អានតួអត្ថបទ
កម្ពុជា

ការ​បិទ​ទី​លាន​ប្រជា​ធិប​តេយ្យ​គឺ​ជា​របៀប​វារៈ​នៃ​ជំនួប​អង្គការ​សហ​ប្រជា​ជាតិ​ និង​រដ្ឋា​ភិ​បាល​កម្ពុជា​

នៅ​រសៀល​ថ្ងៃ​អង្គារ​ទី២៩ មេសា​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​មន្ត្រី​ទទួលបន្ទុក​សិទ្ធមនុស្ស​នៃ​អង្គការសហប្រជាជាតិ​បាន​ជួប​ពិភាក្សាគ្នា​ជាច្រើន​ចំណុច។ នៅ​ក្នុងនោះ​ក៏មានដែរ​បញ្ហា​ការបិទ​ទីលាន​បញ្ចេញមតិ និង​ការហាម​ប្រាម​ការជួប​ប​ញ្ចេ​ញ​មតិ។ ក្រៅពីនោះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ស្តីពី​ការបន្ត​ការអភិវឌ្ឍ​នៅ​កម្ពុជា​ផងដែរ។

លោក  ហោ  ណាំហុង​ ប្រមុខ​ការ​ទូត​កម្ពុជា​និង​ លោកស្រី​ ផ្លាវីយ៉េ​ ប៉ង់ស៊ី​យ៉េរី ​ឧត្តម​ស្នង​ការ​រង​ជាន់​ខ្ពស់​ អ.ស.ប​
លោក ហោ ណាំហុង​ ប្រមុខ​ការ​ទូត​កម្ពុជា​និង​ លោកស្រី​ ផ្លាវីយ៉េ​ ប៉ង់ស៊ី​យ៉េរី ​ឧត្តម​ស្នង​ការ​រង​ជាន់​ខ្ពស់​ អ.ស.ប​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ការបិទ​ទីលាន​ប្រជាធិបតេយ្យ និង​ការហាម​ប្រាម​ការជួបជុំ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ដែលជា​បញ្ហា​រសើប​នោះ បាន​ក្លាយជា​របៀបវារៈ​មួយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ នៅ​ក្រសួងការបរទេស​កម្ពុ​ជា។ ជា​ជំនួប​រវាង​លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា​និង ប្រតិភូ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ គឺ​លោកស្រី ផ្លា​វី​យ៉េ ប៉ង់​ស៊ី​យ៉េ​រី ឧ​ត្ត​ម​ស្នងការរង​ជាន់ខ្ពស់ អ.ស.ប ទទួលបន្ទុក​សិទ្ធមនុស្ស និង​លោក ហាវ​លាង ស៊ូ ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ 

 
មិនមាន​ហេតុផល​ពន្យល់​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ទៅកាន់​អង្គការសហប្រជាជាតិ​ត្រូវបាន​រាយការណ៍​ក្រោយ​កិច្ចប្រជុំ​នោះទេ។ សូម​រំលឹកថា ក្រោយ​បាតុកម្ម​បង្ហូ​ឈាម​កាលពីដើម​ខែម​ករាក​ន្ល​ង​ទៅ​ដែល​បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ រងរបួស និង​ជាប់ឃុំ​នោះ រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​ហាមប្រាម​ការជួបជុំ។ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ លោក ស្រី​ឧ​ត្ត​ម​ស្នងការរង​ទទួលបន្ទុក​សិទ្ធមនុស្ស បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា​រាល់​ការអនុវត្ត​ត្រូវ​ភ្ជាប់​ជាមួយ​ច្បាប់។

ក្រៅពី​របៀបវារៈ​ស្តី​បញ្ហា​សិទ្ធ​ជួបជុំ កិច្ចការ​ភិ​វ​ឌ្ឍ​កម្ពុជា​ជា​ចីរភាព​នោះ ក៏​ជា​របៀបវារៈ​ដែល​ភាគី​ទាំងពីរ​បានដាក់​លើ​តុ​ជាមួយគ្នា​ផងដែរ។ អ្នកនាំពាក្យ​កិច្ចប្រជុំ លោក​កុយ គួ​ង​បាន​បញ្ជាក់ថា ភាគី​កម្ពុជា​បានស្នើ​សុំឱ្យ​អង្គការសហប្រជាជាតិ​បន្ត​គម្រោង​ផ្តល់ជំនួយ​ដល់​កម្ពុជា​ពី​ឆ្នាំ២០១៥ខាង​មុខជា​បន្តទៀត។ ជា​ជំនួយ​ដែល​កម្ពុជា​ស្នើសុំ​លើ​អភិបាលកិច្ច​ល្អ បញ្ហា​សុខាភិបាល សង្គមកិច្ច និង​ការអភិវឌ្ឍ​សិទ្ធមនុស្ស រួមទាំង​បញ្ហា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា​ផងដែរ។

សូមបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ដំណើ​រ​ទស្សនៈ​កិច្ច​​រប​ស់​​ក្រុម​​គណៈប្រតិភូ​អង្គការ សហ ប្រជា ជាតិ ​នេះ  គឺជា​លើក​ទី២ហើយ​នៅលើ​ទឹកដី​កម្ពុជា។ លោកស្រី ផ្លា​វី​យ៉េ ប៉ង់​ស៊ី​យ៉េ​រី ឧ​ត្ត​ម​ស្នងការរង​ជាន់ខ្ពស់ អ.ស.ប ទទួលបន្ទុក​សិទ្ធមនុស្ស និង​លោក ហាវ​លាង ស៊ូ ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​បំពេញ​រយៈពេល៥ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២៨មេសា ដល់​ថ្ងៃទី២ ឧសភា។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ គណៈប្រតិភូ នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ត្រូវគេ​បណ្តេញ​ចេញពី​ដីធ្លី រួមទាំង​ការ​ទៅពិនិត្យ​ស្ថានភាព​ពន្ធនាគារ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ