អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​ កាត់​ដី​៧៥០​ហិចតា​ជូន​​ពលរដ្ឋ​​ខេត្ត​ក្រចេះ​ ប៉ុន្តែ​ពលរដ្ឋ​មិន​ទុក​ចិត្ត​

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១០០នាក់ ដែលមាន​ជំលោះ​ដីធ្លី​មកពី​ឃុំ​ឃ្សិ​ម​ ខេត្តក្រចេះ បានធ្វើ​ដំណើរ​វិល​ត្រលប់​ទៅកាន់​ខេត្តក្រចេះ​វិញ នៅ​ថ្ងៃ​សៅ​រ៍​នេះ ដើម្បី​ទៅពិនិត្យ​មើល​ដោយផ្ទាល់ នូវ​ទីតាំង និង​ទំហំ​ដី ៧៥០ហិច​តា ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​អោយ ជា​ថ្នូ​រ​នឹង​ការបញ្ចប់​ការតវ៉ា​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ ​ប្រជាពលរដ្ឋ​ជាង២០០នាក់​ទៀត ដែល​កំពុងស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី មិនទាន់​វិល​ត្រលប់​ទៅ​ខេត្តក្រចេះ​វិញ​តាម​សំណូមពរ​របស់​អាជ្ញាធ​រ​នោះទេ។

តំណាងប្រជាពលរដ្ឋ​មានជំលោះដីធ្លីមកពីខេត្តក្រចេះ មួយចំនួន​​ត្រលប់ទៅកាន់ខេត្តក្រចេះវិញ នៅថ្ងៃសៅរ៍​នេះ។
តំណាងប្រជាពលរដ្ឋ​មានជំលោះដីធ្លីមកពីខេត្តក្រចេះ មួយចំនួន​​ត្រលប់ទៅកាន់ខេត្តក្រចេះវិញ នៅថ្ងៃសៅរ៍​នេះ។ RFI
ផ្សាយពាណិជ្ជកម្ម

ដោយ​មិនមាន​ទំនុកចិត្ត​លើ​អាជ្ញាធរ១០០ភាគរយ​នៅឡើយ ដូចនេះ​មានតែ​តំណាង​ពលរដ្ឋ​រងគ្រោះ​សហគមន៍​ពាម​ប៉ោ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ចំនួន​តែ១០០នាក់​ប៉ុណ្ណោះ ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើដំណើរ​វិល​ត្រលប់​ទៅកាន់​ខេត្តក្រចេះ​វិញ ​នៅ​ថ្ងៃ​សៅ​រ៍នេះ។ អាជ្ញាធរ​ដែល​រួមមាន​អភិបាលរង​ខេត្តក្រចេះ​លោក ខាន់ ចំណាន អភិបាល​ខ័​ណ្ឌ​មានជ័យ​លោក គួច ចំរើន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​ចុះទៅ​សំរបសំរួល​និង​បាន​យក​រថយន្ត​ចំនួន៦គ្រឿង​ទៅ​ដឹក​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ពី​វត្ត​សាមគ្គី​រង្ស៊ី​ នៅ​ព្រឹក​ថ្ងៃ​សៅ​រ៍​នេះ ប៉ុន្តែ​មានតែ​ប្រជាពលរដ្ឋ​ជាង​១០០នាក់​ប៉ុណ្ណោះ ក្នុងចំនោម​ប្រជាពលរដ្ឋ​ជាង៤០០គ្រួសារ​ដែល​បាន​ចេញទៅ។

តំណាង​ប្រជាពលរដ្ឋ​ទាំង១០០នាក់ ដែល​អមដំណើរ​ដោយ​ព្រះគ្រូ​សូត្រ​វត្ត​សាមគ្គី​រង្សី បណ្តាញ​​​ព្រះសង្ឃ អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ផង នឹង​ពិនិត្យមើល​ជាក់ស្តែង ពី​ស្ថានភាព​ដី​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ។ ជា​ដី​ទំហំ​៧៥០ហិចតា ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឲ្យ​ប្រជាពលរដ្ឋ​ជា​ថ្នូ​រ​នឹង​ការ​បញ្ចប់​​ការតវ៉ា និង​ការដើរ​ហែ​ក្បួន​របស់​ពួកគេ​ នៅក្នុង​រាជធានី​ភ្នំពេញ។

គួររំលឹកថា កាលពី​ថ្ងៃទី២៧ឧសភា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឯកភាព ឲ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ៧៥០ហិកតា នៅ​ចំណុច​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បណ្តេញចេញ និង​កំពុងស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​ដើម្បី​បញ្ចប់​ការតវ៉ា។ ប៉ុន្តែ​លោក ងួន វិបុល តំណាង​ពលរដ្ឋ​មកពី​ខេត្តក្រចេះ​ បាន​អះអាងថា ប្រជាពលរដ្ឋ​មិនទាន់​ជឿ​ទុក​ចិត្ត​១០០​ភាគរយ​​​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​មកពី​ឃុំ​ឃ្សឹ​ម មិនទាន់​សំរេចចិត្ត​វិល​ត្រលប់​​ទៅកាន់​ខេត្តក្រចេះ​ទាំងអស់។

យ៉ាងណា​ក៍ដោយ លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ​បានបញ្ជាក់​នៅក្នុង​លិខិត​របស់លោក​កាលពី​ថ្ងៃទី២៨ឧសភា​ថា ការសម្រេច​ឲ្យ​ដី​ប្រជាពលរដ្ឋ​នេះ ជាការ​អនុគ្រោះ​របស់​ថ្នាក់ដឹកនាំ បើទោះបី​ដឹងថា ពលរដ្ឋ​ទាំង៤០៥គ្រួសារ​នេះ​បានមក​រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់​មុន​ការ​បណ្តេញ​​ចេញ​​ក៏ដោយ។ បើតាម​លោក សរ ចំរុង ដដែល ប្រជាពលរដ្ឋ​នឹង​ទៅ​ជួបជុំគ្នា​នៅ​សាលា​ស្រុក​ស្នួល​ខេត្តក្រចេះ ដើម្បី​បំពេញ​សំណុំបែបបទ​ទទួលយក​ដី​សម្បទាន​សង្គមកិច្ច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ