អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវវ័យ​បច្ចុប្បន្ន​មិន​អើពើ​នឹង​បញ្ហា​សង្គម!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុវវ័យ​​ខ្មែរ​​បច្ចុប្បន្ន​​ត្រូវ​​គេ​​សង្កេត​​ឃើញ​​ជា​​ទូទៅ​​ថា ​​មិន​​សូវ​​ចាប់​​អារម្មណ៍​​នឹង​​បញ្ហា​​សង្គម​​ហើយ​​ចូល​​រួម​​ក្នុង​​ការ​​ដោះស្រាយ​​ បញ្ហា​​ទេ​ ​តែ​​ពួក​គេ​​បែរ​​ជា​​ចាប់​​អារម្មណ៍​​នឹង​​ការ​​សប្បាយ​​ផ្ទាល់​​ខ្លួន​​ច្រើន​​ជាង។​ ​នៅ​​ពេល​​ដែល​​សង្គម​​ជួប​​បញ្ហា​​​ដូច​ជា​​គ្រោះ​​ទឹកជំនន់​​នា​​ពេល​​បច្ចុប្បន្ន​​ ជា​ដើម​​ គេ​​មិន​​សូវ​​បាន​​ឃើញ​​សកម្មភាព​​របស់​​យុវវ័យ​​ស្រករ​​ក្រោយ​​ក្នុង​​ការ​​ចូល​​រួម​​ ជួយ​​ដោះ​ស្រាយ​​បញ្ហា​​ឡើយ​​ ផ្ទុយ​​ទៅ​​វិញ​ ​យុវវ័យ​​បាន​​បង្ហាញ​​ភាព​​សកម្ម​​​របស់​​ខ្លួន​​យ៉ាង​​ខ្លាំង​​នៅ​​ពេល​​មាន​​ការ​​ប្រគំ​ ​តន្ត្រី​ ​ការ​​ប្រឡង​​ចម្រៀង​​ ឬ​​ប្រឡង​​ជ្រើស​រើស​​តារា​​ជា​ដើម។តើ​អ្វី​ទៅ​ជា​អាកប្បកិរិយា​រ​បស់​​យុវវ័យ​បច្ចុប្បន្ន?​

យុវជន​ខ្មែរ​សម័យ​ថ្មី
យុវជន​ខ្មែរ​សម័យ​ថ្មី ©RFI/សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ប្រទេស​ជាតិ​ជួប​បញ្ហា​ធំៗ ​ដូច​ជា​គ្រោះ​ទឹកជំនន់​ដ៏​មហន្តរាយ​ដូច​ពេល​នេះ​ជា​ដើម​ គេ​មិន​បាន​ឃើញ​សកម្មភាព​របស់​យុវវ័យ​ចូលរួម​ជួយ​ឈឺ​ឆ្អាល​ទោះ​ដោយ​កម្លាំង​កាយ​ក្តី​ឬ​កម្លាំង​ចិត្ត​ក្តី​ដើម្បី​សម្រាល​បញ្ហា​សង្គម​របស់​ខ្លួន​ឡើយ។ ​ភាព​អសកម្ម ​និង​កង្វះ​ការ​ផ្តួចផ្តើម​គំនិត​ដើម្បី​ជា​ប្រយោជន៍​សង្គម​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺ​ជា​គុណវិបត្តិ​ដ៏​ធំ​ធេង​របស់​យុវវ័យ​សម័យ​​បច្ចុប្បន្ន។​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​នៅ​ពេល​ដែល​ប្រទេស​ជាតិ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​អំពី​បញ្ហា​ព្រំដែន​ក៏​យុវវ័យ​ស្រករ​ក្រោយ​មិន​ចាត់​ទុក​ជា​បញ្ហា​របស់​ពួកគេ​ដែរ។

 
ផ្ទុយ​ទៅ​វិញ ​យុវវ័យ​បែរ​ជា​បង្ហាញ​ភាព​សកម្ម​ និង​ក្លាហាន​យ៉ាង​ខ្លាំង​ក្នុង​សកម្មភាព​ប្រឡង​ជ្រើស​រើស​អ្នក​ចម្រៀង​ តារា​សម្តែង​ ឬ​តារា​ទូរទស្សន៍​ជាដើម។ ​ពួកគេ​ទាំងស្រី​ទាំង​ប្រុស​បាន​ពពាក់​ពពូន​ទៅ​ដាក់​ពាក្យ​ប្រឡង​ ហើយ​បាន​បង្ហាញ​ភាព​ក្លាហាន​តាម​រយៈ​ការ​សម្តែង​នៅ​ចំពោះ​មុខ​មហាជន​បើ​ទោះបី​ជា​ឈុត​ឆាក​ខ្លះ​មាន​សភាព​ស្រើប​ស្រាល​ក៏​ដោយ​ ក៏​ពួកគេ​អាច​ធ្វើ​បាន។ ​
 
ម្យ៉ាង​ទៀត​ នៅ​ពេល​មាន​ផ្សារ​ទំនើប​ទើប​បើក​ថ្មី ​បំពាក់​ដោយ​បន្ទប់​ខារ៉ា​អូខេ ​ពួកគេ​នឹង​ពពាក់​ពពូន​ទៅ​ដើរ​កម្សាន្ត ​ឬ​ចុះ​ឈ្មោះ​ជា​សមាជិក​ រហូត​ដល់​ពេល​ខ្លះ​គេច​សាលា​ផង​ក៏​មាន។ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ​ យុវវ័យ​បច្ចុប្បន្ន​ក៏​បាន​បង្ហាញ​ភាព​សកម្ម​យ៉ាង​ខ្លាំង​ដែរ​ក្នុង​ការ​ភ្ជាប់​ខ្លួន​យ៉ាង​រហ័ស​ទៅ​នឹង​ប្រពន្ធ័​ Internet,​ I phone ​ឬ​បណ្តាញ​សង្គម ​Facebook។ ​ប៉ុន្តែ ​ពួកគេ​មិន​បាន​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ទំនើប​ទាំង​នោះមកបម្រើការ​សិក្សារបស់​ខ្លួន​ឡើយ​ ដោយ​គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​ភាព​ទាន់សម័យ​ និង​ភាព​ស្រើបស្រាល​ត្រេកត្រអាល​ក្នុង​ផ្លូវ​ផ្សេង​ទៅវិញ។
 
ផ្ទុយ​ពី​នេះ​ យុវវ័យ​បាន​សម្តែង​ការ​រារែក ​និង​លាក់​មុខ​មិន​សូវ​ចូល​រួម​ឡើយ​នៅ​ពេល​ដែល​មាន​កម្មវិធី​ប្រកួត​ចំណេះ​ដឹង​ទូទៅ​នៅ​តាម​សាលា​ឬ​ក្នុង​កម្មវិធី​ទូរទស្សន៍​នានា​ម្តងៗ។ ​សិស្ស​សាលា​ឬ​និស្សិត​វ័យ​ក្មេង​ភាគច្រើន​មិន​សូវ​បាន​តាមដាន​ ឬ​មិន​ខ្វល់​ទាល់​តែ​សោះ​អំពី​បញ្ហា​ប្រទេស​ជាតិ​ ឬ​បញ្ហា​ប្រឈម​របស់​សង្គម។ ​ប្រសិន​បើ​ពួកគេ​មើល​ទូរទស្សន៍​ ពួកគេ​ប្រាកដ​ជា​ចូល​ចិត្ត​ការ​ប្រគំ​តន្ត្រី ​ឬ​ភាពយន្ត​កូរ៉េ ​ជាង​កម្មវិធី​ព័ត៌មាន។ ​ប្រសិន​បើ​ស្តាប់​វិទ្យុ​វិញ ​យុវវ័យ​ច្រើន​ចាប់​អារម្មណ៍​កម្មវិធី​ដោះស្រាយ​វិបត្តិ​ស្នេហា ​ច្រើន​ជាង​កម្មវិធី​អប់រំ។ ​ប្រសិន​បើ​ពួកគេ​ទៅ​ផ្សារ​ គេ​ចូល​ចិត្ត​នាំគ្នា​ដើរ​មើល​ម៉ូត​ទូរស័ព្ទ ​សម្លៀកបំពាក់​ ឬ​ចម្រៀង​ខារ៉ាអូខេ​ទើប​ចេញ​ថ្មី​ជាជាង​សម្លឹង​រក​មើល​សៀវភៅ​សម្រាប់​អាន​ដើម្បី​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន។​ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​យុវវ័យ​សម័យ​នេះ ​ហាក់​មិន​បាន​បង្ហាញ​ពី​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​បញ្ញវន្ត​ដែល​ពោរ​ពេញ​ដោយ​ចំណេះដឹង​ និង​ចំណេះ​ធ្វើ​ពិត​ប្រាកដ​ឡើយ ​តែ​មោទនភាព​របស់​ពួកគេ ​គឺ​ការ​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង ​តារា​សម្តែង ​ឬ​តារា​ទូរទស្សន៍​ច្រើន​ជាង។​
 
ជាការ​ពិត​ណាស់ ​នេះ​ជា​ធម្មជាតិ​របស់​យុវវ័យ ​និង​ជា​បញ្ហា​សាកល​មួយ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ អ្វី​ដែល​សំខាន់​គឺ​ការ​តម្រង់​ទិស​ពួកគេ​ពី​សំណាក់​គ្រួសារ​ សាលារៀន ​និង​សង្គម​ទាំងមូល។ ​នៅ​ពេល​ដែល​យន្តការ​សម្រាប់​តម្រង់​ទិស​យុវវ័យ​គាំង​មិន​ដំណើរការ​ ឬ​ដំណើរការ​មិន​ល្អ វា​បា្រកដ​ណាស់​ថា ​យុវជន​ស្រករ​ក្រោយ​នឹង​គ្មាន​គោលដៅ​ច្បាស់លាស់​ឡើយ។
 
​ដើម្បី​យក​រួច​ខ្លួន​ មនុស្ស​មួយចំនួន​បាន​ទម្លាក់​កំហុស​ទៅលើ​សាកល​ភាវូបនីយកម្ម។ ​ការ​ទម្លាក់​កំហុស​លើ​បញ្ហា​នេះ​ក៏​មិន​ខុស​ដែរ​ ប៉ុន្តែ ​គេ​មិន​ត្រូវ​ភ្លេច​ថា​សាកលភាវូបនីយកម្ម​គឺជា​បញ្ហា​សាកល​មួយ​ដែល​ពិបាក​ទប់។ ​វិធីសាស្ត្រ​ដើម្បី​ទប់​គឺ ​ប្រទេស​នីមួយៗ​ត្រូវ​ចាក់​គ្រឹះ​ធនធាន​មនុស្ស​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ។ ​នៅ​ពេល​ដែល​ពលរដ្ឋ​ ជាពិសេស​យុវវ័យ​ ស្គាល់​អត្តសញ្ញាណ​ខ្លួន​បាន​ច្បាស់​លាស់​ និង​ដឹង​ថា​ ខ្លួន​ចេញ​មក​ពីណា ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា ​វប្បធម៌​អាក្រក់​មក​ពី​ខាងក្រៅ​ពិបាក​នឹង​វាយ​លុក​លើ​ពួកគេ​បាន​ណាស់។ ​
 
ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​យុវវ័យ​ស្ថិត​នៅ​ក្នុង​ភាព​វិលវល់​ដូច​ចក​កណ្តាល​មហា​សាគរ​ ពួកគេ​ងាយ​ណាស់​នឹង​ងាករេ​តាម​កម្លាំង​ខ្យល់​បក់។ ​នេះ​ជា​អ្វី​ដែល​អ្នក​តម្រង់​ទិស​សង្គម​ទាំង​ឡាយ​ត្រូវ​ចាប់​អារម្មណ៍​និង​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់​ចំពោះ​អាកប្បកិរិយា​របស់​យុវវ័យ​ខ្មែរ​នាពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ