អានតួអត្ថបទ
កម្ពុជា

សមាជិក​គណបក្ស​សមរង្ស៊ី​ខេត្តកំពង់ចាម​១៧នាក់​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

យ៉ាងហោច​ណាស់​មាន​ថ្នាក់ដឹក​នាំ​គណបក្ស​សមរង្ស៊ី​ ថ្នាក់​ខេត្ត ​ស្រុក ​និង​នៅ​ថ្នាក់ឃុំ​ ចំនួន ១៧ នាក់ ​បាន​ផ្តាច់ខ្លួន​ចេញពី​គណបក្ស​ប្រឆាំង​ ទៅ​ចូលរួម​នយោបាយ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ខេត្ត​កំពង់ចាម​។ ​ពិធី​បង្ហាញមុខ​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដោយ​មាន​វត្តមាន​របស់លោក ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ជា​អនុប្រធាន​ទី​១​ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ចាម​ រួមជាមួយ​លោក ហ៊ុន ម៉ានិត ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

គណបក្ស​​សម​រង្ស៊ី​​ខេត្ត​កំពង់ចាម​​​មិន​​ភ្ញាក់ផ្អើល​​នឹង​ការចាក​​ចេញ​​របស់​​សមាជិក​​គណបក្ស​​សមរង្ស៊ី​នៅ​ខេត្ត​​កំពង់ចាម​​នោះទេ​
គណបក្ស​​សម​រង្ស៊ី​​ខេត្ត​កំពង់ចាម​​​មិន​​ភ្ញាក់ផ្អើល​​នឹង​ការចាក​​ចេញ​​របស់​​សមាជិក​​គណបក្ស​​សមរង្ស៊ី​នៅ​ខេត្ត​​កំពង់ចាម​​នោះទេ​ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សមាជិក​គណបក្ស​សម​រង្ស៊ី នៅ​ថ្នាក់​ខេត្ត ​ស្រុក ​ង​ថ្នាក់ដឹកនាំ​ឃុំ ​ក្នុង​ខេត្ត​កំពង់ចាម​ ចំនួន ១៧ នាក់​បាន​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី​ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ខេត្ត​កំពង់ចាម​ កាលពី​ព្រឹក​មិញ​។

មូលហេតុ ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ​ស្រុក​ និង​ថ្នាក់​ឃុំ​របស់​គណបក្ស​ស​ម​រង្ស៊ី​ សម្រេច​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃនេះ​ ដោយ​ហេតុតែ​គណបក្ស​ស​ម​រង្ស៊ី ​មិន​មាន​គោលនយោបាយ​ច្បាស់លាស់​។​ គណបក្ស​សមរង្ស៊ី​បាន​ប្រឆាំង​ផ្កាប់មុខ​និង​ប្រឆាំង​ដើម្បី​តែ​បង្អាក់​ការផ្ដល់​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ ​នេះ​បើ​តាម​លោក លី សុផាត អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ​ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ របស់​គណបក្ស​សម​រង្ស៊ី​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ​និង​ជា​អនុប្រធាន​ទី​១ ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ចាម​ រួមជាមួយ​លោក ហ៊ុន ម៉ានិត​ កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង ១៧ រូប ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ទី​រួម​ខេត្តកំពង់ចាម​នៅ​ព្រឹក​មិញ​។

កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ អតីត​សមាជិក​គណបក្ស​សិទ្ធិមនុស្ស​ ១០ នាក់ ​នៅ​ខេត្ត​កំពង់ចាម​ ដឹកនាំ​ដោយ​លោក វ៉ាន់ ស៊ី​វឿន ​អតីត​សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរង្ស៊ី​ នៅ​អាណត្តិ​ទី​២ ​បាន​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​កំពង់ចាម​។​ សកម្មជន​គណបក្ស​សម​រង្ស៊ី​ទាំង ១០ រូបនោះ​ ទើបតែ​បាន​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១១​។

យ៉ាងណាក៏ដោយ លោក គួយ ប៊ុន​រឿន ​ប្រធាន​គណបក្ស​សម​រង្ស៊ី​ ខេត្ត​កំពង់ចាម​ មិន​បាន​ភ្ញាក់ផ្អើល​នឹង​ការចាក​ចេញ​របស់​សមាជិក​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​កំពង់ចាម​នោះទេ ដោយ​លោក​ចាត់ទុកថា ជា​រឿង​ដដែលៗ ​ព្រោះ​អ្នក​ទាំងនោះ ជា​អ្នក​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បំផ្លាញ​គណបក្ស​សមរង្ស៊ី​ជា​យូរ​មក​ហើយ​។​ ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ​លើកឡើងថា​នៅមុន​បោះឆ្នោត​ម្ដងៗ​ គណបក្ស​កាន់អំណាច​តែងតែ​ប្រើប្រាស់​លុយ​និង​តំណែង​ដើម្បី​អូសទាញ​សមាជិក​គណបក្ស​សម​រង្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ