អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ ហែ​ក្បួន​ធំ​ នៅ​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយមាន​មនុស្ស​ ជាង២ម៉ឺន​នាក់​ចូលរួម។ ការ​ហែក្បួន ដែល​​​នឹង​​ធ្វើឡើង​នា​រសៀល​ថ្ងៃ​សុក្រ​ទី១៦ឧសភា ដោយ​ចាក​ចេញពី​ទីស្នាក់ការ​បក្ស កាត់​តាមផ្លូវ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ចំណែកឯ​អាជ្ញាធរ​មិនបាន​ហាមឃាត់​នោះទេ អោយតែ​គណបក្ស​នេះ ហែ​ក្បួន​​ទៅតាម​តំរាយ​ផ្លូវ​ដែល​អាជ្ញាធរ​បានរៀបចំ។

ការហែរក្បួន របស់គណបក្ស​នយោបាយ នៅ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ អណត្តិទី២។
ការហែរក្បួន របស់គណបក្ស​នយោបាយ នៅ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ អណត្តិទី២។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ គឺជា​គោលដៅ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ជា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​ទី១៦ឧសភា​ខាងមុខ។ ជា​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អសកល​ ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី២។ សកម្មជន​គណបក្ស​តាម​ខេត្ត ​អាច​នឹង​ឡើងមក​ចូលរួម ​នៅក្នុង​ការ​ហែ​ក្បួន​ធំ​នេះដែរ ប្រសិន​បើ​ពួកគេ​ស្ម័គ្រចិត្ត។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហូរ វ៉ាន់ ប្រធាន​ក្រុមការងារ​គណបក្ស​​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ។

បើតាម​លោក ហូរ វ៉ាន់ ដដែល ការ​ហែ​ក្បួន នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង៣រសៀល ដោយ​អ្នក​ចូលរួម​​នឹង​​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ មុនពេល​ក្បួន​ដង្ហែរ​ ត្រូវ​ឆ្លងកាត់​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្បួន​ដង្ហែរ​ជា​ទ្រង់ទ្រាយ​ធំ ដែល​ដឹកនាំ​ដោយ​​លោក សម រង្ស៊ី និង​លោក កឹម សុខា​នេះ នឹង​បញ្ចប់​នៅវេលា​ម៉ោង៨យប់​នៅ​ខាងត្បូង​សាលាក្រុង​​ភ្នំពេញ រឺ​នៅមុខ​អយស្ម័យយាន ដោយ​មានការ​ថ្លែង​សារ​នយោបាយ​នានា របស់លោក សម រង្ស៊ី និង​លោក កឹម សុខា។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី២ឧសភា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី១៦ឧសភា ហើយ​ការបោះឆ្នោត នឹង​ធ្វើ​​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី១៨ឧសភា។ មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ 11459 នាក់​ប៉ុណ្ណោះ​ ដែលមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នេះ។

ទាក់ទង​នឹង​ការ​ហែ​​ក្បួន​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក ខៀវ សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា គណបក្ស​នេះ​អាច​ហែរ​ក្បួន​ធំ​បាន តែ​មិនអាច​យក​ការ​ហែ​ក្បួន​​នេះ ដើម្បី​ធ្វើការ​តវ៉ា ឬ ​ប្រែក្លាយជា​បាតុកម្ម​នោះទេ។

គិត​ត្រឹម​ថ្ងៃទី១៤ឧសភា​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អសកល​នេះ មាន​ពាក្យបណ្តឹង​តែ៤ប៉ុណ្ណោះ ដែល២បណ្តឹង​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ១បណ្តឹង​របស់​គណបក្ស​ប្រជាជន​​កម្ពុជា និង១បណ្តឹង​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ