អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ផ្សារ​ភ្ជាប់​កម្លាំង​ពលកម្ម​ជា​មួយ​ទី​ផ្សារ​ការ​ងារ​មិន​អាច​មើលស្រាល​បាន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​កង្វះ​ខាត​ការងារ​ជា​បញ្ហា​មួយ​ តែ​កម្លាំង​ពលកម្ម​ដែល​មិន​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ការងារ​ ឬ​កម្លាំង​ពលកម្ម​សម្បូរ​បែប​តែ​គ្មាន​ជំនាញ​គឺជា​បញ្ហា​មួយ​ទៀត។ ​បច្ចុប្បន្ន ​មាន​មនុស្ស​ជាច្រើន​គ្មាន​ការងារ​ធ្វើ ​ប៉ុន្តែ ​មាន​ក្រុមហ៊ុន​មួយចំនួន​បែរជា​រើស​បុគ្គលិក​មិន​បាន​ទៅវិញ​ដោយសារ​តែ​អ្នករៀន​សូត្រ​មិន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទីផ្សារ​ការងារ។ ​ចរន្ត​បញ្ច្រាស​ទិស​គ្នា​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ការគ្រប់គ្រង​កម្លាំង​ពលកម្ម​មិន​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​សុំ​ការងារ​ និង​អ្នក​រក​បុគ្គលិក​បម្រើការងារ​មិន​ស៊ីសង្វាក់​គ្នា។

ពលការនី ធាវ ធីដេត ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី
ពលការនី ធាវ ធីដេត ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ©Compagnie Top Manpower
ផ្សាយពាណិជ្ជកម្ម

 នៅ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា​បច្ចុប្បន្ន​ មាន​ចរន្ត​រំជើប​រំជួល​មួយចំនួន​កំពុង​តែ​កើត​ឡើង។ ពលករ​ខ្មែរ​ជាច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទោះ​ជា​ដោយ​មធ្យោបាយ​ស្រប​ច្បាប់​ក្តី​ឬ​ខុស​ច្បាប់​ក្តី។ ​ផ្ទុយ​ទៅវិញ ​ក្រុមហ៊ុន​មួយចំនួន​បែរ​ជា​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​មិន​បាន។ ​ជាក់ស្តែង ​រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​ជាយ​ក្រុង​ភ្នំពេញ​កំពុង​ប្រកាស​ជ្រើសរើស​បុគ្គលិក​មក​ធ្វើការ ​តែ​រើស​មិន​បាន។ ​តើ​ហេតុ​អ្វី​បាន​ជា​មាន​ចរន្ត​ពីរ​បញ្ច្រាស​​ទិស​គ្នា​យ៉ាង​ដូច្នេះ? ​សំណួរ​នេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​ពី​ការគ្រប់គ្រង​កម្លាំង​ពលកម្ម​និង​ទីផ្សារ​ការងារ​មិន​ល្អ។

 
ជាការពិត​ នៅ​ក្នុង​សង្គម​មួយ​តែងតែ​មាន​មនុស្ស​ស្វែងរក​ការងារ​ធ្វើ ​និង​តែងតែ​មាន​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​ធ្វើការ។ ​ដើម្បី​ឲ្យ​ចរន្ត​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ចាំបាច់​ត្រូវ​មាន​យន្តការ​សម្រប​សម្រួល​ជាក់លាក់។ ​នោះ​ហើយ​ជាអ្វី​ដែល​គេ​ហៅ​ថា​ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម​និង​ទីផ្សារ​ការងារ​នេះឯង។ ​ការគ្រប់គ្រង​ចរន្ត​ទាំងពីរ​នេះ​ឲ្យ​បាន​ល្អ​គឺជា​ការជួយ​សម្រួល​ដល់​អ្នក​រកការងារ​ធ្វើ​ផង ​និង​ជួយ​សម្រួល​ដល់​អ្នក​ត្រូវការ​បុគ្គលិក​ធ្វើការ​ផង។ លើសពី​នេះ ​វា​ក៏​អាច​ជួយ​ដល់​ការ​តម្រង់​ទិស​ដល់​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការនៃ​ទីផ្សារ​ផងដែរ។

ផ្ទុយទៅ​វិញ ​ការ​គ្រប់គ្រង​មិន​បាន​ល្អ ​ឬ​ការ​មិន​អើពើ​នឹង​បញ្ហា​នេះ​គឺជា​កំហុស​ឆ្គង​ដ៏​ធំធេង​មួយ​ដែល​បណ្តាល​ឲ្យ​សង្គម​ដំណើរការ​វិលវល់​គ្មាន​ទិសដៅ។ ​ជាក់ស្តែង​ បច្ចុប្បន្ន​នេះ ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ឡើយ​អំពី​ទីផ្សារ​ការងារ។ ​ជាផលវិបាក​កម្លាំង​ពលកម្ម​ជាច្រើន​បែរ​ជា​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក ផ្សង​នឹង​គ្រោះថ្នាក់​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​ទៅវិញ ​ខណៈ​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​កំពុង​ដង្ហោយ​រក​បុគ្គលិក​ និង​កម្មករ។

មក​ដល់​ចំណុច​នេះ ​គេ​គួរកត់សម្គាល់​ទៀត​ថា ​កម្លាំង​ពលកម្ម​ដែល​គ្មាន​គុណភាព​ក៏ជា​បញ្ហា​ធំធេង​មួយ​ទៀត​សម្រាប់​សង្គម​កម្ពុជា។ ​គ្មាន​គុណភាព​មាន​ន័យ​ថា​ ជាពលករ​ដែល​មាន​តែ​កម្លាំង​បាយ​ តែ​ខ្វះ​សមត្ថភាព​ជំនាញ ​និង​ខ្វះ​ការ​យល់ដឹង​ពី​ពិភព​ការងារ។ ​ឧទាហរណ៍​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​តែ​មួយ​អាច​បញ្ជាក់​បាន​ពី​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ។ ​កម្មករ​ កម្មការិនី ​ប្រមាណ​ជាង ​៣០​ ម៉ឺន​នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​សុទ្ធតែ​ជា​អ្នក​ឡើង​មក​ពី​ជនបទ​ដែល​ភាគច្រើន​លើសលប់​មិន​ដែល​បាន​ឆ្លង​កាត់​ទាល់​តែ​សោះ​នូវ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​មិន​ដែល​ស្គាល់​សោះ​ពី​ពិភព​ការងារ​ក្នុង​រដ្ឋបាល ​និង​ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម។ ​ពួកគេ​មាន​ទម្លាប់​ធ្វើ​ការងារ​តែ​ក្នុង​វិស័យ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ដែល​ជា​ប្រភេទ​ការងារ​សេរី​ ធ្វើ​តាម​ទម្លាប់។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​ដែល​ពួកគេ​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​តាម​បែប​ឧស្សាហកម្ម​ដែល​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង​ មាន​វិន័យ​ បញ្ហា​ក៏​បាន​ផ្ទុះ​ឡើង​ស្ទើរតែ​នៅ​គ្រប់​ទិសទី។ ​ជាទូទៅ ​គេ​ច្រើន​ស្តី​បន្ទោស​ទៅ​លើ​ថៅកែ ​ឬ​អ្នកគ្រប់គ្រង។ ​ការ​ស្តី​បន្ទោស​នេះ​មិន​ខុស​ឡើយ ​ប៉ុន្តែ​ ជួន​កាល​កង្វះ​ជំនាញ​វិជ្ជាជីវៈ​ និង​ការ​មិន​ចេះ​សម្រប​ខ្លួន​ក្នុង​ពិភព​ការងារ​ក៏ជា​ចំណោទ​មួយ​ធំធេង​ដែរ​ដែល​មិន​ត្រូវ​មើល​រំលង។ ​អ្វី​ដែល​សំខាន់​គឺ ​មុន​នឹង​ចូល​ប្រឡូក​ក្នុង​ពិភព​ការងារ​ បុគ្គលិក​កម្មករ​គួរតែ​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​របៀប​របប​ការងារ​ជា​មុន​សិន។ ធ្វើ​បែប​នេះ ​មិនត្រឹម​តែ​អាច​កាត់​បន្ថយ​បញ្ហា​បាន​យ៉ាង​ច្រើន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​គុណភាព​នៃ​កម្លាំង​ពលកម្ម​ក៏​អាច​បង្កើន​ទិន្នផល​ការងារ​ និង​ប្រាក់​ចំណូល​របស់​បុគ្គលិក​ផង​ដែរ។

ងាក​ទៅ​មើល​អ្នក​រៀន​ចេញ​ពី​សាលា​វិញ ​ពួកគេ​ក៏​មិន​សូវ​បាន​ស្វែង​យល់​ពី​ទីផ្សារ​ការងារ​ដែរ។ និស្សិត​ចូល​ចិត្ត​រៀន​តែ​មុខ​វិជ្ជា​ដូចៗ​គ្នា ​ដូច​ជា​មុខ​វិជ្ជា​គ្រប់គ្រង ​គណនេយ្យ ​ឬ​ធនាគារ​ជាដើម​ដែល​ជា​មុខ​វិជ្ជា​មិន​សូវ​មាន​ទីផ្សារ។ ​នេះ​ក៏​ជា​បញ្ហា​មួយ​ទៀត​សម្រាប់​ពិភព​ការងារ​នៅ​កម្ពុជា។ នៅ​ក្នុង​បរិបទ​នេះ​ ការ​ផ្សារភា្ជប់​កម្លាំង​ពលកម្ម​ទៅ​នឹង​ទីផ្សារ​ការងារ​ជា​បេសកកម្ម​ចាំបាច់​ចំពោះ​មុខ​ដែល​អ្នក​តម្រង់​ទិស​សង្គម​ទាំងឡាយ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ