អានតួអត្ថបទ
កម្ពុជា-អាមេរិក

សហរដ្ឋអាមេរិក​ផ្តល់​ថវិកា​ជាង ១លានដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

ទោះបី​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម ​លោក ​Siegfried Blunk​ទើប​តែ​បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ដើម​សប្តាហ៍​នេះ​ក៏​ដោយ ​ក៏​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ថវិកា​ជាង​ ១លាន​ ៦ សែន​ដុល្លារ​ដល់​សាលាក្តី​នេះ​ជា​បន្ត​ទៀត។ ប៉ុន្តែ ​ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ​នេះ​ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​អំពាវនាវ​ឲ្យ​មាន​តម្លាភាព ​និង​ឯករាជភាព​របស់​តុលាការ​កូន​កាត់​នេះ​ផង​ដែរ។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​ថា​ នឹង​ផ្តល់​ជំនួយ​ថវិកា​១,៦៥ លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម។ ​ជំនួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក ​Stephen J. Rapp ​ឯកអគ្គ​រដ្ឋទូត​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​តុលា។ សេចក្តី​ប្រកាស​របស់​លោក ​Stephen J. Rapp ​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជិត​២​លាន​នាក់​ស្លាប់​ដោយ​អំពើ​ឃោរឃៅ។

ការ​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​ដល់​សាលាក្តី​ខ្មែរក្រហម​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​លោក​ Siegfried Blunk​ បាន​លាលែង​ចេញ​ពី​តំណែង​ក្រោម​ហេតុផល​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ។ ​ប៉ុន្តែ ​ទន្ទឹម​នឹង​ការ​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ដល់​សាលាក្តី​ខ្មែរក្រហម​នៅ​ពេល​នេះ​ ទីក្រុ​ងវ៉ាស៊ីនតោន​ក៏​មិន​ភ្លេច​អំពាវនាវ​ឲ្យ​មាន​ឯករាជភាព​របស់​តុលាការ​ផងដែរ។ ​លោក​ ឯកអគ្គរដ្ឋទូត​ផ្នែក​ឧក្រិដ្ឋកម្ម​សង្គ្រាម​អាមេរិក​បាន​បញ្ជាក់​ថា ​ដើម្បី​ឲ្យ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ទទួល​បាន​យុត្តិធម៌ ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ​និង​ឯករាជភាព។

ក្នុង​សេចក្តី​ប្រកាស​នោះ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយ​សាលាក្តី​ត្រូវ​ប្រកាស​ជាថ្មី​ម្តង​ទៀត​អំពី​ជំហរ​របស់​ខ្លួន​ដែល​គាំទ្រ​ដល់​ឯករាជភាព​របស់​តុលាការ​ដោយ​ចៀស​ឲ្យបាន​នូវ​ការ​ជ្រៀត​ជ្រែក​មិន​ថា​ពី​មជ្ឈដ្ឋាន​ណា​ឡើយ។ ​បន្ទាប់​ពី​ការ​លា​លែង​របស់​សហចៅក្រម​អន្តរជាតិ​កាល​ពី​ដើម​សប្តាហ៍ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា ​ខ្លួន​បាន​លូកដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ។ ទីក្រុង​ភ្នំពេញ​បញ្ជាក់​ថា ​ខ្លួន​បាន​យល់​ច្បាស់​អំពី​បុព្វសិទ្ធិ​របស់​តុលាការ​ដែល​ចង់​ចោទ​ឬ​មិន​ចោទ​ជនសង្ស័យ​ណាម្នាក់។ យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​តម្លៃ​នៃ​សន្តិភាព​ ការ​ផ្សះផ្សា​ជាតិ​ ដែល​តុលាការ​នេះ​មិន​អាច​ធ្វើ​ឲ្យ​បែក​ធ្លាយ​បាន​ទេ។

សូម​បញ្ជាក់​ថា តុលាការ​ខ្មែរក្រហម​នឹង​ត្រូវ​អស់​ថវិកា​ដំណើរការ​របស់​ខ្លួន​ចាប់​ពី​ចុង​ឆ្នាំ​២០១១​នេះ​ប្រសិន​បើ​គ្មាន​ជំនួយ​ថ្មី​ធ្លាក់​មក​ទេ​នោះ។ យ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​២​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០០៨​ និង​សន្យា​ផ្តល់​៥​លាន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១១​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ