អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ស្វែង​រក​អន្តរាគមន៍​លើ​ជម្លោះ​ដី​ធ្លី​តាម​រយៈ​ការ​ដាក់​ញត្តិ​តាម​ស្ថាន​ទូត ​

ក្រុម​ប្រជាពលរដ្ឋ​ជាង ២០០ នាក់ ដែលមាន​ជម្លោះដីធ្លី មកពី​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ លើក​​បដា ដើរ​ដាក់​ញត្តិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី១៦ឧសភា ទៅកាន់​ស្ថានទូត​ប្រទេស​​មហាអំណាច សហភាព​អឺរ៉ុប និង​ស្ថានទូត​វៀតណាម។ ចាប់ផ្តើម​ដាក់​ញត្តិ​ដំបូង នៅ​ស្ថានទូត​អាមេរិក ក្រុម​ប្រជា​ពល​រដ្ឋដែលមាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​វៀតណាម បាន​ទទូចសុំ​ឲ្យ​ប្រទេស​មហា​អំណាច ម្ចាស់ជំនួយ​សហភាព​អឺរ៉ុប និង​​ស្ថានទូត​វៀតណាម​ផ្ទាល់ អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុមហ៊ុន​វៀតណាមកុំ​ឲ្យ​យក​ដី​របស់​ពួកគាត់។

ក្រុមប្រជាពលរដ្ឋហែញត្តិដាក់នៅតាមស្ថានទូតនៅថ្ងៃទី ១៦ ឧសភា​ឆ្នាំ ២០១៤។
ក្រុមប្រជាពលរដ្ឋហែញត្តិដាក់នៅតាមស្ថានទូតនៅថ្ងៃទី ១៦ ឧសភា​ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ចន្ទ ទី១២ឧសភា ក្រុម​ប្រជាពលរដ្ឋ អ្នកមាន​ជម្លោះដីធ្លី នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​បានដាក់​ញត្តិ​រួចហើយ ទៅកាន់​ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​អ្នកភូមិ​ជាង ២០០ នាក់ បាន​ប្រមូលផ្តុំ លើក​បដា ដើរ​ដាក់​ញត្តិ​ជាថ្មី ទៅកាន់​ស្ថានទូត​ប្រទេស​មហាអំណាច ដូចជា អាមេរិក បារាំង ជប៉ុន អង់គ្លេស អាល្លឺម៉ង់ ទូត​អូស្ត្រាលី សហភាព​អឺរ៉ុប និង​ស្ថានទូត​វៀតណាម។

ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បានដាក់​ញត្តិ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គទូត ដើម្បី​ស្នើសុំ​អន្តរាគមន៍ ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី។ បញ្ហា​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិ​ញ ភឿ​ក២ លើ​ទំហំ​ដី​ជាង ២ ពាន់​ហិកតា។

ក្រុម​ប្រជាពលរដ្ឋ បាន​ឡើងមក​រង់ចាំ​ដំណោះស្រាយ​យូរថ្ងៃ​មកហើយ បាន​អះអាងថា ពួកគាត់ បានរស់នៅ​លើដី​ជម្លោះ នៅ​ភូមិ​ពាម​ប៉ោ​អូរ​បី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ចាប់តាំងពី​ឆ្នាំ២០០៨ បន្ត​រហូតដល់​ដើមឆ្នាំ២០១២ មាន​ចំនួន​ជាង ៤០០ គ្រួសារ។

ប៉ុន្តែថ្មីៗនេះ អាជ្ញាធរ​ខេត្តក្រចេះ បាន​រឹបអូស​យក​ដី​ទាំងនោះ ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ អាជ្ញាធរ អះអាងថា ដី​ដែលមាន​ជម្លោះ​នោះ គឺជា​ដីព្រៃ​របស់​រដ្ឋ ដែល​តាមច្បាប់ រដ្ឋ​ត្រូវ​ដកហូត​មកវិញ។

ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះ បាន​ឡើងមក​ភ្នំពេញ ដើម្បី​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​ខែឧសភា។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ ត្រលប់​ទៅ​ចរចា​ជាមួយ​អាជ្ញាធរ​ខេត្តក្រចេះ។ ប៉ុន្តែ​កិច្ចប្រជុំ កាលពី​ថ្ងៃទី៧ឧសភា មិនមាន​លទ្ធផល​អ្វី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ