អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​សម្របសម្រួល​ជា​គន្លឹះ​នៃ​ភាព​ជា​ដៃ​គូរ​វាង​រដ្ឋាភិ​បាល​និង​សង្គម​ស៊ីវិល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​ពី​ភាពមិន​ចុះសម្រុង​គ្នា​យ៉ាងខ្លាំង មិន​ចាញ់​ការមិនចុះសម្រុង​រវាង​រដ្ឋាភិបាល​និង​បក្សប្រឆាំង​នោះឡើយ។ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​តប​ទៅនឹង​ការ​រិះគន់​​របស់​អង្គការ​សង្គម​ស៊ីវិល។ ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា ច្បាប់​មិន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​យក​សេចក្តីព្រាងច្បាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ទេ។ ការបាត់បង់​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មាន​មូលហេតុ​ច្រើនយ៉ាង ប៉ុន្តែ ភាពទន់ភ្លន់​និង​ការសម្របសម្រួល​ជា​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា។

ក្រុម​សង្គម​ស៊ីវិល​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជួប​ចរចារ​ជា​បន្ទាន់​​​(រូប​ភាព​ឯក​សារ​)​​
ក្រុម​សង្គម​ស៊ីវិល​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជួប​ចរចារ​ជា​បន្ទាន់​​​(រូប​ភាព​ឯក​សារ​)​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ក្រៅពី​ភាពជា​គូបដិបក្ខ​ដូច​ទឹក​និង​ប្រេង​រវាង​រដ្ឋាភិបាល​និង​បក្សប្រឆាំង ក៏​នៅមាន​ការមិនចុះសម្រុង​គ្នា​យ៉ាងខ្លាំង​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។ តាមពិតទៅ តួនាទី​របស់​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មិន​ខុសគ្នា​ទេពី​ព្រោះ រដ្ឋាភិបាល​ក៏​ចង់​បម្រើ​ប្រជា​ពលរដ្ឋ​​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត។ ចំណែក​សង្គម​ស៊ីវិល​ក៏​ធ្វើការ​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​និង​ប្រយោជន៍​ពលរដ្ឋ​ម្ចាស់ឆ្នោត​ដូចគ្នា​ដែរ។

ប៉ុន្តែ មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​ភាគី​ទាំងពីរ​មិន​ចុះសម្រុង​គ្នា ៖          

ជាបឋម ភាគី​ទាំងពីរ​តែងតែ​សម្អាង​លើ​តួនាទី​របស់ខ្លួន​តែរៀងៗខ្លួន​ដោយ​ខ្វះ​ភាពទន់ភ្លន់​និង​ការសម្របសម្រួល។ រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​តែង​ចាត់ទុក​ខ្លួនឯង​ថា​ជា​តំណាង​របស់​ប្រជាជន​ទូទាំងប្រទេស ។ ដូច្នេះ រដ្ឋាភិបាល​យល់ឃើញថា ការសម្រេច​គោល​នយោបាយ​​ដែល​ខ្លួន​បាន​ដាក់ចេញ​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត​ជា​កិច្ច​ការសំខាន់​ជាង​ការតម្រូវ​ចិត្ត​សង្គម​ស៊ីវិល​ដែល​គ្រាន់តែ​ជា​បណ្តុំ​មនុស្ស​មួយក្រុម​តូច​តែប៉ុណ្ណោះ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​វិញ​យល់ឃើញ​ផ្ទុយ​ពីនេះ។ ជាទូទៅ សង្គម​ស៊ីវិល​តែងតាំង​ខ្លួន​ជា​អ្នកការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​ជា​សំឡេង​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត។ ដូច្នេះ ពួកគេ​មាន​សិទ្ធិ​ទាមទារ​ឬ​ផ្តល់យោបល់​ឲ្យ​រដ្ឋាភិបាល​កែតម្រូវ​គោលនយោបាយ​របស់ខ្លួន​បាន។ ពេលខ្លះ សង្គម​ស៊ីវិល​ក៏បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​តាម​គ្រប់រូប​ភាព​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ងារ​ដោយ​តម្លាភាព​និង​ដើម្បី​ផលប្រយោជន៍​សាធារណៈ។

មន្ត្រី​រដ្ឋាភិបាល​ដែល​នៅ​មិនទាន់​ស៊ាំ​នឹង​ការរិះគន់​ក៏​ជា​បញ្ហា​មួយ​ដែរ។ ជាទូទៅ ពាក្យ​សរសើរ​គឺជា​អ្វីដែល​មន្ត្រី​ខ្មែរ​ចូលចិត្ត​បំផុត។ ដូច្នេះ​នៅពេល​ទទួល​ពាក្យរិះគន់ មន្ត្រី​រដ្ឋាភិបាល​មាន​អារម្មណ៍​ជា​ស្វ័យប្រវត្តិ​ថា​អ្នក​រិះគន់​មាន​បង្កប់​ដោយ​បំណង​ផ្សេង​ទៅវិញ។ ដូច្នេះ ហើយ​បានជា​រដ្ឋាភិបាល​តែង​ច្រានចោល​និង​វាយបក​ទៅលើ​អ្នក​រិះគន់​វិញ​រាប់ទាំង​សង្គម​ស៊ីវិល​ផង។

ម្យ៉ាងទៀត ទម្លាប់​យក​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ឈ្នាន់​ឈានទៅ​សម្រេច​គោលដៅ របស់​អ្នកនយោបាយ​មួយចំនួន​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្លឹង​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ដោយ​ក្រសែភ្នែក​មិន​ទុកចិត្ត​ដែរ។ វា​មិនមែនជា​រឿង​កម្រ​ទេ​ដែល​គេ​ឃើញ​អ្នកនយោបាយ​ផ្តើមកសាង​ប្រជាប្រិយភាព​របស់ខ្លួន​តា​មរយៈ​ការបង្កើត​អង្គការ​សង្គម​ស៊ីវិល។ អង្គការ​សង្គម​ស៊ីវិល​ប្រភេទ​នេះ​ច្រើនតែ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ប្រធានបទរសើបៗដូចជា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម។

ក៏មានដែរ​អ្នកដឹកនាំ​សង្គម​ស៊ីវិល​ដែល​បង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​ថា ជា​អ្នកគាំទ្រ​បក្ស​នយោបាយ​ត្រង់ៗនិង​យ៉ាងសកម្ម​ទៀតផង។ សង្គម​ស៊ីវិល​ខ្លះទៀត​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ផ្សេង​ដែល​បង្កប់​ពីក្រោយ​ខ្នង​ទៅតាម​ការចង់បាន​រប​ស់​ម្ចាស់ជំនួយ។

កត្តា​ទាំងនេះហើយ​ដែល​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​រកាំរកូស​និង​ពេលខ្លះ​ឈានដល់​ការ​ប្រឈមមុខ​​ដាក់គ្នា​យ៉ាង​តឹងតែង​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល។ ទាំងនេះ​ក៏​ជា​មូលហេតុ​​ដែល​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។ តាមពិត ប្រសិនបើ​ភាគី​ទាំងពីរ​នេះ​រកឃើញ​ភាពជា​ដៃគូ​ដ៏​ល្អ​ជាមួយគ្នា​វិញ​នោះ មាន​ផលប្រយោជន៍​ច្រើនណាស់​ដែល​អាចជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​គ្រប់​វិស័យ។

ពិត​ហើយ​ថា រដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត ប៉ុន្តែ សកម្មភាព​និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក៏​អាចមាន​ការខ្វះចន្លោះ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាជន​ដែរ។ ជាក់ស្តែង គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច និង​គម្រោង​អភិវឌ្ឍផ្សេងៗទៀត​ដែល​បង្កើត​ឲ្យ​មានទំនាស់​ដីធ្លី​យ៉ាងច្រើន​កន្លងទៅនេះ​គឺជា​ឧទាហរណ៍​ស្រាប់។ ដូច្នេះ ប្រសិនបើ​រដ្ឋាភិបាល​យ​ក​សង្គម​ស៊ីវិល​ធ្វើជា​ភ្នែក​ច្រមុះ បញ្ហា​ជាច្រើន​អាច​នឹងត្រូវ​បញ្ចៀស។ ម្យ៉ាងទៀត សង្គម​ស៊ីវិល​ក៏​អាច​កៀង​គរ​ថវិកា​និង​ធនធានមនុស្ស​ដើម្បី​ជួយ​កិច្ចការ​រដ្ឋាភិបាល​បាន​យ៉ាងច្រើន​ផងដែរ។

សរុប​មកវិញ ការរក​ឲ្យ​ឃើញ​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ពិត​ជាមាន​សារៈសំខាន់​​ណាស់​​សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​ន៍​ប្រទេស។ ភាពទន់ភ្លន់​និង​ការសម្របសម្រួល​ត្រូវគេ​មើលឃើញថា​ជា​គន្លឹះ​ដើម្បី​សម្រេច​គោលដៅ​នេះ។ ផ្ទុយទៅវិញ ប្រសិនបើ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល ដែល​អះអាងថា​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ដូចគ្នា​នោះ បែរជា​តាំងខ្លួន​ជា​គូបដិបក្ខ បន្តទៀត​នោះ​វា​គឺជា​បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ