អានតួអត្ថបទ
កម្ពុជា

ក្រុម​​គ្រូ​ពេទ្យ​​​ផ្នែក​​វិកល​​វិជ្ជា​​៤​​ រូប​​​គឺ​​កម្ពុជា​​ ២​​ រូប​​និង​​អន្តរជាតិ​​ ២​​ រូប​​ បាន​​វាយ​​តម្លៃ​​ជា​​ឯកច្ឆ័ន្ទ​​

ក្រុម​គ្រូពេទ្យ​ផ្នែក​​វិកល​វិជ្ជា​ ៤​ រូប​ គឺ​​កម្ពុជា​ ២​ រូប​ និង​​អន្តរជាតិ​ ២​ រូប​ បាន​​វាយ​តម្លៃ​​ជា​​ឯកច្ឆ័ន្ទ​​ក្នុង​​របាយការណ៍​​រួម​​ថា​ លោកស្រី ​អៀង ធីរិទ្ធ​ អាយុ​ ៧៩​ ឆ្នាំ ​អតីត​​រដ្ឋ​មន្ត្រី​​ក្រសួង​​សង្គមកិច្ច​ សម័យ​​ខ្មែរក្រហម​ មាន​​ការ​ចងចាំ​ និង​​បញ្ញា​​ស្មារតី​​ធ្លាក់ចុះ​។​ អាការៈ​​ជំងឺ​​របស់​​លោកស្រី ​អៀង ធីរិទ្ធ​ ក៏​​អាច​​ប៉ះពាល់​​ដល់​​សវនាការ​​កាត់​ទោស​​លើ​​សំណុំរឿង​​០០២​ ដែល​​មាន​​ជន​ជាប់​ចោទ​​ចាស់​ជរា​ ៤​ រូប​ដែល​​នឹង​​ត្រូវ​​បើក​​ការ​ជំនុំ​ជម្រះ ​នៅ​​ចុង​​ខែ​​វិច្ឆិកា​​ខាង​មុខ​។​​

អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២
អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២ Reuters/Montage RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩​តុលា ឆ្នាំ​២០១១ គ្រូពេទ្យ​ជំនាញ​ពីររូប ក្នុងចំណោម​អ្នក​ជំនាញ​ ៤ រូប គឺ​លោក​វេជ្ជបណ្ឌិត ហួត លី​ណា ឯកទេស​វិកល​វិជ្ជា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​លោក Seena Fazel វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិជ្ជា ជនជាតិ​អង់គ្លេស បាន​ចូល​ឆ្លើយ​បំភ្លឺ​ ពី​ការ​រក​ឃើញ​របស់​អ្នកជំនាញ លើ​អាការៈ​សម្បទា​សតិ​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​គ្រូពេទ្យ​ជំនាញ​ទាំង ៤ រូប បាន​ជួប​ធ្វើតេស្ត​វេជ្ជសាស្ត្រ​លើ​លោក​ស្រី​អៀង​ធីរិទ្ធ ចំនួន ៣ ដង ចាប់តាំងពី​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១១​។ ក្រុម​អ្នកជំនាញ ក៏​បាន​ជួប​ជាមួយ​គ្រូពេទ្យ​ព្យាបាល​លោកស្រី អៀង ធីរិទ្ធ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​អ្នកយាម​ពន្ធនាគារ ដែលជា​អ្នក​នៅ​ជិត​លោកស្រី​អៀង​ធីរិទ្ធ​។​

​ចំពោះមុខ​អង្គ​សវនាការ លោក​វេជ្ជបណ្ឌិត ហួត លី​ណា បាន​លើកឡើង​ថា ក្រុម​អ្នកជំនាញ​បាន​រកឃើញ​ជា​ឯកច្ឆ័ន្ទ​លើ​អាការៈសម្បទា​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ បាន​ធ្លាក់​ចុះ​​នៃ​ការចងចាំ និង​មាន​ភាព​មិន​នឹង​ន​​នៃ​អារម្មណ៍​។​

​លោក​វេជ្ជបណ្ឌិត ហួត លី​ណា បានបញ្ជាក់​ថា ការចងចាំ និង​ការយល់ដឹង​របស់​លោក​ស្រី អៀង ធីរិទ្ធ មាន​កម្រិត គឺ​ចាំ​មុខ ភ្លេច​ក្រោយ ដូច​អាការៈ​ជំងឺ​វង្វេងវង្វាន់​។ ពោល​គឺ​លោកស្រី អៀង​ធីរិទ្ធ មិនដឹង​ពី​ថ្ងៃ​ខែ​ឆ្នាំ មិន​ចាំ​ឈ្មោះ​សាលារៀន មិន​ចងចាំ​ព្រះនាម​ព្រះមហាក្សត្រ មិន​ចាំ​ចំនួន​កូន​ប៉ុន្មាន​នាក់ សូម្បី​តែ​ស្វាមី​របស់​គាត់​ក៏​មិន​ស្គាល់ ហើយ​ថា លោក​អៀង​សារី ជា​បងប្រុស​របស់​លោក​ស្រី​ទៅវិញ​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត Seena Fazel បាន​លើកឡើង​ថា ក្នុង​ពេល​ជួប ធ្វើតេស្ត​លោកស្រី​អៀង​ធីរិទ្ធ គឺ​មិន​ឃើញ​មាន​ចំណុច​ណាមួយ ដែល​លោកស្រី​អៀង​ធីរិទ្ធ ដែល​មាន​អាយុ ៧៩ ឆ្នាំ បាន​ធ្វើ​ពុត​ជា​វង្វេងវង្វាន់ ដើម្បី​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​នោះ​ទេ​។ តែ​លោក​ស្រី​អៀង​ធីរិទ្ធ បាន​យល់ដឹង​ពី​បទ​ចោទប្រកាន់​មួយចំនួន​លើ​រូបគាត់​។ លោកស្រី ក៏​អាច​ចូលរួម​ផ្តល់​សក្ខីកម្ម ក្នុង​សវនាការ​កាត់ទោស​លើ​សំណុំរឿង​០០២ នៅ​ខែ​ក្រោយ​បាន​ផង​ដែរ​។

​ក៏ប៉ុន្តែ​អ្នកជំនាញ​អង់គ្លេស​រូបនេះ បាន​គូសបញ្ជាក់ថា អាការៈ​ជំងឺ​សតិប​ញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ អាច​ប៉ះពាល់​សវនាការ ដោយសារ​តែ​ការចងចាំ មិន​ទៀងទាត់​។ ហេតុដូច្នេះ សតិ​បញ្ញា​ស្មារតី​របស់​លោកស្រី​អៀង​ធីរិទ្ធ អាច​ជា​ការរារាំង និង​បង្អាក់ដំណើរ​សវនាការ​។​

​កាលពី​ខែ​សីហា ឆ្នាំ​២០១១ អ្នកជំនាញ​វេជ្ជសាស្ត្រ លោក ច​ន ខាំ​ប៊ែល រកឃើញថា លោកស្រី អៀងធីរិទ្ធ មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃប្រសាទ ដែល​មិន​អាច​ចូលរួម​ពេញលេញ ក្នុង​ការជំនុំជម្រះ​ក្តី​បាន​ទេ​។​ ​ក្នុង​បន្ទប់​សវនាការ មាន​វត្តមាន​របស់​លោក​ស្រី អៀង ធីរិទ្ធ និង​លោក អៀង សារី អង្គុយ​នៅ​ក្រោយខ្នង​សហ​មេធាវី​។

​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​១៩​តុលា ឆ្នាំ​២០១១ ក្រុម​សហ​មេធាវី​ការពារ​ជន​រងគ្រោះ ក៏បាន​លើកឡើង​ពី​ការទាមទារ​សំណង​ជាក់លាក់ សម្រាប់​ដើម​បណ្តឹងរដ្ឋប្បវេណី នៅ​ក្នុង​សំណុំរឿង​០០២​។ នោះ​គឺ គម្រោងការ​រម្លឹក និង​ការគោរព​វិញ្ញាណក្ខន្ធ ការ​ស្តារនីតិសម្បទា ការ​ចងក្រង​ឯកសារ និង​ការអប់រំ ដោយ​ក្រុម​ជនរងគ្រោះ បាន​ស្នើសុំ​ឲ្យ​តុលាការ​ខ្មែរក្រហម បង្កើត​ថ្ងៃ​ចងចាំ​នៃ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម ព្រមទាំង​សាងសង់​ស្តូប និង​ចេតិយ​រម្លឹក​វិញ្ញាណក្ខន្ធ ជាដើម​។ ចំណែក​ជនរងគ្រោះ ជាដើម​បណ្តឹងរដ្ឋប្បវេណី ជនជាតិ​វៀតណាម បាន​ស្នើសុំ​ឲ្យ​តុលាការ​ខ្មែរក្រហម ផ្តល់​នូវ​សំណង ដោយ​សុំ​សញ្ជាតិ​ខ្មែរ​។រីឯ​ដើមបណ្តឹង​ជា​ជន​ជាតិ​​ចាម បាន​ស្នើសុំ​ឲ្យមាន​ការអភិរក្ស​វប្បធម៌​របស់​ជនជាតិ​ចាម ជាដើម​។

​សវនាការ​សួរដេញដោល​លើ​អ្នកជំនាញ​វេជ្ជសាស្ត្រ អំពី​សតិបញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត នៅ​ព្រឹក​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ