អានតួអត្ថបទ
កម្ពុជា

គណបក្ស​នយោបាយ​៤​ ជួប​ជុំ​នៅ​តាម​ទីស្នាក់​ការ​បក្ស​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

មាន​គណបក្សនយោបាយ​ចំនួន៥ប៉ុណ្ណោះ ដែល​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អសកល​នេះ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទៅ​ជួបជុំ​នៅ​ខេត្តកណ្តាល គណបក្ស​៤ទៀត ក៏បាន​ជួបជុំ​ជាមួយ អង្គ​បោះឆ្នោត​​នៅតាម​ទីស្នាក់ការ​បក្សរៀងៗខ្លួន​ផងដែរ។

គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ដំបូង​នេះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោតមុន។ ស្ងប់ស្ងាត់​ដោយសារ​ថា នេះ​ជាការ​បោះឆ្នោត​អសកល ហើយ​យុទ្ធនា​ការឃោសនា​បានធ្វើ​ឡើង សំដៅទៅ​រកតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្សនីមួយៗដែលជា​អង្គ​បោះឆ្នោត​ប៉ុណ្ណោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច នៅថ្ងៃនេះ បាន​ប្រមូលផ្តុំ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់ខ្លួន មកជួបជុំ​នៅតាម​ទីស្នាក់ការ​បក្ស ខេត្ត ក្រុង ស្រុក ខណ្ឌ រៀងៗខ្លួន ដោយនិយាយ​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​តែប៉ុណ្ណោះ។ការជួបជុំ បាន​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី២ឧសភា រហូតដល់​ថ្ងៃ ទី១៦ឧសភា។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជាម យៀប និង​លោក ឈាង វុន សមាជិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

ចំណែកឯ​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ក៍​មិនបាន​បង្ហាញ​ការឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ដែរ ដោយ​គណបក្ស​នេះ គ្រាន់តែ​ជួបជុំ​ជាមួយ​អង្គ​បោះឆ្នោត​នៅតាម​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន​ប៉ុណ្ណោះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ធៀង វណ្ណដារ៉ុង សមាជិក​គណបក្ស ហ្វុនស៊ិនប៉ិច។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បានដាក់​បេក្ខភាព​ក្រុមប្រឹក្សា​ខេត្ត​ចំនួន៤ និង​បេក្ខភាព​ក្រុមប្រឹក្សា ក្រុង ស្រុក​ចំនួន២។ គណបក្ស​នេះ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជា​អង្គ​បោះឆ្នោត​ចំនួន ១៥១រូប។

ដោយឡែក គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់លោក ខឹម វាសនា នៅថ្ងៃនេះ ក៍​មិនមាន​អ្វី​ប្លែក​ដែរ ពោលគឺ​គណបក្ស​នេះ គ្រាន់តែ​ចាក់​ភ្លេង និង កម្មវិធី​នយោបាយ​នៅតាម​ផ្សារ​និង​ទីប្រជុំជន​មួយចំនួន​នៅក្នុង​ស្រុក​សូត្រ​និគម​ខេត្តសៀមរាប។ ជា​ស្រុក​តែ១គត់ ដែល​គណបក្ស​នេះ​ឈរឈ្មោះ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មាន​សមាជិក ឃុំ ចំនួន៥រូប​នៅក្នុង​ស្រុក​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ខឹម វាសនា ជា​ប្រធាន​គណបក្ស។

មិន​ខុសគ្នា​នេះដែរ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ចូលរួម​ដំបូង​នៅក្នុង​ការបោះឆ្នោត​អសកល​នេះ ក៍​មិន​បានធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នោះដែរ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ចាន់ យ៉េត ប្រធានស្តីទី​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី១៦ឧសភា ហើយ​ថ្ងៃអាទិត្យ​ទី១៨ឧសភា គឺជា​ថ្ងៃ​បោះឆ្នោត។ មានតែ​គណបក្ស​នយោ​បាយ​​ចំនួន៥ប៉ុណ្ណោះ ដែល​ឈរឈ្មោះ​បោះឆ្នោត ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ