អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រយ័ត្ន!​ ចូល​ឆ្នាំ​ខ្មែរ​កំពុង​ប្រែ​ធាតុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅតែ​ជា​ប្រពៃណី​ដ៏​រឹងមាំ​របស់​ខ្មែរ​ដដែល។ ជាក់ស្តែង បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ ពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី​នាំគ្នា​ទទួល​អំណ​ឆ្នាំ​ថ្មី​ដូច​រៀងរាល់ឆ្នាំ​ដែរ។ សំឡេង​ចម្រៀង ល្បែង របាំ​ប្រជាប្រិយ​នៅតែ​លាន់លឺ​កងរំពង​មិន​ដាច់​តាមរយៈ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន។ ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏​លេចចេញ​ចំណុច​អវិជ្ជមាន​កាន់តែច្រើន​ដែរ។ ល្បែង របាំ​ប្រជាប្រិយ​ខ្មែរ​ហាក់​កំពុង​រសាត់​ឆ្ងាយ​បន្តិចម្តងៗពី​អារម្មណ៍​របស់ យុវជន រីឯ​ការជួបជុំ​សប្បាយ​ជាមួយ​គ្រឿង​ស្រវឹង​និង​ល្បែងស៊ីសង​ហាក់​កើនឡើង​ខ្លាំង​ជា​លំដាប់។ និន្នាការ​នេះ​អាចធ្វើ​ឲ្យ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រែធាតុ​ប្រសិនបើ​គេ​មិន​នាំគ្នា​ប្រយ័ត្ន​ទេនោះ។

ការលេងល្បែងប្រជាប្រិយ​ នៅថ្ងៃអង្គរសង្ក្រាន្ត កាលពី​ឆ្នាំ ២០១៣។
ការលេងល្បែងប្រជាប្រិយ​ នៅថ្ងៃអង្គរសង្ក្រាន្ត កាលពី​ឆ្នាំ ២០១៣។ @Google
ផ្សាយពាណិជ្ជកម្ម

 

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​បី​ថ្ងៃ​បាន​ស្តែង​ឲ្យ​ឃើញ​ចំណុច​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង។ ចំណុច​វិជ្ជមាន​គួរ​ឲ្យ​រីករាយ​គឺ ពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ​នេះ​នៅតែ​ជា​ទំនាមទម្លាប់​ខ្មែរ​ដែល​មិនអាច​សាបរលាប​បានឡើយ។ ចូលឆ្នាំថ្មី ជា​តំណាង​នៃ​ការសប្បាយរីករាយ​និង​ការជួបជុំ​ដែល​ផ្សារភ្ជាប់​ដោយ​វប្បធម៌​ប្រពៃណីជាតិ​យ៉ាង​ស៊ីជម្រៅ។

ឆ្នាំនេះ​ក៏ដូចជាឆ្នាំមុនៗដែរ ភាព​អ​ធឹ​ក​អធម​ក្នុងពេល​បុណ្យចូលឆ្នាំថ្មី​នៅតែ​ស្តែងឡើង​យ៉ាងពិត​ប្រាកដ។ ទីក្រុង​ភ្នំពេញ​ក្លាយជា​ស្ងាត់ជ្រងំ ខណៈដែល​ទី​រមណី​ដ្ឋា​ន​នានា​មាន​មនុស្ស​កកកុញ​ស្ទើរ​រក​កន្លែង​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​មិនបាន។ មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​ជាទូទៅ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ពី​ការងារ។

នៅតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជាពិសេស​វិទ្យុ​និង​ទូរទស្សន៍ ចម្រៀង​និង​ល្បែង របាំ​ប្រជាប្រិយ​ខ្មែរ​នៅតែ​លាន់លឺ​កងរំពង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី។ សកម្មភាព​សិល្បៈ​បុរាណ​និង​សម័យ​ក៏ត្រូវ​បានរៀបចំ​នៅ​ទីសាធារណៈ​ជាច្រើន​ដែរ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ពិតជា​ចាក់ឫស​យ៉ាងរឹងមាំ​ក្នុង​មនុស្ស​ខ្មែរ​គ្រប់គ្នា​និង​គ្រប់​ជំនាន់​មិនអាច​សាបសូន្យ​បានឡើយ។

ប៉ុន្តែ ទន្ទឹមនឹងនោះ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក៏​លេចចេញ​ចំណុច​អវិជ្ជមាន​កាន់តែខ្លាំង​ឡើង​ដែរ។ ជាក់ស្តែង ចម្រៀង និង​ល្បែង របាំ​ប្រជាប្រិយ​ខ្មែរ​ហាក់​កាន់តែ​រសាត់​ឆ្ងាយ​បន្តិចម្តងៗពី​អារម្មណ៍​របស់​យុវវ័យ។ ពួកគេ​មិនសូវ​ចូលចិត្ត​ពិធី​បែប​បុរាណ​នេះ​ទេ ហើយ​បែ​ជា​ចូលចិត្ត​ស្តាប់​ចម្រៀង​សម័យទំនើបៗដែល​ភាគច្រើន​ចម្លង​ពី​បរទេស​ទៅវិញ។ នៅតាម​ភូមិដ្ឋាន​នានា​ទៀតសោត​ក៏​មិនសូវមាន​សកម្មភាព​អ៊ូអរ​ក្នុងការ​លេងល្បែង​ប្រជាប្រិយ​នៅមុន​និង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ដូច​កាលពីមុន​ដែរ។

មនុ​ស្សម័យនេះ​បែរជា​ចូលចិត្ត​យក​ពិធីបុណ្យធំៗជាពិសេស​បុណ្យចូលឆ្នាំ​ធ្វើជា​ពិធី​សប្បាយរីករាយ​ជាមួយ​គ្រឿង​ស្រវឹង​ឬ​ល្បែងស៊ីសង​ទៅវិញ។ តាមពិត​វា​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​សង្គម​ខ្មែរ​ដែល​គ្រឿង​ស្រវឹង​និង​អបាយមុខផ្សេងៗត្រូវបាន​មនុស្ស​ជាច្រើន​យក​ធ្វើជា​ត្រីមុខ​នោះ។ ចំណែក​ការជួប​ជុំគ្នា​ដើម្បី​សប្បាយ​ដោយមាន​គ្រឿង​ស្រវឹង​ជា​ជំនួយ​ក៏​មិនមែនជា​រឿង​ដាច់ដោយឡែក​របស់​ខ្មែរ​តែឯង​នោះដែរ។

ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ គ្រឿង​ស្រវឹង​មិនត្រូវ​បាន​គេ​ប្រើ​ត្រឹមតែ​សប្បាយ​ប៉ុណ្ណោះ​ទេ។ មនុស្ស​ជាច្រើន​បាន​ប្រើ​វា​ហួសហេតុ​រហូត​បង្កបញ្ហា​ច្រើនយ៉ាង៖ បញ្ហា​សុខភាព អំពើហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​សុទ្ធសឹង​ជា​ផលវិបាក​ជាក់ស្តែង​ដែល​កើតឡើង​ពី​គ្រឿង​ស្រវឹង។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ល្បែងស៊ីសង​ដែលជា​ប្រភព​ជម្លោះ​និង​ភាពក្រីក្រ​នោះ​ផង​ទេ។ ម្យ៉ាងទៀត ល្បែង​ជះ​ទឹក ប៉ាត​ម្យ៉ៅ ឬ​វាយ​នឹង​រំពាត់​ដែល​ប្រាស់ចាក​ប្រពៃណី​ក៏​កំពុង​រីកដុះដាល​ខ្លាំង​ណាស់ដែរ។

ពិតណាស់ វប្បធម៌ ប្រពៃណី និង​ទំនាមទម្លាប់ គឺជា​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍នីមួយៗ ។ សម្រាប់​ជាតិ​សាសន៍​ខ្មែរ ល្បែង របាំ​ប្រជាប្រិយ បទ​ចម្រៀង និង​សម្លៀកបំពាក់​ប្រពៃណី​សម្រាប់​បុណ្យចូលឆ្នាំថ្មី​គឺជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ សម្បត្តិ​វប្បធម៌​ទាំងនោះ​គួរ​ត្រូវបាន​អភិរក្ស​ឲ្យ​បាន​គង់វង្ស​បើទោះជា​មនុស្ស​ចាំបាច់​ត្រូវការ​ភាពទំនើប​ក៏ដោយ។ សូម​កុំភ្លេចថា ទេសចរ​បរទេស​ដែល​ចូលមក​កម្ពុជា​ប្រាថ្នា​ចង់ឃើញ​អត្តសញ្ញាណ​របស់​ខ្មែរ​ជាជាង​ឃើញ​ភាពទំនើប​ដែល​ពួកគេ​ធ្លាប់​ឃើញ​ឡើង​ស៊ាំ​ភ្នែក​ទៅហើយនោះ។

ក្នុងន័យនេះ មិនថាតែ​ល្បែង របាំ ប្រជាប្រិយ ឬ​សម្លៀកបំពាក់​ទេ តែ​សូម្បី​ស្ថាបត្យកម្ម​សំណង់​លំនៅដ្ឋាន​ឬ​អាគារ​សាធារណៈផ្សេងៗក៏​គួរ​ត្រូវបាន​អភិរក្ស​ផងដែរ​ពីព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន​របស់​ខ្មែរ។ ពិតណាស់ថា មនុស្ស​ត្រូវការ​ភាពទំនើប ប៉ុន្តែ ភាពទំនើប​មិនគួរ​ក្លាយជា​ឧបសគ្គ​នៃ​ការអភិរក្ស​អ្វី​ដែលជា​បុរាណ​នោះឡើយ។ រីឯ​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​ក្នុងការ​ជ្រើសរើស​ក៏​មិនគួរ​ក្លាយជា​លេស​ដើម្បី​ការពារ​អសមត្ថភាព​របស់​ស្ថាប៍ន​មាន​សមត្ថកិច្ច​នោះដែរ។

សរុប​មកវិញ ជា​រូបភាព បុណ្យចូលឆ្នាំ​ប្រពៃណី​នៅតែ​ជា​ពិធី​អធិកអធម​មួយ​ដដែល​សម្រាប់​សង្គម​ខ្មែរ។ ប៉ុន្តែ ជា​ខ្លឹមសារ​វិញ ពិធី​នេះ​កំពុង​ប្រែធាតុ​គួរ​ឲ្យ​ព្រួយបារម្ភ។ គឺ​ប្រែធាតុ​ពី​បុណ្យ​ដែល​បង្ហាញ​ពី​វប្បធម៌ ប្រពៃណីជាតិ ទៅជា​បុណ្យ​នៃ​គ្រឿង​ស្រវឹង​និង​អបាយមុខផ្សេងៗទៅវិញ។ នេះ​ជា​អ្វីដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ