អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ២០១២​ជាវិញ្ញាសា​សាកល្បង​សមត្ថភាព​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គលេខាធិការ​អាស៊ាន​លោក ​ស៊ូរិន ពិតស៊ូវណ្ណ ​ទើបតែ​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ​បន្ទាប់ពី​បាន​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​រយៈពេល​៣​ថ្ងៃ។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ស៊ូរិន ​ពិតស៊ូវណ្ណ ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ផ្តល់​ការ​គាំទ្រ ​និង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​ប្រធាន​ប្តូរវេន​អាស៊ាន​នៅ​ឆ្នាំ២០១២​ខាង​មុខ​នេះ។ ​កាលពី​សប្តាហ៍​កន្លង​ទៅ​ក្រុម​លេខាធិការដ្ឋាន​ជាតិ​អាស៊ាន​កម្ពុជា​ក៏​បាន​បើក​កិច្ចប្រជុំ​រួច​ហើយ​ដែរ​ដើម្បី​ត្រៀម​លក្ខណៈ​រៀប​ចំ​កិច្ចប្រជុំ​ជាច្រើន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​តើ​រដ្ឋាភិបាល​ភ្នំពេញ​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បំពេញ​តួនាទី​ជា​អន្តរជាតិ​បាន​កម្រិតណា​សម្រាប់​ឆ្នាំ​២០១២​ខាង​មុខ?

តួនាទី​​ប្រធាន​​អាស៊ាន​​ឆ្នាំ២០១២​​ជាវិញ្ញាសា​​សាកល្បង​​សមត្ថភាព​​កម្ពុជា​​
តួនាទី​​ប្រធាន​​អាស៊ាន​​ឆ្នាំ២០១២​​ជាវិញ្ញាសា​​សាកល្បង​​សមត្ថភាព​​កម្ពុជា​​ RFI/ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​បាន​ឈាន​ចូល​មក​ដល់​ហើយ‌! ​សម្រាប់​តួនាទី​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ ​កម្ពុជា​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចំនួន​២​លើក​ រួម​ទាំង​កិច្ចប្រជុំ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ក្របខណ្ឌ​តំបន់។​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី១​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ​ រីឯ​កិច្ច​ប្រជុំ​កំពូល​លើក​ទី២​ នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា។

ដូចជា​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ កិច្ចប្រជុំ​កំពូល​ទាំង​នេះ​ ក្រៅតែ​ពី​ការ​ចូល​រួម​ពីសំណាក់​ប្រមុខរដ្ឋ ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​១០ ​ក៏​មាន​ការ​ចូលរួម​ផងដែរ​ពីសំណាក់​បណ្តា​មេដឹកនាំ​សំខាន់ៗ​មក​ពី​ប្រទេស​ធំៗ​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក​ដែល​ជា​ដៃ​គូ​អាស៊ាន​ ដែល​មាន​ដូច​ជា ​សហរដ្ឋអាមេរិក​ ចិន​ ជប៉ុន​ កូរ៉េ​ ឥណ្ឌា​ និង​អូស្រ្តាលី ​ជាដើម។ ​ដូច្នេះ ​ភារកិច្ច​ជា​អន្តរជាតិ​ដែល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​មាន​ទំហំ​ធំធេង​ណាស់។ ​គឺភារកិច្ច​ដ៏​ធំធេង​នេះ​ហើយ​ដែល​ទាមទារ​ឲ្យ​ប្រមុខ​ការទូត​កម្ពូជា ​លោក ​ហោ ​ណាំហុង​ អញ្ជើញ​លោក​ ស៊ូរិន ​ពិតស៊ូវណ្ណ ​អគ្គលេខាធិការ​អាស៊ាន​ឲ្យ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពេល​នេះ​ដើម្បី​ពិភាក្សា​អំពី​ការងារ​ចំពោះ​មុខ​ដែល​កម្ពុជា​ត្រូវ​ធ្វើ។

ទស្សនកិច្ច​របស់​លោក ​ស៊ូរិន​ ពិតស៊ូវណ្ណ ​ក៏មាន​អត្ថន័យ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​នេះ​ផងដែរ។ ​ជាក់ស្តែង ​លោក​
ស៊ូរិន ​ពិតស៊ូវណ្ណ ​បាន​សន្យា​ថា ​នឹង​បញ្ជូន​ក្រុម​លេខាធិការ​អាស៊ាន​មក​កម្ពុជា​ដើម្បី​ធ្វើការ​រួមគ្នា ​ហើយ​លោក​ក៏​បាន​ពាំនាំ​នូវ​ការគាំទ្រ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដល់​តួនាទី​របស់​កម្ពុជា​ទៀត​ផង។

ជាការ​ពិត​ណាស់ ​កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​ជោគជ័យ​រួច​ហើយ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ឆ្នាំ២០០២ ​ប៉ុន្តែ ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​សម្រាប់​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ ពីព្រោះ​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​នេះ ​ខុស​ពី​១០​ឆ្នាំ​មុន​ ខុសគ្នា​នៅ​ត្រង់​ថា ​កាលណោះ​ អាស៊ាន​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ​ហើយ​ការ​រៀបចំ​កិច្ចប្រជុំ​ក៏​មិន​សូវ​ជា​មាន​ច្រើន​ដែរ។ ​តែ​សម្រាប់​អាស៊ាន​នៅ​ពេល​នេះ ​កិច្ចប្រជុំ​កំពូល​មាន​លក្ខណៈ​ធំធេង​ពីព្រោះ​តែ​មាន​បណ្តា​ប្រទេស​មហាអំណាច​ធំៗ​ចូល​រួម​ជាច្រើន។ ​ដូច្នេះ ​ កម្ពុជា​ត្រូវការ​ការ​គាំទ្រ​ទាំង​សម្ភារៈ​និង​ស្មារតី​ ពី​ប្រទេស​ជិតខាង ​និង​ប្រទេស​នៅ​ក្នុង​តំបន់​ និង​ជាពិសេស​ពី​លេខាធិការដ្ឋាន​អាស៊ាន​ទាំង​មូល​យ៉ាង​ពេញ​ទំហឹង។

ម្យ៉ាងទៀត ​តួនាទី​របស់​អាស៊ាន​ពេលនេះ​ក៏​កាន់តែ​មាន​លក្ខណៈ​សំខាន់​ឡើង​ដែរ​ពីព្រោះ​ចូរ​កុំភ្លេច​ថា ​នៅ​សល់​តែ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ អាស៊ាន​ត្រូវ​សម្រេច​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​របស់​ខ្លួន​ដែល​បាន​គ្រោង​ទុក​ នោះ​គឺ​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥​។​ នៅ​ក្នុង​បរិបទ​នេះ​ កម្ពុជា​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​អាស៊ាន។​ ទាំងនេះ​គឺជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​ដែល​កម្ពុជា​ត្រូវ​ទទួល​នៅ​ក្នុង​ឆ្នាំ​២០១២។ ​និយាយ​តាម​បែប​ផ្សេង ​ឆ្នាំ​២០១២​គឺ​ជា​វិញ្ញាសាសា​កល្បង​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​តួនាទី​ជា​អន្តរជាតិ​របស់​ខ្លួន។

ដើម្បី​ត្រៀម​ទទួល​កិច្ចការ​ដ៏​ធំធេង​នេះ ​ក្រុម​លេខាធិការដ្ឋាន​ជាតិ​អាស៊ាន​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​រួច​ហើយ ​កាលពី​ថ្ងៃ​ទី ​១៤​ធ្នូ​កន្លង​ទៅ​នេះ ​ដើម្បី​ត្រៀម​លក្ខណៈ​ជាស្រេច។ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ចង្អៀត​មួយ​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​១០​មករា​ខាង​មុខ​នេះ​តទៅ​ហើយ​នៅ​ក្នុង​ខេត្ត​សៀមរាប។ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា​ បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ទាំង​ធនធាន​មនុស្ស ​និង​ធនធាន​សម្ភារៈ​ដើម្បី​បំពេញ​តួនាទី​តំបន់​ដ៏​សំខាន់​នេះ។ យ៉ាងណា​ក៏ដោយ​ គេ​កំពុង​តែ​រង់ចាំ​មើល​ថា ​តើ​ទីក្រុង​ភ្នំពេញ​អាច​សម្រេច​បាន​លទ្ធផល​កម្រិត​ណា​ឲ្យ​អាស៊ាន​នៅ​ក្នុង​ឋានៈ​ជា​ប្រធាន​សមាគម​ថ្នាក់​តំបន់​មួយ​នេះ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ