អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​និងអ.ស.ប ប្តេជ្ញា​ជា​ថ្មី​ ដើម្បី​ដំណើរ​ការ​កាត់​ទោស​អតីត​មេ​ខ្មែរ​ក្រហម​

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​តុលាការ​កាត់ទោស​មេខ្មែរក្រហម​ បាន​ជួបប្រជុំ ដោយ​បិទទ្វារ កាល​ថ្ងៃទី២៧មករា នៅ​ភ្នំពេញ។ លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​រដ្ឋាភិបាល​កម្ពុជា ប្រកាសថ្ងៃទី២៨មករា​នេះ បង្ហាញថា កម្ពុជា​និង​អង្គការ​សហ​ប្រជា​ជាតិ​ បាន​​ឯកភាព​​បន្ត​​កិច្ច​សហ​ប្រតិបត្តិការ​​ជាមួយគ្នា​ លើ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​តុលាការ​ខ្មែរក្រហម។ ភាគី​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត ក្នុងការ​ជម្នះ​នូវ​បញ្ហា​ប្រឈម​ផ្នែក​ថវិកា ដែល​តុលាការ​ចម្រុះ​កំពុង​ជួបប្រទះ។

លោក សុខ អាន និង ​លោក Miguel de Serpa Saores  ក្នុងជំនួបពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
លោក សុខ អាន និង ​លោក Miguel de Serpa Saores ក្នុងជំនួបពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រូបភាពី ទីស្តីការគណរដ្ឋមន្ត្រី
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​កិច្ចប្រជុំ​ប្រកបដោយ​ស្ថាបនា ត្រូវបាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ចន្ទ ទី២៧មករា រវាង​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​បង្កើត​សាលាក្តី​ខ្មែរក្រហម និង​គណៈប្រតិភូ​ជាន់ខ្ពស់ អ.ស.ប. ដឹកនាំ​ដោយ លោក Miguel de Serpa Saores អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុក​ផ្នែក​ច្បាប់ អមដោយ​លោកស្រី Maria Eugenia Casar ឧបការី​អគ្គលេខាធិការ និង​ជា​អគ្គហិរញ្ញិក អ.ស.ប និង​លោក​ឯកអគ្គរដ្ឋទូត ដេវីដ សេ​ហ្វ័​រ អ្នកជំនាញការ​ពិសេស​របស់​អគ្គលេខាធិកា​រ អ.ស.ប ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម។ 

សេចក្តីថ្លែងការណ៍​រួម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី២៨មករា​នេះ បង្ហាញថា តំណាង​រដ្ឋាភិបាល​កម្ពុ​ជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ អ.ស.ប បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​​ជាមួយគ្នា​លើ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម និង​បាន​គូសបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​សាជាថ្មី ក្នុងការ​បញ្ចប់​និ​រ​ទណ្ឌ​ភាព​លើ​អំពើ​ឃោរឃៅ ដែល​បាន​កើតឡើង​ក្នុង​អតីត​របប​ខ្មែរក្រហម។ ភាគី​ទាំងពីរ បានបង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​ជម្នះ​នូវ​បញ្ហា​ប្រឈម​ផ្នែក​ថវិកា ដែល​សាលាក្តី​ចម្រុះ កំពុង​ជួបប្រទះ ដើម្បី​ចៀសវាង​ការ​ពន្យារពេល​​​ណាមួយ នៅក្នុង​នីតិវិធីតុលាការ និង​ធានាបាន​នូវ​សុខុមាលភាព​របស់​បុគ្គ​លិ​ក​ទាំង​ភាគី​ជាតិ និង​អន្តរជាតិ។

លោក សុខ អាន បាន​ឯកភាព​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​លទ្ធភាព​ផ្តល់​ថវិកា​ចំនួន ១,១ លាន​ដុល្លារ​អាមេរិក សម្រាប់​បើកប្រាក់​បៀវត្សរ៍​ជូន​ដល់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ រួមទាំង​ចៅក្រម ព្រះរាជអាជ្ញា​ផងដែរ សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៤នេះ។ កម្ពុជា​គាំទ្រ​លើ​គម្រោង​សំណើ​បច្ចុប្បន្ន​របស់​គណៈកម្មកា​រ​ទី៥នៃ​មហាសន្និបាត ក្នុង​កិច្ចប្រជុំ​របស់ខ្លួន នៅ​កំឡុង​ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បី​អនុម័ត​លើ​ការផ្តល់​ឧបត្ថម្ភ​ធន ដល់​សាលាក្តី​ខ្មែរក្រហម ដែល​បានមកពី​វិភាគទាន​ទៀងទាត់​របស់ អ.ស.ប។

ចំណែក​គណៈប្រតិភូ​ជាន់ខ្ពស់ របស់ អ.ស.ប បាន​ឯកភាព​ថា លោក ដេវីត សេ​ហ្វ័​រ នឹង​ខិតខំ​ប្រឹងប្រែង​ជា​អតិបរមា​ដោយ​ធ្វើ​ការងារ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កៀងគរ​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​បង្គ្រប់​ថវិកា​ភាគី​ជាតិ នៃ អ.វ.ត.ក នៅក្នុង​ឆ្នាំ ២០១៤ នេះ។
ថវិកា​សម្រាប់​ភាគី​ជាតិ នៅ​ឆ្នាំ២០១៤ ត្រូវបាន​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បញ្ជាក់ថា ភាគី​កម្ពុជា​ត្រូវការ​ចំនួន ៦,៤ លាន​ដុល្លារ។ រីឯ​គម្រោង​ថវិកា ឆ្នាំ២០១៤ និង​ឆ្នាំ២០១៥ សម្រាប់​ភាគី​ជាតិ និង​អន្តរជាតិ មាន​ចំនួន​ជាង ៥១ លាន​ដុល្លារ។

លោក​នេត្រ​ភក្ត្រា បញ្ជាក់ថា នៅពេល​សព្វថ្ងៃ សាលាក្តី​ខ្មែរក្រហម កំពុង​ធ្វើ​កិច្ចការ​សំខាន់​ពីរ គឺ​ទី១-អង្គជំនុំជម្រះ​សាលាដំបូង កំពុង​រៀបចំ​សរសេរ​សាលក្រម​លើ​សំណុំរឿង០០២ ដំណាក់កាល​ទី១ ដែល​គ្រោង​នឹង​ប្រកាស​នៅ​ពាក់កណ្តាល​ឆ្នាំនេះ និង​កិច្ចការ​ទី២ តុលាការ​ត្រៀម​នឹង​រៀបចំ​សវនាការ​កាត់ទោស​មេដឹកនាំ​ចាស់ជរា លោក​ខៀវ​ សំផន និង​លោក​នួន ​ជា ក្នុង​សំណុំរឿង០០២ ដំណាក់កាល​ទី២ តែ​មិនទាន់​កំណត់ពេល​ជាក់លាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ