អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេល​វេលា​ដែល​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​«​ចរិត​អ្នក​ប្រជា​ធិបតេយ្យ​»​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល២០ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​របប​ប្រជាធិបតេយ្យសេរី​ពហុបក្ស ​គឺជា​ពេល​ដ៏​សំខាន់​សម្រាប់​វាស់​ស្ទង់​អំពី​កម្រិត​ប្រជាធិបតេយ្យក្នុងចំណោម​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ។ ឆ្លងកាត់​ព្រឹត្តិការណ៍​ជាច្រើន​ដែល​បាន​កើតឡើង​រយៈពេល​ចុងក្រោយ​នេះ វា​ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ អំពី​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ តើ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ​ទាំងឡាយ​បាន​ប្រកាន់​ចរិត​ជា​អ្នក​ប្រជាធិបតេយ្យ​​​​​បាន​​កម្រិត​ណា​​ហើយ​?​ 

មេដឹកនាំ​បក្ស​ប្រឆាំង និង​នាយករដ្ឋមន្ត្រី​កម្ពុជា
មេដឹកនាំ​បក្ស​ប្រឆាំង និង​នាយករដ្ឋមន្ត្រី​កម្ពុជា RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រយៈពេល២០ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ តើ​កម្ពុជា​បាន​បណ្តុះ​គ្រាប់ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី​នេះ​បាន​កម្រិតណា? ដើម្បី​ឆ្លើយ​សំណួរ​នេះ គេ​អាច​ពិនិត្យមើល​ចរិត​អ្នកនយោបាយ​និង​សកម្មជន​នយោបាយ​មុនគេ ពីព្រោះ​អ្នក​ទាំងនេះហើយ​ដែលជា​តួអង្គ​សំខាន់​ជាងគេ​ក្នុងការ​បង្ហាញ​គំរូ​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ។ 

ដែល​ហៅថា​អ្នកប្រជាធិបតេយ្យ​ គឺជា​អ្នក​ដែល​អាច​បន្សាំ​ខ្លួន​បាន​យ៉ាង​ល្អ​ទៅនឹង​វប្បធម៌​ពហុ​គំនិត ពោលគឺ​ពាក្យរិះគន់​ក្នុងន័យ​ស្ថាបនា ឬក៏​មតិផ្ទុយ​ពី​គំនិត​របស់ខ្លួន​មិនមែនជា​រឿង​គួរ​ឲ្យ​ខឹងច្រឡោត​ទេ។ ផ្ទុយទៅវិញ វា​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​ដែល​ជួនកាល​ខ្លួនឯង​មើលមិនឃើញ។ អ្នកប្រជាធិបតេយ្យ​តែង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការទទួល​យកពាក្យ​រិះគន់ និង​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ ​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​របស់ខ្លួន។ លើសពីនេះ ការ​ទទួលខុសត្រូវ​​គឺជា​លក្ខណៈពិសេស​មិនអាច​ខ្វះ​បាន​របស់​អ្នកនយោបាយ​ប្រជាធិបតេយ្យ។

ងាក​មក​មើល​អ្នកនយោបាយ​ខ្មែរ​វិញ មិន​ថា​ក្នុង​បក្ស​កាន់អំណាច​ឬ​ក្នុង​បក្សប្រឆាំង​ទេ ជាទូទៅ​ពួកគេ​ច្រើនតែ​សប្បាយ​នឹង​ពាក្យ​សរសើរ ហើយ​ខឹងច្រឡោត​ភ្លាម​មួយ​រំពេច​នឹង​ពាក្យរិះគន់។ អ្នក​ដែល​ហ៊ាន​រិះគន់ បើជា​មនុស្ស​នៅក្នុង​បក្ស​ជាមួយគ្នា​ នឹងត្រូវ​គេ​លាប​ពណ៌​ភ្លាម​ថា​ជា​មនុស្ស​ក្បត់បក្ស។ តែ​ប្រសិនបើ​អ្នក​រិះគន់​នោះ​ស្ថិតក្នុង​មជ្ឈដ្ឋាន​ផ្សេង​វិញ ពួកគេ​នឹង​ទទួល​បាន​​ទៅវិញ​នូវ​ប្រតិកម្ម គំរោះគំរើយ ឬ​ដៀលត្មះ គួរ​ឲ្យ​សង្កៀរត្រចៀក។

ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​ដែល​ចង់បាន​សុខ ចង់​មានមុខ​តំណែង និង​លាភសក្ការៈ​ត្រូវ​ចេះ​ពោល​ពាក្យ​សរសើរ​ដល់​មេ​កើយ​របស់ខ្លួន ទោះជា​ការសរសើរ​នោះ​ខុសពី​ការពិត​ក៏ដោយ។ យ៉ាងហោចណាស់​ក៏ត្រូវ​ចេះ​សម្ងំសុខ ​ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់។

ជាការ​ពិតណាស់ ធម្មជាតិ​របស់​មនុស្ស​ក្នុង​លោក​តែងតែ​ចូលចិត្ត​ពាក្យ​សរសើរ ហើយ​ការសរសើរ​ដោយស្មោះ​ត្រង់​ចំពោះ​អំពើ​ល្អ​របស់​អ្នកណាម្នាក់​ គឺជា​រឿង​ដែល​ត្រូវធ្វើ​ដើម្បី​ជាការ​លើកទឹកចិត្ត។ ប៉ុន្តែ ពាក្យ​សរសើរ​ដែលមាន​ន័យ​បញ្ចើចបញ្ចើ​ហួសការ​ពិត ជាពិសេស​អ្នក​ដែល​ចាំតែ​ទះដៃ​ហៃអើ​នៅ​ជុំវិញខ្លួន​ គឺជា​គ្រោះថ្នាក់​ដែល​អ្នកដឹកនាំ​គួរ​ប្រយ័ត្ន។ គ្រោះថ្នាក់​នៅត្រង់ថា​ ពាក្យបញ្ចើចបញ្ចើ​និង​ហៃអើ​ទាំងនោះ​គឺជា​ថ្នាំ​សណ្តំ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​នយោបាយ​​ស្រវាំងភ្នែក មើលលែងឃើញ​កំហុសឆ្គង​របស់ខ្លួន។​

ទីបំផុត ទាំងអស់គ្នា​នឹង​ទទួលរង​គ្រោះ​ដូច​រឿងព្រេង​ខ្មែរ «អា​ជ័យ​ធ្លាក់ទឹក» ជា​ឧទាហរណ៍​ស្រាប់។ វប្បធម៌​បែបនេះ​ហាក់​នៅតែ​ពេញនិយម​យ៉ាងខ្លាំង​នៅឡើយ​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ខ្មែរ។​ ម្យ៉ាងទៀត នយោបាយ​ចង់តែ​ឈ្នះ​ តែ​ខ្វះ​ការទទួលខុសត្រូវ ប្រជាភិថុតិ បក្ខពួកនិយម គំនុំសងសឹក ដែល​បែងចែក​អ្នកមាន​និន្នាការ​នយោបាយ​ខុសគ្នា ​ឲ្យ​ស្ថិតនៅក្នុង​ពិភព​ពីរ​ដាច់ស្រឡះ​ក៏​នៅតែ​កើតមាន​ពេញបន្ទុក​នៅឡើយ​ដែរ។ ទាំងនេះ​សុទ្ធសឹង​ជា​បញ្ហា​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពទន់ខ្សោយ​នៃ​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ថែមទៀត​នោះ​ គឺ​ការប្រកាន់​បក្ខពួក ពណ៌​សម្បុរ​នយោបាយ​ដែល​កាលពីមុន ​ច្រើន​ឃើញតែ​មាន​ក្នុងចំណោម​បក្ស​កាន់អំណាច ឥឡូវ​បែរជា​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​ ក្នុងចំណោម​សកម្មជន​បក្សប្រឆាំង​ដែលជា​អ្នក​ស្រែក​ទាមទារ​ប្រជាធិបតេយ្យ។​ ប្រតិកម្ម​របស់​ពួកគេ​តាមរយៈ​បណ្តាញ​សង្គម​ក្តី​ ឬក៏​តាមរយៈ​ការបណ្តេញ​អ្នកកាសែត​ដែល​ខ្លួន​យល់ថា​គាំទ្រ​រដ្ឋាភិបាល​ មិន​ឲ្យ​យក​ព័ត៌មាន​ពី​សកម្មភាព​របស់ខ្លួន​ជាដើម​ក្តី គឺជា​ឧទាហរណ៍​ស្រាប់។

ក្នុង​បរិបទ​នេះ មេដឹកនាំ​នយោបាយ​គួរតែ​ផ្តល់​ជា​គំរូ​អំពី​ចរិត​អ្នកប្រជាធិបតេយ្យ​ដល់​សកម្មជន​និង​អ្នកគាំទ្រ​របស់ខ្លួន​ឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែមទៀត ​ពីព្រោះ​កន្លងទៅនេះ អ្នកនយោបាយ​ច្រើនតែ​បង្ហាញ​គំរូ​ហិង្សា ការសង​សឹក​ និង​គំរូ​នៃ​ការបំពានច្បាប់​ដល់​ថ្នាក់ក្រោម​របស់ខ្លួន​ទៅវិញ។ នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​គួរ​ពិចារណា​ឡើងវិញ​ជា​ចាំបាច់។

សរុប​មកវិញ ទោះបីជា​ប្រជាធិបតេយ្យ​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​ចរិត​អ្នកប្រជាធិបតេយ្យ​មិនទាន់​ចាក់​ឬ​ស​រឹងមាំ​ក្នុងចំណោម​អ្នកនយោបាយ​និង​សកម្មជន​នយោបាយ​ខ្មែរ​នៅឡើយ​ទេ។ ដូច្នេះ ពួកគេ​គួរតែ​ព្យាយាម​បើក​ចិត្ត​ទូលាយ​ថែមទៀត​ ដើម្បី​ទទួលយក​វប្បធម៌​ពហុ​គំនិត។ នៅពេលដែល​អ្នកនយោបាយ​ចេះ​រិះគន់​គ្នា​ក្នុងន័យ​ស្ថាបនា និង​ការទទួលខុសត្រូវ ចេះ​ទទួលយក​ការរិះគន់ និង​ចេះ​កែលម្អ​កំហុសឆ្គង​របស់ខ្លួន នោះ​ហើយ​ជា«ចរិត​អ្នកប្រជាធិបតេយ្យ»។ បើ​ពុំ​ដូច្នោះ​ទេ ពាក្យ​ប្រជាធិបតេយ្យ​ដែល​គេ​និយម​នាំគ្នា​ប្រើ​សព្វថ្ងៃនេះ វា​គ្រាន់តែ​ជា​ពាក្យបោកប្រាស់ ​ឬ​ពាក្យ​និយាយ​ឲ្យ​តែ​ពិ​រោះ​ស្តាប់​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ