អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចល​នាយុវជន​កម្ពុជា​កាន់​តែ​ច្រើន​មាន​ភាព​ក្លាហាន​ ហ៊ាន​និយាយ​ដោយ​ចំហរ​ពីរឿង​គណ​បក្ស​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាំង​មុន និង​ក្នុងពេល​យុទ្ធនា​ឃោសនាបោះឆ្នោត​នៅក្នុង​អាណត្តិ​ទី៥ដែល​កំពុងតែ​ចាប់​ផើ្ត​ម​នេះ គេ​សង្កេតឃើញ​យុវជន​កម្ពុជា ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំងក្លា​នៅក្នុង​ការចូលរួម​ឃោសនា​នេះ​នៅក្នុង​គណបក្សនយោបាយ​នីមួយ។ ក្រៅពី​ចូលរួម​ឃោសនា ពួកគេ​ហាក់បីដូចជា​ហ៊ាន​ចេញមុខ ចេញ​មាត់​ដោយផ្ទាល់​ផងដែរ​នូវ​ការប្រើប្រាស់​សិទ្ធិ​ផ្ទាល់ខ្លួន​របស់គេ​ក្នុងការ​គាំទ្រ និង​និយាយ​រិះគន់​ចំពោះ​គណបក្សនយោបាយ​ទាំងអស់នោះ។ តើ​ការចេញមុខ​គាំទ្រ​ដោយ​ចំហរ​របស់​ក្រុមយុវជន​ចំពោះ​គណបក្សនយោបាយ​វា​មាន​ឥទ្ធិ​ល និង​ផល​ប្រ​យោ​ជ​ន៏​អ្វីខ្លះ​ដល់​យុវជន?

សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

ជាការ​ពិត នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​យុវជន​ភាគច្រើន​ហាក់ដូច​ជាមាន​ភាព​ក្លា​ហ៊ាន​ច្រើនជាង​មុន​នៅក្នុង​ការចូលរួម និង​ការគាំទ្រ​ដោយ​ចេញមុខ ចេញ​មាត់ ចំពោះ​គណបក្សនយោបាយ​ដែល​ខ្លួន​ស្រឡាញ់ ដែល​ខ្លួន​ពេញចិត្ត និង​ហ៊ាន​និយាយ​ដោយ​ចំហរ និង​រិះគន់​ដោយ​ចំពោះមុខ​ថែម​ទៀតផង​ទៅលើ​បក្សនយោបាយ​ទាំងអស់នោះ។
បើ​យើង​ប្រៀបធៀប​ទៅ​មើល​កាលពី​រយៈពេល​ជាង១០ឆ្នាំមុន នៅក្នុង​ប្រទេស​កម្ពុជា ការចូលរួម ការគាំទ្រ និង​ការ​ហ៊ាន​និយាយ​ដោយ​ចំហរ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ពី​សំណាក់​យុវជន ហាក់ដូចជា​មិនមាន​សកម្មភាព​ផុលផុស​ច្រើន​ដូច​ពេល​បច្ចុប្បន្ននេះ​ទេ។ មូលហេតុ​អាច​បណ្តាលមកពី ភាពភ័យខ្លាច ការមិន​សូវ​ចាប់​អារ​ម្ម​ណ៏​នឹង​រឿង​នយោបាយ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅមានកម្រិត​ឡើយ។ល។

បើតាម​របាយ​ការ​ណ៏​អង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​កម្ពុជា​បានបង្ហាញ​ថា មាន​យុវជន​ប្រមាណ ៦០%ស្ថិតនៅក្នុង​ចំនួន​អ្នក​ដែល​អាច​បោះឆ្នោត​បាន​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែលមាន​ដល់​ទៅ​ជាង​ប្រាំបួន​លាន​នាក់ ដែល​ក្នុងនោះ​យុវជន​ដែលមាន​អាយុ​ពី ១៨ឆ្នាំ​ដល់៣៥ឆ្នាំ មាន​រហូតដល់ ៥៤%។

ជាក់ស្តែង គេ​អាច​មើលឃើញ​យ៉ាងច្បាស់ នៅក្នុង​កំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥នេះ ដែល​គណបក្សនយោបាយធំៗដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​បណ្តា​បក្សនយោបាយ​មួយចំនួនទៀត គឺថា ក្បួន​យុទ្ធនា​ការឃោសនា​ភាគ​របស់គេ​ច្រើន​មានការ​ចូលរួម​ពី​សំណាក់​យុវជន។ បើទោះបីជា ការចូលរួម​របស់​ពួកគេ​ស្ថិតក្នុង​រូបភាព​នៃ​ការវាយតម្លៃ​ណាមួយ​ក៏ដោយចុះ។ ប៉ុន្តែ​នេះ​វា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ចលនា​មួយ ក្នុងការ​ចាប់​អារ​ម្ម​ណ៏​នឹង​រឿង​នយោបាយ ក៏ដូចជា​បញ្ហា​សង្គមផ្សេងៗ របស់​ក្រុមយុវជន ទោះ​ក្នុង​កម្រិត​មួយ​តិច​ឫ​ច្រើន​ក៏ដោយ។

ក្រៅតែពី​មាន​ភាពក្លាហាន ហ៊ាន​បង្ហាញមុខ​ចូលរួម​គាំទ្រ និង​ហ៊ាន​និយាយ​ដោយ​ចំហរ​ចំពោះ​គណបក្សនយោបាយ​ដែល​ខ្លួន​ស្រឡាញ់ ដែល​ខ្លួន​ពេញចិត្ត គឺ​ក្រុមយុវជន​ទាំងអស់នោះ ក៏​នៅបាន​ប្រើប្រាស់ វេទិការ​សាធារណៈ និង​បណ្តាញ​សង្គម​មួយចំនួនទៀត​ដូចជា ហ្វេ​ស​ប៊ុ​ក ធ្វី​ត​ទើ និង​ការបង្កើត​ប្លក់​នានា ដើម្បី​និយាយ និង​សរសេរ​រិះគន់ ព្រមទាំង​បញ្ចេញ​នូវ​ទស្សនៈ​យល់ឃើញ​របស់ខ្លួន​ទៅលើ​គណបក្សនយោបាយ​ទាំងអស់នោះ​ថែមទៀត​ផង។

វា​ជា​រឿង​ល្អ​ដែល​យុវជន មាន​ភាពក្លាហាន ហាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​ការចូលរួម​របស់ខ្លួន នៅក្នុង​បក្សនយោបាយ​ណាមួយ​ដោយ​ចំហរ​មុខ ដែល​ខ្លួន​បាន​ចូលរួម​ដោយ​ការស្រឡាញ់ និង​ពេញចិត្ត ហើយក៏​ហាន​និយាយ​រិះគន់​ផងដែរ​ចំពោះ​គណបក្ស​ដែល​ខ្លួន​មិន​ពេញចិត្ត​នោះ។

វា​ល្អ​នៅត្រង់ថា វា​ជាការ​រួមចំណែក​មួយ​នៅក្នុង​ការកែប្រែ​សង្គម​ឲ្យ​មានការ​ផ្លាស់ប្តូរ របៀប​ដឹកនាំ​របស់​គណបក្សនយោបាយ និង​ឥរិយាបទ​របស់​អ្នកនយោបាយ ពីព្រោះ​ចូរ​កុំភ្លេចថា យុវជន​ជា​កម្លាំងចលករ​មួយ​ខ្លាំង​ទាំង​ផ្នែក​បញ្ញា ស្មារតី និង​ការសម្រេចចិត្ត​ដ៏​មាន​ឥទ្ធិ​ល​បំផុត​ទៅលើ​រឿង​អ្វីមួយ​ដែល​កើតឡើង​នៅក្នុង​សង្គម នៅពេលដែល​យុវជន​រួម​កំលាំង​គ្នា​នោះ។

មួយវិញទៀត វា​ជា​ការជួយ​ទប់ និង​មិន​បណ្តោយ​ឲ្យ​មេដឹកនាំ​ធ្វើការ​ដឹកនាំ​តាម​អំពើ​ចិត្ត ឫ​តាម​គោល​ការ​ណ៏​បក្ស​ដ៏​ដាច់ខាត​នោះទេ។ ហើយ​វា​ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំលាំង​សាមគ្គី​របស់​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ក្នុងការ​ជំរុញ​ឲ្យ​ប្រទេសជាតិ​មាន​ការវិវឌ្ឍ​រីកចម្រើន។

ប៉ុន្តែ​ទន្ទឹមនឹងនោះ យុវជន ក៏​គួរ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ថ្វីត្បិតតែ​ថា ការចូលរួម​ក្នុង​បក្សនយោបាយ វា​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​នោះ។ ផ្ទុយទៅវិញ យុវជន​គួរ​យល់ថា ការចូល​គាំទ្រ​បក្សនយោបាយ​ណាមួយ​នោះ មិនមែន​គ្រាន់តែ​ចូលទៅ​ដើម្បី​តែ​ការបំរើ​ឲ្យ​បក្សនយោបាយ ឫ​ក៏​ទទួលយក​នូវ​គោលនយោបាយ​របស់​គណ​បក្ស​នោះ​យ៉ាង​ផ្កាប់មុខ ឫ​ក៏​ដើម្បី​ទទួល​លាភ​សកា្ក​រៈ បុណ្យស័ក្តិ និង​មុខតំណែង រួចហើយ​ធ្វើការ​រិះគន់ វាយប្រហារ​ទៅលើ​បក្សនយោបាយ​ដ៏​ទៃ​នោះទេ ប្រការ​សំខាន់​នោះ​គឺ​យុវជន​ខ្លួនឯង​គួរ​យក​ចំណេះដឹង ចំណេះធ្វើ និង ការយល់ឃើញ​របស់ខ្លួន​យក​ជួយ​កែលម្អ និង​រិះគន់​ដើម្បី​ស្ថាបនា​ឲ្យ​បក្សនយោបាយ​ដែល​ខ្លួន​បាន​ចូលរួម​នោះ។ ម្យ៉ាងទៀត ការ​បណ្តែតបណ្តោយ​ខ្លួនឯង​ចូល​ប្រឡាក់​ប្រឡូក​ជ្រៅ​ខ្លាំងពេក​ក្នុង​រឿង​នយោបាយ ទៅតាម​ខ្សែ​រពាក់​របស់​អ្នកនយោបាយ ខណៈ​ខ្លួន​នៅ​ក្មេង វា​ជា​ប្រការ​ដែល​យុវជន​មិនគួរ​មើលរំលង​នោះឡើយ។

ដូច្នេះ ការពិនិត្យ​មើល​លើ​គោលនយោបាយ​ឲ្យ​បាន​ស៊ីជម្រៅ ប្រកបដោយ​ការថ្លឹងថ្លែង​ច្បាស់លាស់ និង​ពិនិត្យមើល​ការដឹកនាំ​របស់​គ​បក្ស​នយោបាយ វា​ជា​រឿង​សំខាន់​ចាំបាច់ គួរ​យុវជន ងាក​មក​ចាប់​អារ​ម្ម​ណ៏ មុននឹង​សម្រេចចិត្ត​ចូលរួម​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ