​សុចរិត​ផងដែរ។ វិធី​មិន​សុចរិត​មាន​ប្រសិទ្ធភាព​ដោយសារតែ​អំណាច​ទឹកប្រាក់​ជួយ​ពួកគេ​ឲ្យ​រួច​ផុតពី​សំណាញ់​ច្បាប់​បាន។

កត្តានយោបាយ​ក៏​ជា​អ្វីដែល​គេ​មិនត្រូវ​មើលរំលង​ដែរ​ពោលគឺ​ការប្រើប្រាស់​ឥទ្ធិពល​នៃ​អំណាច​​ ដែល​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​គឺជា​វិធី​ដ៏​ងាយស្រួល​ក្នុង​ការរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ កត្តា​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ក្លាយជា​អ្នកមាន​ដោយ​ស្រួល​បំផុត​។​ ដោយសារតែ​ទ្រព្យសម្បត្តិ​បានមក​ដោយ​ស្រួល​បែបនេះហើយ​បានជា​ពួកគេ​ចាយវាយ​ប្រាក់​​ដូច​ក្រដាស​ ខណៈដែល​អ្នក​ក្រីក្រ​ត្រូវ​ចំណាយ​កម្លាំង​ញើស​ឈាម​ដោយ​លំបាកលំបិន​បំផុត​ទម្រាំ​បាន​ប្រាក់​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត។

ដូច្នេះ ស្រប​ពេលដែល​ប្រទេស​កំពុងមាន​កំណើនសេដ្ឋកិច្ច​ល្អ រដ្ឋាភិបាល​គួរ​ងាក​មក​ចាប់​អារម្មណ៍​​ឡើងវិញ​ចំពោះ​បញ្ហា​នេះហើយ​ផ្តើម​ដោះស្រាយ​ជា​បន្ទាប់​នូវ​បញ្ហា​ចំពោះមុខ​ផង​និង​បញ្ហា​យូរអង្វែង​ផង។ បញ្ហា​ចំពោះមុខ​គឺ​ដោះស្រាយ​ការងារ​ឲ្យ​ពលករ​ដែល​ត្រូវគេ​បញ្ជូន​មកពី​ប្រទេស​ថៃ​ផង​និង​ពលករ​ដែល​ខ្វះ​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ផង។ ចំណែក​បញ្ហា​យូរអង្វែង​គឺ​ការ​កែ​តម្រូវ​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​ដោយ​ធ្វើយ៉ាងណា​ឲ្យ​សង្គម​មាន​អំណោយផល​ចំពោះ​អ្នកក្រីក្រ​ដើម្បី​ឲ្យ​ពួកគេ​ចាក​ចេញពី​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។

ប្រសិនបើ​មិន​ដូច្នោះ​ទេ គម្លាត​កាន់តែ​ឆ្ងាយទៅៗរវាង​អ្នកមាន​និង​អ្នកក្រ​ប្រៀបបាន​នឹង​គ្រាប់បែក​កំណត់​ម៉ោង​ដែល​នឹង​ផ្ទុះឡើង​នៅពេល​ណាមួយ​ជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ